ថ្មីៗនេះ ក្រុមហ៊ុន McDonald’s បានធ្វើការជូនដំណឹងអំពីការវាយប្រហារសាយប័រលួចទិន្នន័យនៅក្នុងសហរដ្ឋអាមេរិក តៃវ៉ាន់ និងចិន នេះបើតាមរបាយការណ៍ពី Wall Street Journal ។ ក្រុមហ៊ុនក៏បានធ្វើការជួលអ្នកវិភាគសន្តិសុខសាយប័រ ដើម្បីធ្វើការវិភាគទៅលើសកម្មភាពនានានៅក្នុងប្រព័ន្ធរបស់ខ្លួនផងដែរ។
មិនមានទិន្នន័យអតិថិជននៅក្នុងសហរដ្ឋអាមេរិក ត្រូវបានលួចយកនោះទេ ហើយទិន្នន័យរបស់បុគ្គលិកដែលត្រូវបានលួចយកនោះគឺមិនជាសំងាត់នោះទេ។ ទិន្នន័យអតិថិជននៅប្រទេសកូរ៉េ និងតៃវ៉ាន់ត្រូវបានអាក់េសសដោយចោរព័ត៌មានវិទ្យា ហើយក៏មានទិន្នន័យរបស់បុគ្គលិកនៅក្នុងប្រទេសតៃវ៉ាន់ផងដែរ។ ក្រុមហ៊ុនមិនទាន់បានកំណត់ឱ្យបានច្បាស់អំពីប្រភពនៃការវាយប្រហារនោះទេ។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនផលិតឡានដ៏ល្បី Volkswagen ក៏បានបញ្ចេញព័ត៌មានឱ្យដឹងអំពីការវាយប្រហារលួចទិន្នន័យផងដែរ ដែលប៉ៈពាល់ទៅដល់អតិថិជនប្រមាណជា 3,3លាននាក់។ ផលប៉ៈពាល់មួយភាគធំនោះគឺទៅលើអតិថិជន Audi ដែលក្នុងនោះមាន 163,000 នៅប្រទេសកាណាដា និងសល់ប៉ុន្មានគឺនៅក្នុងសហរដ្ឋអាមេរិក។
ទិន្នន័យដែលត្រូវបានប្រើប្រាស់សម្រាប់ការលក់ និងម៉ាឃីតធីងក្នុងចន្លោះឆ្នាំ២០១៤ និង២០១៩ ត្រូវបានរក្សាទុកដោយមិនមានការពារត្រឹមត្រូវ ហើយអាចអាក់េសសពីអុីនធឺណិតបានក្នុងពេលមួយនៅចន្លោះពីខែសីហា ២០១៩ ដល់ខែឧសភា ២០២១ ហើយដែលពេលវេលាពិតប្រាកដមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
ដៃគូពាណិជ្ជកម្មត្រូវបានគេកំណត់ថាជាប្រភពនៃការលួចនេះ ក៏ប៉ុន្តែក្រុមហ៊ុនណាមួយនោះមិនត្រូវបានឱ្យដឹងឡើយ។ Audi និង Volkswagen ត្រូវបានគេជូនដំណឹងកាលពីថ្ងៃទី១០ ខែមិនា ថា មានភាគីទីបីធ្វើការអាក់េសសទៅលើព័ត៌មានដោយមិនមានការអនុញ្ញាត។
ទាំង Audi និង Volkswagen បានកំពុងធ្វើការជាមួយអ្នកជំនាញផ្នែកសន្តិសុខសាយប័រដើម្បីធ្វើការអាក់េសស និងឆ្លើយតបទៅនឹងស្ថានការណ៍ ហើយក៏បានដាក់ចេញនូវវិធានការចាំបាច់នានាដើម្បីដោះស្រាយបញ្ហាជាមួយនឹងដៃគូពាណិជ្ជកម្មពាក់ព័ន្ធផងដែរ៕