ទូរស័ព្ទដៃទំនើប បានផ្តល់មុខងារជាច្រើនដល់អ្នកប្រើប្រាស់ ដែលក្នុងនោះរួមមាន ការហៅចេញចូល ស្តាប់បទចម្រៀង និងមើលវីដេអូជាដើម។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ទូរស័ព្ទដៃទំនើបមានលទ្ធភាពក្នុងការប្រើប្រាស់ អីុនធឺណែតដើម្បីចូលទៅកាន់ កម្មវិធីមួយចំនួនដូចជា ហ្វេសប៊ុក ដើម្បីធ្វើការបញ្ជូនសារជាអក្សរ សម្លេង ឬរូបភាពទៅកាន់បុគ្គលដទៃទៀត។
ក្នុងសម័យបច្ចុប្បន្ននេះ ទូរស័ព្ទដៃទំនើបបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់បុគ្គលម្នាក់ៗ។ ជាលទ្ធផលមនុស្សគ្រប់រូបសុទ្ធតែ មានទូរស័ព្ទដៃទំនើបប្រើប្រាស់ ដោយសារមូលហេតុមួយចំនួនដូចជា ជម្រើសដ៏ច្រើននៃប្រភេទទូរស័ព្ទនៅលើទីផ្សារ គួបផ្សំជាមួយតម្លៃសមរម្យ និងមុខងារសំខាន់ៗដែលវាបានផ្តល់ឲ្យ។
បញ្ហារបស់ទូរស័ព្ទដៃទំនើប
បើទោះបីជាទូរស័ព្ទទំនើប បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក៏ដោយ ប៉ុន្តែវាក៏បានផ្តល់នូវផលអវិជ្ជមានជាច្រើនសម្រាប់អ្នកប្រើប្រាស់ផងដែរ។ យើងត្រូវដឹងថាទូរស័ព្ទដៃទំនើប មិនមែនបង្កើតឡើងក្នុងមុខងារសម្រាប់ការពារឯកជនភាព និងសុវត្ថិភាពរបស់អ្នកឡើយ។ ផ្ទុយទៅវិញ វាបានធ្វើឱ្យឯកជនភាពរបស់អ្នកត្រូវបានបាត់បង់តាមរយៈការប្រើប្រាស់អីុនធឺណែត។ ទូរស័ព្ទដៃទំនើបមើលទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែវាមិនដូចអ្វីដែលអ្នកគិតឡើយ។ បើសិនជាយើងប្រៀបធៀប កុំព្យូទ័រជាមួយទូរស័ព្ទដៃ យើងឃើញថាទូរស័ព្ទពិបាកក្នុងការតាមដានពីការឆ្លងមេរោគ (Infecting phones with malware) ហើយប្រព័ន្ធប្រើប្រាស់របស់វា ក៏មិនងាយស្រួលក្នុងការគ្រប់គ្រងជាងកុំព្យូទ័រផងដែរ។ លើសពីនេះទៀត វាក៏ពិបាកក្នុងការផ្លាស់ប្តូរ នូវប្រព័ន្ធដំណើររបស់វា (Operating System)។ ប៉ុន្តែអ្វីដែលជាបញ្ហាធំបំផុតរបស់ទូរស័ព្ទគឺ វាបង្កើតឱ្យមានភាពងាយស្រួល ក្នុងការតាមដានពីសំណាក់ ក្រុមហ៊ុនទូរស័ព្ទ និងជនទីបី ដោយប្រើប្រាស់ឧបករណ៍ទំនើបៗ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដើម្បីធ្វើការតាមដានសកម្មភាពនៅលើទូរស័ព្ទរបស់អ្នក។
១- ការតាមដានពីទីតាំងរបស់អ្នក (Location Tracking)
ដើម្បីធ្វើឲ្យទូរស័ព្ទរបស់អ្នកមានដំណើរការក្នុងការ ហៅចេញចូល និងប្រើអីុនធឺណែតបាន ដំបូងទូរស័ព្ទរបស់អ្នកត្រូវមានសេវាទូរស័ព្ទគ្រប់គ្រាន់។ ជាការពិតណាស់ សេវាទូរស័ព្ទត្រូវបានផ្តល់ឲ្យតាមរយៈអង់តែនដែលមាននៅជិតអ្នក។ នេះហើយជាមូលហេតុ ដែលជួនកាលទូរស័ព្ទរបស់អ្នក មិនសូវមានសេវា ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលនៅឆ្ងាយពីបង្គោលអង់តែន។
លើសពីនេះទៀត មុខងាររបស់សេវាទូរស័ព្ទ មានលក្ខណៈពិសេស លើសអ្វីដែលអ្នកបានគិត។ សេវាទូរស័ព្ទមានលទ្ធភាពក្នុងការតាមដាន និងកំណត់ទីតាំងរបស់អ្នកគ្រប់ពេលវេលា និងរាល់ទីកន្លែងដែលអ្នកបានទៅ។ ក្រុមហ៊ុនទូរស័ព្ទមានលទ្ធភាពពិនិត្យរាល់សកម្មភាពរបស់អ្នកនៅលើទូរស័ព្ទដូចជាការហៅចេញ ហៅចូល ការសន្ទនាគ្នា និងការផ្ញើសារតាមរយៈលេខទូរស័ព្ទផ្ទាល់ជាដើម។ ឧទាហរណ៍ ជាក់ស្តែងនៅប្រទេសអាល្លឺម៉ង លោក ម៉ាល់ស្ពីត បានប្រើប្រាស់ច្បាប់ស្តីពីឯកជនភាពដើម្បីប្តឹងទៅ ក្រុមហ៊ុនទូរស័ព្ទដើម្បីឲ្យ ពួកគេផ្ទេរនូវកំណត់ត្រាសកម្មភាពក្នុងប្រើប្រាស់ទូរស័ព្ទរបស់គាត់។ ជាចុងក្រោយ លោកស្ពីត បានចែករំលែកព័ត៌មានទាំងអស់នោះដើម្បីឲ្យសាធារណជនទូទៅយល់អំពីដំណើរការរបស់ក្រុមហ៊ុនទូរស័ព្ទក្នុងការតាមដានសកម្មភាព របស់អ្នកប្រើប្រាស់។
លើសពីនេះទៀត នៅក្នុងប្រទេសជឿនលឿនខ្លះទៀត គេបានប្រើប្រាស់ឧបករណ៍ដើម្បីប្រមូលព័ត៌មានពីទីកន្លែងរបស់ទូរស័ព្ទ។ ឧបករណ៍នោះមាន ឈ្មោះថា IMSI Catchers។ ឧបករណ៍នេះមានសមត្ថភាពក្នុងការក្លែងបន្លំជាអង់តែនទូរស័ព្ទ រួចភ្ជាប់ទៅកាន់ទូរស័ព្ទដែលនៅជិតវា។ ទន្ទឹមនឹងនេះ ឧបករណ៍នេះចាប់ផ្តើមធ្វើកំណត់ត្រារាល់សកម្មភាពទាំងអស់របស់ទូរស័ព្ទ។ក្នុងពេលបច្ចុប្បន្ននេះ គ្មានកម្មវិធីណាដែលទប់ស្កាត់ IMSI Catchers បានឡើយក្រៅពីផ្តាច់អីុនធឺណែត និង Roaming នៅក្នុងទូរស័ព្ទដើម្បីការពារក្នុង IMSI Catchers ក្នុងការភ្ជាប់ទូរស័ព្ទរបស់អ្នក។
២- ការបែកធ្លាយព័ត៌មានតាមរយៈកម្មវិធី (App) និង Web browsing
ទូរស័ព្ទទំនើប បានកំណត់ឲ្យទូរស័ព្ទ ទាំងអស់បង្ហាញពីទីតាំងតាមរយៈ GPS និង Location ជាដើម។ ក្នុងពេលបច្ចុប្បន្ននេះ ការប្រើប្រាស់កម្មវិធី (App) បានផ្សារភា្ជប់ជាមួយ ការទំនាក់ទំនង ការធ្វើដំណើរ ការលេងល្បែងកម្សាន្ត ការបញ្ជាទិញទំនិញ និងការប្រើប្រាស់សេវាកម្មផ្សេងៗ ជាមួយដើម។ ប៉ុន្តែដើម្បីទទួលបានសេវាកម្មទាំងនោះ ជួនកាលអ្នកត្រូវ ប្រាប់កម្មវិធីទាំងនោះ អំពីទីកន្លែងស្នាក់នៅរបស់អ្នក។ កម្មវិធី (App) ទាំងអស់នេះទទួលព័ត៌មានរបស់អ្នកបានតាមរយៈ ការឆ្លងកាត់តាមក្រុមហ៊ុនទូរស័ព្ទ។ នេះជាចំណុចមួយដែលបង្កើតជាឱកាស សម្រាប់ឱ្យជនទី៣ តាមដានពីទីតាំងរបស់អ្នក។ ដើម្បីទប់ស្កាត់នូវបញ្ហាមួយនេះ អ្នកគួរតែចៀសវាង ក្នុងការតម្លើង (Install) App ណាដែលអ្នកមិនចាំបាច់ក្នុងការប្រើប្រាស់ ហើយត្រូវប្រាកដថាកម្មវិធី (App) ដែលអ្នកបានតម្លើងគឺអាចទុកចិត្តបាន និងមានប្រភពច្បាស់លាស់ដូចជា ការដំឡើងពី Play Store និង App Store ជាដើម។ ម្យ៉ាងវិញទៀត អ្នកគួរតែបិទ Location ឬ GPS របស់អ្នកនៅពេលអ្នកឈប់ប្រើប្រាស់ App ទាំងនោះ។
៣- ការឃ្លាំមើលតាមរយៈកិច្ចសន្ទនានៅលើទូរស័ព្ទ
ប្រព័ន្ធទូរស័ព្ទទាំងអស់ មិនមែនបង្កើតឡើង ក្នុងគោលបំណងដើម្បីការពារអ្នកប្រើប្រាស់ ឬទប់ស្កាត់ពីការលួចស្តាប់ពីបុគ្គលទី៣ឡើយ។ ដូចេ្នះបានន័យថាប្រសិនបើ នរណាម្នាក់មានបច្ចេកវិទ្យា និងជំនាញគ្រប់គ្រាន់បុគ្គលនោះប្រាកដជាអាចមានលទ្ធភាពក្នុងការស្តាប់កិច្ចសន្ទនារបស់អ្នកបានជាមិនខាន។
យើងត្រូវដឹងថាការហៅចេញ ឬហៅចូល និងការផ្ញើសារតាមរយៈទូរស័ព្ទដៃ មិនមានសុវត្ថិភាពឡើយ។ របៀបទំនាក់ទំនងទាំងអស់នេះ បង្កើតជាឱកាសដល់ជនទី៣ ក្នុងការឃ្លាំមើលកិច្ចសន្ទនារបស់អ្នក។ ក្នុងពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាជាច្រើន ត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ ក្នុងការឃ្លាំមើលកិច្ចសន្ទនារបស់សាធារណៈជនទូទៅ។ កម្មវិធីទាំងនោះ ត្រូវបានភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យាមួយ ដែលមានឈ្មោះថា អ៊ីនគ្រីបសិន (Encryption)។ ដូចនេះនៅពេល ដែលអ្នកធ្វើការទំនាក់ទំនងគ្នាតាមប្រព័ន្ធអីុនធឺណែត ដោយប្រើប្រាស់កម្មវិធី ដែលមានអ៊ីនគ្រីបសិននេះ។ វាអាចធានានូវសុវត្ថិភាព និងឯកជនភាពរបស់អ្នក ព្រោះថាកម្មវិធីទាំងអស់នេះអាចផ្តល់នូវស្រទាប់ ការពារដែលមានប្រសិទ្ធភាព ក្នុងការជៀសវាងមិនឲ្យបុគ្គល ឬស្ថាប័នណាមួយលួចស្តាប់កិច្ចសន្ទនារបស់អ្នកបានឡើយ។
៤- ការឆ្លងមេរោគនៅក្នុងទូរស័ព្ទ
ទូរស័ព្ទអាចឆ្លងមេរោគបាន តាមរយៈការតម្លើងនូវកម្មវិធី ពីគេហទំព័រដែលមានប្រភពមិនច្បាស់លាស់។ ឧទាហរណ៍ កម្មវិធីមេរោគដែលនៅក្នុងទូរស័ព្ទអាចមើលកិច្ចសន្ទនា ឬ រូបភាពដែលមានក្នុងទូរស័ព្ទរបស់អ្នកបាន។ វាក៏អាចមានលទ្ធភាពក្នុងការបញ្ជាកាមេរ៉ា ឬម៉ៃក្រូហ្វូនរបស់ទូរស័ព្ទអ្នកឲ្យមានដំណើរការដោយខ្លួនឯងផងដែរ។ វិធីសាស្ត្រនេះត្រួវបានប្រើ នៅបណ្តាប្រទេសមួយចំនួនដើម្បីតាមដានសកម្មភាព នៅលើទូរស័ព្ទរបស់បុគ្គលសំខាន់ៗ នៅក្នុងប្រទេសពួកគេ។ ភាពមិនប្រក្រតីបែបនេះ បានធ្វើឲ្យសាធារណៈជនចាប់ផ្តើមមានភាពប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ទូរស័ព្ទ។ស្ថាប័នខ្លះបានណែនាំឲ្យយក ទូរស័ព្ទដាក់ក្រៅបន្ទប់ប្រជុំ ឬបិទទូរស័ព្ទតែម្តង ក្នុងករណីមានកិច្ចពិភាក្សាសំខាន់ៗ។
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280
>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101