អ្នកស្រាវជ្រាវសន្តិសុខសាយប័របានបញ្ចេញនូវការរកឃើញភាពងាយរងគ្រោះថ្មីមួយ (new vulnerability) មានលេខកូដ CVE-2020-11292 នៅក្នុងឈីប Qualcomm (Qualcomm’s mobile station modems – MSM) ដែលអាចមានលទ្ធភាពអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការដាក់បញ្ចូលមេរោគចូលទៅក្នុងឧបករណ៍ដំណើរការជាមួយ Android រួចធ្វើការអាក់េសសទៅកាន់សារ SMS និងស្តាប់នូវសំលេងនៃការសន្ទនា – នេះបើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Check Point ។
ឈីបរបស់ក្រុមហ៊ុន Qualcomm ត្រូវបានដំណើរការនៅលើស្មាតហ្វូនប្រមាណជា ៤០ភាគរយ ដោយរួមមាន Google, Samsung, LG, Xiaomi និង One Plus។ ក្រុមហ៊ុន Check Point បានជូនដំណឹងដល់ក្រុមហ៊ុន Qualcomm នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ហើយក៏បានជូនដំណឹងទៅកាន់ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងនោះផងដែរ។
ក្រុមហ៊ុន Qualcomm បានឱ្យដឹងថា “សន្តិសុខ និងឯកជនភាពគឺជាកិច្ចការអាទិភាពសម្រាប់ Qualcomm ដើម្បីគាំទ្រដល់បច្ចេកវិទ្យាថ្មីៗរបស់ខ្លួន”។ ក្រុមហ៊ុន Qualcomm បានជួសជុលបញ្ហានេះនៅក្នុងខែធ្នូ ២០២០ រួចទៅហើយ។ អ្នកប្រើប្រាស់ត្រូវធ្វើការអាប់ដេតទៅលើឧបករណ៍របស់ខ្លួន នៅពេលណាដាក់ឱ្យទាញយក។
នេះមិនមែនជាលើកទី១ទេ ដែលចំនុចងាយរងគ្រោះធ្ងន់ធ្ងរត្រូវបានរកឃើញនៅក្នុងឈីបរបស់ Qualcomm។ ក្នុងខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Check Point ក៏បានរកឃើញនូវបញ្ហាសន្តិសុខច្រើនជាង 400 ចំនុច ហៅរួមគ្នាថា “Achilles” ៕