GeneralKnowledgeSecurity NewsSecurity Tips

គន្លឹះជួយអ្នកឱ្យមានសុវត្ថិភាពនៅលើអុីនធឺណិត

ISAC Cambodia (InfoSec)

អុីន​ធឺណិត​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​ក្នុង​យុគសម័យ​ឌីជីថល​នេះ​។ តាម ស្ថិតិ​ដែល​ចេញ​ផ្សាយ​ដោយ​ Geek Cambodia ក្នុង​ឆ្នាំ​២០១៩​ បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រ​ជា​ជន​សរុប​១៦.៤៨លាន​នាក់​ ចំនួន​អ្នក​ប្រើ​ហ្វេស​ប៊ុក​មាន​រហូត​ដល់​ជិត៩​លាន​គណនី​ (៨,៨០០,០០០) ស្មើ​នឹង​ ៥៣.៣៩%។ ក្រៅ​ពី​ហ្វេស​ប៊ុក មាន​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត​ដូច​ជា Instagram YouTube TikTok និង​ការ​ប្រើ​អុីន​ធឺណិត​ជា​ទូ​ទៅ​ក៏​មាន​ការ​កើន​ឡើង​ដែរ។​ ខាង​ក្រោម​នេះ​ជា​គន្លឹះ​​ណែ​នាំ​ខ្លះៗ​​ដែល​​អាច​​ជួយ​​អ្នក​​ឱ្យ​​មាន​​សុវត្ថិភាព​នៅ​លើ​អុីន​ធឺណិត​៖​

១- ប្រើ​ពាក្យ​សម្ងាត់​រឹងមាំ​​ (Strong Password)
អ្នក​​ត្រូវ​​ប្រាកដ​​ថា​​ អ្នក​បាន​​បង្កើត​​ពាក្យ​​សម្ងាត់​​ដែល​​រឹង​​មាំ និង​​ខុសៗ​គ្នា​ (strong and unique password) សម្រាប់​​គណនី​​និមួយៗ​​របស់​​អ្នក​។ វា​​ពិត​​ជា​​មាន​​គ្រោះ​​ថ្នាក់​​ខ្លាំង​​ណាស់​​ក្នុង​​ការ​​ប្រើ​​ពាក្យ​​សម្ងាត់​​ដូច​​គ្នា​​នៅ​​លើ​​គណនី​​ច្រើន​​។​ ឧទាហរណ៍​ អ្នក​​ប្រើ​​ពាក្យ​​សម្ងាត់​​តែ​​មួយ​​លើ​​គណនី​​ហ្វេស​​ប៊ុក​​ និង​អុី​មែល​​ ប្រ​សិន​​បើ​​ពាក្យ​​សម្ងាត់​​របស់​​អ្នក​​លើ​​គណនី​​ណា​​មួយ​​ត្រូវ​​បាន​​គេ​​លួច​ ពាក្យ​ស​ម្ងាត់​​នោះ​​អាច​​ត្រូវ​​បាន​​ប្រើ​​ដើម្បី​​ចូល​​ទៅ​​កាន់​​គណនី​​របស់​​អ្នក​​ផ្សេង​​ទៀត​​។

២- ប្រើ​មុខ​ងារ​សុវត្ថិភាព​២​ជាន់ ​(2 Factor Authentication – 2FA)
ទោះ​បី​ជា​ពាក្យ​សម្ងាត់​គណនី​របស់​អ្នក​ត្រូវ​គេ​ដឹង​ ឬ​ត្រូវ​បាន​បំបែក​ដោយ​ចោរ​នៅ​លើ​អីុន​ធឺ​ណិត (hacker) ក៏​ដោយ ​ក៏​ពួក​គេនៅ​មិន​ទាន់​អាច​ចូល​ទៅ​ប្រើ​គណនី​របស់​អ្នក​បាន​ដែរ​ ប្រសិន​បើ​អ្នក​បាន​ប្រើ​មុខ​ងារ​ពីរ​ជាន់​នេះ​។ មុខ​ងារ​នេះ ​តម្រូវ​ឱ្យ​អ្នក​ដែល​ចូល​ប្រើ​គណនី​របស់​អ្នក​ វាយ​បញ្ចូល​លេខ​កូដ​ម្តង​ទៀតដើម្បី​ផ្ទៀង​ផ្ទាត់​ ដែល​លេខ​កូដ​នោះ​នឹង​ផ្ញើ​ទៅ​កាន់​ទូរស័ព្ទ​ដៃរបស់​អ្នក​ ដើម្បី​បញ្ជាក់​ថា ​អ្នក​ចូល​​ប្រើ​នោះ​​​ជា​ម្ចាស់​គណនី​ពិត​ប្រាកដ​ឬ​អត់។ គេហ​ទំព័រ twofactorauth.org ជា​គេហទំព័រ​ដែល​អាច​ឱ្យ​អ្នក​ពិនិត្យ​មើល​ថា​តើ​សេវា​កម្ម​ ឬ​គេហទំព័រ​ណា​ខ្លះ​មាន​មុខ​ងារ​សុវត្ថិភាព​ពីរ​ជាន់ ឬ 2 Factor Authentication នេះ។

៣- ធ្វើ​បច្ចុប្បន្ន​ភាព (Update)
ប្រ​សិន​បើកម្មវិធីរុករក (Browser) ប្រព័ន្ធ​ប្រតិបត្តិការ (Operating System) និង​កម្មវិធីផ្សេងៗ​ (Software / App) ហួស​សម័យ ឬមិន​បានធ្វើ​បច្ចុប្បន្នភាពទេ នោះក្រុមចោរ​នៅ​លើ​អីុន​ធឺ​ណិតអាច​ធ្វើ​ការ​វាយ​ប្រហារ​តាម​រយៈ​កម្មវិធី​ទាំងនោះបាន។ ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នឹង​ធ្វើ​ឱ្យ​ឧបករណ៍​របស់​អ្នក​ដំណើរ​ការ​បាន​ល្អ​ប្រសើរ​​ និង​មាន​សុវត្ថិភាព​ជាងមុន ដោយ​វា​នឹងធ្វើ​ការ​ជួស​ជុលចំណុច​ខ្សោយ​របស់កម្មវិធី និងបន្ថែម​មុខងារសុវត្ថិភាព​ថ្មីៗនៅលើកម្មវិធីទាំង​​​នោះ។ សូម​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រព័ន្ធ​ប្រតិបត្តិការ​ និង​គ្រប់​កម្មវិធី​ដែល​មាន​នៅ​ក្នុង​កុំព្យូទ័រ​ និង​ទូរ​ស័ព្ទ​អ្នក​។ វីឌីអូពី​របៀប​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នៅ​លើ​ទូរស័ព្ទ​ Android។ ការ​ធ្វើ​បច្ចុប្បន្នភាព​ (update) អាច​ជួយការ​ពារ ការវាយ​ប្រហារ​នៅ​​លើ​អីុន​ធឺណិតបាន​មួយ​កម្រិត​ធំ​ដែរ។

៤- ប្រុង​ប្រយ័ត្នមុន​នឹងចុច​លើតណភ្ជាប់ ឬឯកសារ​ភ្ជាប់​ដែល​គួរ​ឱ្យ​សង្ស័យ
ក្រុម​ចោរ​នៅលើ​អីុន​ធឺណិត (Hacker) ​អាចផ្ញើ​​សារ​មក​អ្នកតាម​រយៈ​អុីមែល ហ្វេសប៊ុក ជា​ដើម។​ ពួក​គេ​អាច​បន្លំ​ខ្លួន​ជា​តំណាង​ក្រុម​ហ៊ុន ស្ថាប័ន​ ជា​មិត្ត​ភក្តិ​ ក្រុម​គ្រួសារ ហើយ​ធ្វើការ​ណែ​នាំ ឬលួង​លោម​អ្នក​ឱ្យ​ចុច​លើ​តំណ​ភ្ជាប់ (Link)​ ឯក​សារ​ភ្ជាប់ (Attached file)​ ឱ្យ​ទាញ​យក​កម្មវិធី​ ឬ​ចូល​ទៅ​កាន់គេហទំព័រណាម​ួយ ក្នុង​គោល​បំណង​វាយ​ប្រហារ​អ្នក។ អ្នក​អាច​នឹង​បាត់បង់​គណនី​ ឬឆ្លង​មេរោគ​ចូល​​ទៅ​ក្នុង​ឧបករណ៍​ ប្រសិន​បើ​អ្នក​ចុច​លើ​តំណភ្ជាប់ទាំងនោះ។ សូម​កុំ​ចុច​បើក​តំណ​ភ្ជាប់ ឬ​ឯកសារ​ភ្ជាប់​ភ្លាមៗ​បើមាន​ការសង្ស័យ។ សម្រាប់​តំណភ្ជាប់ អ្នក​អាចចុចម៉ៅ​ខាងស្តាំ (Right Click) បន្ទាប់​មកថត​ចម្លង (Copy Link Location) ហើយ​យកវា​ទៅ​ស្កេន​នៅ​ក្នុង​គេហទ​ំព័រ https://www.virustotal.com/​។ អ្នក​ក៏​អាច​ធ្វើ​ការ​ស្កេន​ឯកសារ​ផ្សេងៗ​បើ​អ្នក​សង្ស័យ​ថា​មាន​មេរោគ​ ដោយ​ប្រើគេហទំព័រ​នេះ​ផងដែរ។

៥- ប្រុង​ប្រយ័ត្ន​ក្នុងការ​ភ្ជាប់​​អីុន​ធឺណិត​នៅ​ទីសាធារណៈ (Public Wi-Fi)
អីុន​ធឺណិត​នៅ​ទី​សា​ធារណៈ​ដូច​ជា​នៅ​ផ្ទះ​សំណាក់​ សណ្ឋា​គារ​ ហាង​កាហ្វេ​ ព្រលាន​យន្ត​ហោះ​ ឬ​ទី​កន្លែង​សារណៈ​ផ្សេងៗ​ ជា​ទូទៅ​មិន​មាន​សុវត្ថិភាព​នោះ​ទេ។ ជន​ខិល​ខូច​អាច​បង្កើតឈ្មោះ​ Wi-Fi ឱ្យ​ស្រដៀង​នឹង​ Wi-Fi ដែល​នៅ​កន្លែង​សាធារណៈនោះ។ អ្នក​អាច​ភ្ជាប់​ទៅ​កាន់​បណ្តាញ​របស់​​គេ​ ដោយ​មិន​មាន​ការ​ចាប់​អារម្មណ៍។ នៅ​ពេលដែល​អ្នក​ភ្ជាប់​ទៅកាន់បណ្តាញ​របស់​ពួក​គេ គេអាច​នឹង​ប្រើ​វិធី​ផ្សេងៗ​​ដើម្បី​វាយប្រ​ហារ​អ្នក ឧ​ទាហរណ៍ដូចជា ផ្ញើតំណភ្ជាប់​ឱ្យ​អ្នកធ្វើ​ការ​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់លើ​គណនី​ណាមួយ ដើម្បី​លួច​ពាក្យ​សម្ងាត់​អ្នក ជ្រៀត​ចូល​​ដាក់​​មេរោគ​ក្នុងឧបករណ៍អ្នក បញ្ជាកុំព្យូទ័រអ្នក​ពីចំងាយ និង​ធ្វើ​ការ​តាមដាន​សកម្ម​ភាពនៃការ​ប្រើអុី​នធឺណិត​របស់អ្នក​ជាដើម។ អ្នក​គួរ​តែប្រើកញ្ចប់​ទិន្នន័យ​អុីន​ធឺណិត​ក្នុងទូរស័ព្ទ (Mobile Data) ឬប្រ​សិន​បើ​ចៀស​មិន​រួច​ត្រូវ​តែ​ប្រើអីុន​ធឺណិត​នោះ​ អ្នក​គួរ​ប្រើ​វីភីអិន (VPN) មាន​ដូច​ជា​កម្មវិធី​ Psiphon ជា​ដើម។

៦- លុប​កម្មវិធី​ដែល​មិន​ប្រើ​ ឬ​មិន​ចាំ​បាច់​ចោល​
នៅ​ពេល​ដែល​កម្មវិធី​ជា​ច្រើន​ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​ឧបករណ៍​របស់​អ្នក​ នោះ​វា​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​មាន​ហានិភ័យ​កាន់​តែ​ច្រើន​ដែរ។​ អ្នក​គួរ​តែ​ដំឡើង​តែ​កម្មវិធី​ណា​ដែល​ចាំ​បាច់​ប្រើ ​លុប​កម្មវិធី​ដែល​មិន​ប្រើ ឬ​មិន​ចាំ​បាច់​ចោល និង​ដំឡើង​តែ​កម្មវិធី​ដែល​មាន​ប្រភព​ច្បាស់​លាស់។ សម្រាប់​ទូរស័ព្ទ​អែន​ដ្រយ (Android) ប្រភព​ដែល​មាន​សុវត្ថិភាព​គឺ Google Play Store ចំណែក​ឯ​ទូរស័ព្ទ​ iPhone គឺ​ App Store។


សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button