គណនាល្បឿន LTE downlink peak data rate (estimated calculation)

១-និយមន័យមួយចំនួន

– Resource Element (ធាតុផ្សំជាធនធាន): គឺជាឯកតាតូចបំផុតមួយនៃធនធានសំរាប់ការបញ្ជូនក្នុង downlink និង uplink។ RE មួយត្រូវបានកំនត់និយមន័យថាជារលក sub-carrier មួយក្នុងដែនប្រេកង់លើ (ត្រូវគ្នានឹង) និមិត្តសញ្ញា OFDM symbol មួយនៅក្នុងដែនពេល (time domain) ។

– Sub-carrier spacing (គំលាតរវាងរលកនាំ): គឺជាគំលាតរវាងរលក sub-carrier និមួយៗ, នៅក្នុង LTE រលក sub-carrier និមួយៗមានគំលាត 15 KHz។ ដោយសារគេប្រើគំលាតពេលសុវត្ថិភាព (guard interval) មួយហៅថាបុព្វបទ Cyclic Prefix (CP) នៅក្នុង time domain ដូច្នេះគេមិនចាំបាច់ប្រើគំលាតប្រេកង់សុវត្ថិភាព (frequency guard) រវាងបណ្តារលក sub-carrier ទាំងនោះទេ។

– Slot (ចន្លោះពេល): ជារយះពេល 0.5 មីលីវិនាទី (ms) នៃ LTE frame ដែលត្រូវគ្នានឹងនិមិត្តសញ្ញា OFDM ចំនួន 7 (រួមមាន 7 CPs) ក្នុងករណីប្រើ CP ធម្មតាដែលមានរយះពេល4.69 មីក្រូវិនាទី (microsecond), ហើយត្រូវគ្នានឹងនិមិត្តសញ្ញា OFDM ចំនួន 6 (រួមមាន 6 CPs) នៅពេលប្រើ CP ពង្រីក (រយះពេល 16.7 មីក្រូវិនាទី) ។

– Resource Block (ប្លុកធនធានបញ្ជូន) 

គឺជាឯកតាធនធានសំរាប់ការបញ្ជូនមួយដែលរួមមានបណ្តា sub-carriers ជាប់ៗគ្នាចំនួន 12 គិតនៅក្នុង frequency domain (គំលាតបង់សរុបក្នុងមួយ Resource Block ស្មើ 12 x 15 KHz = 180 KHz) និង time slot មួយ (0.5 ms) គិតក្នុង time domain។ ដូច្នេះ sub-carriers ចំនួន 12 x 7 symbols = 84 Resource Elements (ឯកតាធាតុផ្សំនៃធនធានចំនួន 84) ក្នុងករណីប្រើ CP ធម្មតា, បង្កើតបានជា Resource Block មួយ។ ករណីប្រើ CP ពង្រីក, មាន Resource Elements (RE) ចំនួន 72។

– LTE sub-frame រឺ TTI (គំលាតពេលនៃការបញ្ជូន) មាន time slots ពីរ (2 x 0.5 ms = 1 ms) ដែលត្រូវគ្នានឹងនិមិត្តសញ្ញា OFDM ចំនួន 14។

– Scheduling (គម្រោងចាត់ចែងធនធានបញ្ជូន):
គឺជាលំនាំដំនើរការដែលតាមរយះនោះ eNodeB នឹងសម្រេចថាតើ UEs មួយណាត្រូវបានផ្តល់អោយនូវធនធាន RBs, តើចំនួនធនធាន RBs ច្រើនប៉ុណ្នានឹងត្រូវផ្តល់អោយដើម្បីបញ្ជូន រឺទទួលទិន្នន័យ។ ក្នុង LTE, scheduling ត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋានមួយ sub-frame ៗ ពោលគឺរៀងរាល់មួយមីលីវិនាទី (1 ms) ម្តង ។ អ្នកដែលគ្រប់គ្រងដំនើរការនេះហៅថា scheduler។ ដូច្នេះscheduling block (ប្លុកនៃគម្រោងចាត់ចែងធនធាន) មួយត្រូវគ្នានឹង resource block មួយដែលមានគំលាតបង់ 180 KHz គិតក្នុង frequency domain និង 1 ms (2 time slot រឺ 14 OFDM symbols) គិតក្នុង time domain មានន័យថាបណ្តា resource blocks ត្រូវបានចែកចាយជាគូៗគិតតាមដែន time-domain ដោយ scheduler នេះ។

– មាន resource blocks ចំនួន 6, 15, 25, 50, 75, និង 100 ដែលត្រូវគ្នានឹងគំលាតបង់កាណាល់ 1.4, 3, 5, 10, 15, និង 20 MHz ដោយឡែកពីគ្នា។ 

២-ទំនាក់ទំនងគំលាតបង់និង scheduling block

-10% នៃគំលាតបង់សរុបនឹងត្រូវបានចាត់ចែងធ្វើជាគំលាតគំលាតបង់សុវត្ថិភាព

-ឧទាហរណ៍គំលាតបង់ 20 MHz, 10% នៃ 20 MHz = 2 MHz ដែលនឹងត្រូវប្រើសំរាប់ធ្វើជាគំលាតបង់សុវត្ថិភាព, ដូច្នេះគំលាតបង់ប្រសិទ្ធិមាន 20 MHz -2 MHz=18 MHz

– ចំនួន sub-carriers = 18 MHz/15 KHz = 1200

– ចំនួន scheduling Blocks= 18 MHz/180 KHz = 100 (180 KHz ជាគំលាតបង់ក្នុងមួយប្លុក)

៣-គណនាល្បឿនទិន្នន័យក្នុង physical layer

ឧទាហរណ៍: 

គណនាល្បឿន downlink throughput អតិបរមានៃ LTE cell មួយដែលមានគំលាតបង់ 20 MHz, 256 QAM modulation និង 4×4 MIMO (4T4R) ជាមួយនឹងបុព្វបទ cyclic prefix ធម្មតា (one slot=7 symbols):

– គំលាតបង់ 20 MHz ត្រូវគ្នានឹង scheduling block រឺ resource block ចំនួន 100 ដោយគិតដល់និមិត្តសញ្ញា OFDM ចំនួន 14 ក្នុង sub-frame និមួយៗ។

– 256 QAM modulation មានន័យថាក្នុងមួយនិមិត្តសញ្ញា (symbol), និមួយៗអាចពាំនាំពត៌មានបានចំនួន 8 bits

-ដំបូងគណនាចំនួន resource element (RE) ដែលមាននៅក្នុង sub-frame មួយ (sub-frame មានរយះពេល 1 ms): 12 Sub-carriers x 7 OFDMA Symbols x 100 Resource Blocks x 2 slots = 16800 REs/1 ms

– ល្បឿនទិន្នន័យ (data rate) ក្នុងមួយ sub-frame (1ms) = 16800 x 8 bits = 134 400 bits/ms រឺ 134 400 000 bits /s រឺ 134.4 Mbps

-សំរាប់ប្រព័ន្ធអង់តែន 4×4 MIMO, ល្បឿនសរុបគឺ 4 x 134.4 Mbps = 537.6 Mbps។

– ដក 25% ចេញពីល្បឿនដែលបានគណនាខាងលើសំរាប់ពត៌មាន overhead ទាំងឡាយដែលទាក់ទងនឹងពត៌មាន control signaling ដូចជាការណាល់ PDCCH, PBCH, ស៊ីញ៉ាល់យោង, ស៊ីញ៉ាល់សាំងក្រូន, ព្រមទាំងពត៌មាន coding មួយចំនួន, ល្បឿនទិន្នន័យប្រសិទ្ធិ (effective data rate) ប្រហាក់ប្រហែលទទួលបានគឺ 75% x 537.6 = 403.2 Mbps។

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ

Exit mobile version