ចោរបច្ចេកវិទ្យាកែប្រែកម្រិតជាតិគីមីនៅក្នុងប្រព័ន្ធចែកចាយទឹកស្អាត
បើតាមព័ត៌មានពី Tampa Bay Times បានឱ្យដឹងថា ចោរបច្ចេកវិទ្យា ឬហេគឃ័របានវាយលុកដោយជោគជ័យចូលក្នុងប្រព័ន្ធកុំព្យូទ័រ ហើយធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធចែកចាយទឹក (water treatment) នៅក្នុងទីក្រុង Oldsmar របស់រដ្ឋ Florida។ ចោរបច្ចេកវិទ្យាមានលទ្ធភាពក្នុងការបញ្ជាពីចំងាយទៅលើប្រព័ន្ធកុំព្យូទ័រ ហើយបានធ្វើការផ្លាស់ប្តូរកំរិតជាតិគីមីនៅក្នុងទឹកស្អាត ដោយការបង្កើននូវ Sodium Hydroxide ។
សារធាតុ Sodium Hydroxide ដែលយើងស្គាល់ជាទូទៅថា lye ត្រូវបានប្រើប្រាស់នៅក្នុងទឹកស្អាត ដើម្បីធ្វើការគ្រប់គ្រងទៅលើកំរិតអាស៊ីត ក៏ប៉ុន្តែប្រសិនបើលើសនោះវាអាចមានគ្រោះថ្នាក់ដល់មនុស្ស។
ទោះបីជាមិនមាននរណាម្នាក់រងគ្រោះថ្នាក់ដោយសារបញ្ហានេះក៏ដោយ ឧប្បទេវេហេតុមួយនេះ គឺជាឧទាហរណ៍ដែលចោរបច្ចេកវិទ្យាមានគោលដៅវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសារវន្ត័។ អាជ្ញាធរមានសមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេតទៅលើបញ្ហានេះ ដោយសហការណ៍ជាមួយនឹង FBI និង Secret Service។ បណ្តាទីក្រុងនៅជិតៗនោះ ក៏ត្រូវបានជូនដំណឹងផងដែរអំពីបញ្ហាឧប្បទេវេហេតុនេះ ដើម្បីចាត់វិធានការណ៍ចាំបាច់ផងដែរ។
នេះមិនមែនទើបតែជាឧប្បទេវហេតុលើកដំបូងនោះទេ។ កាលពីពេលកន្លងទៅនេះ ប្រព័ន្ធគ្រប់គ្រងចែកចាយទឹកស្អាតរបស់រដ្ឋ Illinois ត្រូវបានវាយប្រហារពីសំណាក់ចោរបច្ចេកវិទ្យា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។
មានសេចក្តីសង្ខេបថា អ្នកដំណើរការប្រព័ន្ធចែកចាយទឹកស្អាតបានកំពុងធ្វើការឃ្លាំមើលប្រព័ន្ធវេលាម៉ោង ៨ព្រឹក កាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅេនះ ហើយបានកត់សំគាល់ថា មានការអាក់េសសចូល។ គាត់មិនបានចាប់អារម្មណ៍ពីបញ្ហានេះឡើយ ដោយសារតែថ្នាក់លើរបស់គាត់ជារឿុយៗធ្វើការអាក់សេសចូលប្រព័ន្ធពីចំងាយ។
ក៏ប៉ុន្តែនាថ្ងៃដដែលវេលាម៉ោង 1:30នាទីរសៀល មានការអាក់សេសម្តងទៀត ដោយបានធ្វើការគ្រប់គ្រងទៅលើ Mouse របស់កុំព្យូទ័រ ហើយបានចុចចូលទៅកាន់សុសវែរគ្រប់គ្រងគុណភាពទឹកអស់រយៈពេល ៣ ទៅ ៥នាទី ហើយធ្វើការបង្កើនចំនួន sodium hydroxide ពី 100 parts ក្នុង 1លាន ទៅកាន់ 11,100 part ក្នុង 1លាន។
បន្ទាប់មកចោរបច្ចេកវិទ្យាបានចាកចេញពីប្រព័ន្ធ ហើយអ្នកប្រតិបត្តិការប្រព័ន្ធបានចាប់ផ្តើមធ្វើការផ្លាស់ប្តូរវាត្រលប់មកធម្មតាវិញ។
អ្នកអាចធ្វើការទស្សនាវីដេអូខាងក្រោម ដែលជាសេចក្តីថ្លែងការអំពីបញ្ហាដែលកើតមានឡើង៖