ការបែកធ្លាយទិន្នន័យរបស់ក្រុមហ៊ុន SingTel ក្នុងឆ្នាំ២០២១ នេះ
បើតាមរបាយការណ៍ដែលចេញផ្សាយថ្មីៗនេះដោយ Singtel បានឱ្យដឹងថា ក្រុមហ៊ុនបាននឹងកំពុងធ្វើការស៊ើបអង្កេតទៅលើឧប្បទេវហេតុសន្តិសុខសាយប័រដែលពាក់ព័ន្ធទៅនឹងការបែកធ្លាយទិន្នន័យអតិថិជនរបស់ខ្លួន។ Singtel គឺជាក្រុុមហ៊ុនទូរគមនាគមន៍មួយដ៏ធំក្នុងតំបន់អាស៊ី ដែលទទួលបានអាជ្ញាប័ណ្ណទូរគមនាគមន៍ នៅក្នុងប្រទេសសឹង្ហបុរីផងដែរ។
Singtel ត្រូវបានជូនដំណឹងអំពីបញ្ហានេះដោយក្រុមហ៊ុន Accellion ដែលការលួចទិន្នន័យទាំងនោះ (data breach) អាចកើតមានឡើងដោយមូលហេតុប្រព័ន្ធចែករំលែកឯកសាររបស់ខ្លួនមានកំហុសឆ្គង ដែលត្រូវបានហេគចូលដោយចោរបច្ចេកវិទ្យា។ ក្រុមហ៊ុន Singtel បានធ្វើការពន្យល់ថា វាគឺជាប្រព័ន្ធដំណើរការតែឯង (standalone) ហើយត្រូវបានប្រើប្រាស់ដើម្បីធ្វើការចែករំលែកព័ត៌មានទាំងក្នុង និងជាមួយភាគីខាងក្រៅ។
Singtel ប្រើប្រាស់ប្រព័ន្ធចែករំលែកទិន្នន័យរបស់ក្រុមហ៊ុន Accellion គឺស្របច្បាប់ត្រឹមត្រូវ ហើយដែលទទួលបានការគាំទ្របច្ចេកទេសរហូតដល់ខែមេសា ឆ្នាំ២០២១។ នៅក្នុងពាក់កណ្តាលខែធ្នូ ក្រុមហ៊ុន Accellion បានធ្វើការជួសជុលកំហុសឆ្គងដែលមាននៅក្នុងប្រព័ន្ធរបស់ខ្លួន ក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីមានការជូនដំណឹងអំពី Zero day។
ក្រុមហ៊ុន Accellion ក៏បានចេញផ្សាយសេចក្តីជូនដំណឹងរួចរាល់ផងដែរអំពីបញ្ហានេះ នៅក្នុងវេបសាយរបស់ខ្លួន។ ផលិតផលដែលរងគ្រោះនោះគឺមានអាយុកាលប្រើប្រាស់រយៈពេល ២០ឆ្នាំ ដែលខិតជិតដល់ពេលអស់អាយុកាលទៅហើយ (end-of-life)។ ទោះបីជាផលិតផលនេះស្ថិតនៅក្នុងការគាំទ្ររបស់ខ្លួនក៏ដោយ ក៏ក្រុមហ៊ុនបានជំរុញឱ្យអ្នកប្រើប្រាស់ធ្វើការ upgrade ទៅកាន់ជំនាន់ថ្មី។
បើតាមការចេញផ្សាយរបស់ CNA បានឱ្យដឹងថា នៅក្នុងឧប្បទេវហេតុសន្តិសុខសាយប័រខាងលើនេះ ព័ត៌មានផ្ទាល់ខ្លួនអតិថិជនប្រមាណជា ១២៩,០០០នាក់ ត្រូវបានលួច ដែលក្នុងនោះរួមមានព័ត៌មាន NRIC និងឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ និងអាស័យដ្ឋាន។ បន្ថែមទៅលើនេះ ព័ត៌មានអំពីគណនីធនាគារ នៃអតីតបុគ្គលចំនួន ២៨នាក់របស់ Singtel និងព័ត៌មានលំអិតកាតក្រេឌីដចំនួន ៤៥នាក់ នៃអតិថិជនរបស់ Singtel ក៏ត្រូវបានលួចផងដែរ។
ក្រុមហ៊ុនបានចាប់ផ្តើមធ្វើការជូនដំណឹងទៅកាន់បុគ្គលទាំងឡាយណាដែលរងផលប៉ៈពាល់ រួមទាំងសហគ្រាសនានា ដើម្បីជួយដល់ពួកគេក្នុងការគ្រប់គ្រងទៅលើហានិភ័យនានា ដែលពាក់ព័ន្ធ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Singtel ក៏បានចេញមុខសូមទោសផងដែរចំពោះផលប៉ៈពាល់ដែលកើតមានឡើង៕