ISAC Cambodia (InfoSec)
GeneralSecurity News

ប្រទេសអង់គ្លេសនិយាយថា ចារកម្មយោធារបស់ប្រទេសរុស្ស៊ី (GRU) នៅពីក្រោយការវាយប្រហារតាមអុិនធឺណិតដ៏ធំទៅលើប្រទេសហ្សកហ្ស៊ី

តាមប្រភពព័ត៌មានពី ​BBC បានឱ្យដឹងថា ការវាយប្រហារតាមអុិនធឺណិតដ៏ធំមួយ ដែលបានវាយប្រហាេវបសាយច្រើនជាង ២០០០ នៅក្នុងប្រទេសហ្សកហ្ស៊ីកាលពីឆ្នាំ២០១៩ នេះត្រូវបានអនុវត្តន៍ដោយប្រទេសរុស្ស៊ី នេះបើយោងតាមការបញ្ជាក់របស់ប្រទេសហ្សកហ្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក។

រដ្ឋាភិបាលអង់គ្លេសនិយាយថា GRU (ចារកម្មយោធារបស់ប្រទេសរុស្ស៊ី) គឺនៅពីក្រោយការប៉ុនប៉ងបំផ្លាញអធិបតេយ្យភាពរបស់ប្រទេសហ្សកហ្ស៊ី (attempt to undermine Georgia’s sovereignty)។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Dominic Raab ពិពណ៌នាថា វាមិនអាចទទួលយកបាននោះទេ។ ទីភ្នាក់ងារសារព័ត៌មាន RIA និយាយថា ក្រសួងការបរទេសរុស្ស៊ីបានបដិសេធការពាក់ព័ន្ធណាមួយក្នុងរឿងនេះ។

មជ្ឈមណ្ឌលសន្តិសុខតាមអុិនធឺណិតជាតិរបស់អង់គ្លេស (NCSC) បានរកឃើញថា GRU ស្ទើរតែប្រាកដថា (almost certainty) “នៅពីក្រោយការវាយប្រហារជាច្រើន” ដែលជះឥទ្ធិពលដល់ទំព័រវេបសាយនានារាប់បញ្ចូលទាំងវេបសាយរបស់ប្រធានាធិបតីរបស់ប្រទេសហ្សកហ្ស៊ី និងទូរទស្សន៍ជាតិរបស់ប្រទេសនេះថែមទៀត។ ការវាយប្រហារនេះ គឺជាឧទាហរណ៍សំខាន់ដំបូងបំផុតនៃការវាយប្រហារតាមអុិនធឺណិតរបស់ GRU ចាប់តាំងពីឆ្នាំ២០១៧ មក។

ការវាយប្រហារជាច្រើនតាមអុិនធឺណិត ដែលធ្វើដោយ GRU

  • ខែធ្នូ ឆ្នាំ ២០១៥៖ ការវាយប្រហារមួយទៅលើផ្នែកនៃបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែនបានធ្វើឱ្យមនុស្ស ២៣០.០០០ នាក់គ្មានអគ្គិសនីប្រើប្រាស់ក្នុងរយៈពេលពី ១ ទៅ ៦ ម៉ោង
  • ខែធ្នូ ឆ្នាំ ២០១៦៖ មេរោគមួយដែលត្រូវបានរចនាឡើងជាពិសេសដើម្បីរំខានដល់បណ្តាញអគ្គិសនីនាំឱ្យមួយភាគប្រាំនៃរដ្ឋធានីអ៊ុយក្រែនបាត់បង់ថាមពលក្នុងរយៈពេលមួយម៉ោង
  • ខែមិថុនា ឆ្នាំ ២០១៧៖ ការវាយប្រហារតាមអុិនធឺណិតដែលមានលក្ខណៈបំផ្លិចបំផ្លាញបានផ្តោតលើវិស័យហិរញ្ញវត្ថុ ថាមពល និងរដ្ឋាភិបាលរបស់ប្រទេសអ៊ុយក្រែន។ វាក៏ជះឥទ្ធិពលដល់អាជីវកម្មអឺរ៉ុប និងរុស្ស៊ីផ្សេងទៀតផងដែរ
  • ខែតុលា ឆ្នាំ ២០១៧៖ អាកាសយានដ្ឋាន Kyiv metro និង Odessa ក៏ដូចជាធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីចំនួន ២ ត្រូវបានបង្អាក់បន្ទាប់ពីមេរោគ ransomware បានធ្វើការអ៊ីនគ្រីបទៅលើ Hard Drives

ចក្រភពអង់គ្លេសនិយាយថា ប្រទេសរុស្ស៊ីបានស្វះស្វែងធ្វើឱ្យមានការខ្វែងគំនិត និងរំខានដល់ការរស់នៅរបស់ប្រជាជនហ្សកហ្ស៊ី។ លោក Raab មានប្រសាសន៍ថា “រដ្ឋាភិបាលរុស្ស៊ីមានជំរើសច្បាស់លាស់ គឺបន្តអាកប្បកិរិយាដ៏គឃ្លើននេះប្រឆាំងនឹងប្រទេសដទៃទៀត ឬក្លាយជាដៃគូដែលមានទំនួលខុសត្រូវដែលគោរពច្បាប់អន្តរជាតិ” ។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo ក៏បានថ្កោលទោសការវាយប្រហារនេះដោយនិយាយថា សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ឥរិយាបទនេះនៅក្នុងប្រទេសហ្សកហ្ស៊ី និងកន្លែងផ្សេងទៀត។ ក្នុងករណីជាច្រើន វេបសាយជាច្រើនត្រូវបានជំនួសដោយរូបភាពរបស់អតីតប្រធានាធិបតីលោក Mikheil Saakashvili និងចំណងជើងថា “ខ្ញុំនឹងវិលត្រឡប់មកវិញ” ។

នេះគឺជាចំនុចថ្មីចុងក្រោយនៃយុទ្ធនាការ ដែលកំពុងបន្តនៃការដាក់សម្ពាធរបស់ចក្រភពអង់គ្លេសប្រឆាំងនឹងការស៊ើបការណ៍សម្ងាត់របស់ប្រទេសរុស្ស៊ី ចាប់តាំងពីការពុលរបស់អតីតចារកម្មរុស្ស៊ីលោក Sergei Skripal នៅ Salisbury កាលពីពីរឆ្នាំមុននេះ។ គោលបំណងគឺដើម្បីព្យាយាម និងរារាំងសកម្មភាពរបស់រុស្ស៊ី ដោយលាតត្រដាងរឿងនេះ។ ទិដ្ឋភាពគួរឱ្យកត់សម្គាល់នៃការសន្មតនេះគឺថា វាទាក់ទងទៅនឹងព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលថ្មីៗនេះគឺនៅក្នុងខែតុលាឆ្នាំ ២០១៩ ។ គោលដៅមួយក្នុងចំនោមគោលដៅជាច្រើនគឺប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសហ្សកហ្ស៊ី។

គោលដៅទៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលធ្វើឡើងដោយ GRU គឺយើងត្រូវត្រលប់ទៅយ៉ាងហោចណាស់នៅឆ្នាំ២០១៥ និងការបិទទៅលើប៉ុស្តិ៍ទូរទស្សន៍បារាំង TV5Monde ។ វានាំឱ្យមានការព្រួយបារម្ភ អំពីអ្វីដែលពួកគេអាចធ្វើបានប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសផ្សេងទៀត។ នេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ប្រទេសរុស្ស៊ីនៃសង្គ្រាមកូនកាត់ (hybrid warfare ) ឬសកម្មភាពនៅក្នុងចន្លោះភាពខុសច្បាប់ និងត្រូវច្បាប់ (gray-zone) ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើឱ្យប្រទេសអស្ថេរភាព។

ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាសម្រាប់ចក្រភពអង់គ្លេសគឺថា រហូតមកដល់ពេលនេះមានសញ្ញាតិចតួចនៃ GRU ដែលត្រូវបានរារាំង។ ការសាកល្បងដ៏សំខាន់មួយនឹងកើតឡើងជាមួយនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំនេះ ហើយថាតើវាប៉ុនប៉ងជ្រៀតជ្រែកក្នុងរឿងនោះដូចដែលវាត្រូវបានគេចោទប្រកាន់ថាបានធ្វើនៅឆ្នាំ 2016 ដែរឬទេ។

សាស្ត្រាចារ្យ Alan Woodward អ្នកជំនាញខាងសន្តិសុខតាមប្រព័ន្ធអុិនធឺណិតនៅសកលវិទ្យាល័យ Surrey University ចក្រភពអង់គ្លេសនិយាយនៅពេលនៃការវាយប្រហារនៅហ្សកហ្ស៊ីថា ទំហំនៃការវាយប្រហារនេះ គឺជាអ្វីដែលយើងមិនធ្លាប់បានឃើញពីមុនមកទេ។ ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នារវាងរុស្ស៊ី – ហ្សកហ្ស៊ីឆ្នាំ ២០០៨ ប្រទេសហ្សកហ្ស៊ីបានចោទប្រកាន់ទីក្រុងម៉ូស្គូពីបទវាយប្រហារតាមអុិនធឺណិតប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួន ទោះបីរុស្ស៊ីបដិសេធរឿងនេះក៏ដោយ។

សង្រ្គាមបានផ្ទុះឡើងបន្ទាប់ពីប្រទេសហ្សកហ្ស៊ីបានព្យាយាមដណ្តើមយកភាគខាងត្បូង South Ossetia ដែលបានប្រយុទ្ធប្រឆាំងនឹងការបះបោរប្រឆាំងនឹងប្រទេសហ្សកហ្ស៊ីនៅទសវត្សឆ្នាំ ១៩៩០ ។ បន្ទាប់មកកងទ័ពរុស្ស៊ីបានចូលមកក្នុងប្រទេសនេះ ហើយដណ្តើមកាន់កាប់ទឹកដីជាច្រើននៅក្នុងប្រទេសហ្សកហ្ស៊ីខាងត្បូង South Ossetia និង Abkhazia ផងដែរ។

ជាមួយគ្នានេះដែរប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក ប្រទេសកាណាដា នូវែសេឡង់ ក៏បានចេញមកធ្វើការថ្កោលទោសប្រទេសរុស្សីផងដែរ៕

ទាញយកកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូន (AppleAndroid) ឬក៏ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram Channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីអំពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

Download our iOS App or Android App or subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button