អ្នកប្រើប្រាស់សេវា ​Google នៅ UK​ នឹងបាត់បង់ការការពារទិន្នន័យពីសហភាពអឺរ៉ុប

តាមប្រភពព័ត៌មានពី Reuters បានឱ្យដឹងថា ក្រុមហ៊ុន Google មានគម្រោងបំលាស់ទីគណនីអ្នកប្រើប្រាស់ជាច្រើននៅក្នុងចក្រភពអង់គ្លេស ចេញពីការគ្រប់គ្រងរបស់និយ័តករសហគមន៍អ៊ឺរ៉ុបលើផ្នែកឯកជនភាព ដោយដាក់គណនីទាំងអស់នោះនៅក្រោមយុត្តាធិការសហរដ្ឋអាមេរិកវិញ។

ការផ្លាស់ប្តូរនេះ កើតមានឡើងនៅពេលដែលចក្រភពអង់គ្លេសចាកចេញពីពីសហភាពអឺរ៉ុប នឹងបន្សល់ទុកនូវព័ត៌មានផ្ទាល់ខ្លួន​របស់មនុស្សជាច្រើនលាននាក់ជាមួយនឹងការការពារតិចជាងមុន និងងាយស្រួលជាងមុនទៅដល់ការអនុវត្តច្បាប់របស់ចក្រភពអង់គ្លេសថែមទៀត។

ការផ្លាស់ប្តូរនេះត្រូវបានបង្ហើប្រាប់ដល់សារព័ត៌មាន Reuters ដោយមនុស្សបីនាក់ដែលដឹងពីផែនការរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ។ ក្រុមហ៊ុន Google មានបំណងតម្រូវឲ្យអ្នកប្រើប្រាស់ជាច្រើននៅក្នុងចក្រភពអង់គ្លេសរបស់ខ្លួនទទួលស្គាល់លក្ខន្តិកៈសេវាកម្មថ្មី រួមទាំងយុត្តាធិការថ្មីរបស់ខ្លួន។

នៅក្នុងប្រទេសអៀរឡង់ ដែលក្រុមហ៊ុន Google និងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកផ្សេងទៀតមានទីស្នាក់ការកណ្តាលអ៊ឺរ៉ុបរបស់ខ្លួននោះ (កំពុងស្ថិតនៅក្នុងសហភាពអ៊ឺរ៉ុប) ​ដែលមានច្បាប់ការពារទិន្នន័យដ៏មានឥទ្ធិពលមួយក្នុងពិភពលោក គឺបទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR – General Data Protection Regulation)។

មនុស្សជាច្រើននិយាយថា ក្រុមហ៊ុន Google បានសម្រេចចិត្តបំលាស់ទីអ្នកប្រើប្រាស់ជាច្រើននៅក្នុងចក្រភពអង់គ្លេសរបស់ខ្លួនចេញពីយុត្តាធិការរបស់ប្រទេសអៀរឡង់ ព្រោះគេមិនទាន់ច្បាស់ថាតើអង់គ្លេសនឹងអនុវត្តតាម GDPR ឬអនុម័តច្បាប់ផ្សេងទៀតដែលអាចប៉ះពាល់ដល់ការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់នោះទេ។

ប្រសិនបើអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Google នៅក្នុងចក្រភពអង់គ្លេស រក្សាទុកទិន្នន័យរបស់ពួកគេនៅក្នុងប្រទេសអៀរឡង់ វានឹងកាន់តែពិបាកសម្រាប់អាជ្ញាធរអង់គ្លេសដើម្បីរកវានៅក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ។

ទោះយ៉ាងណា ច្បាប់ក្លោដ Cloud ដែលចេញថ្មីៗនេះនៅសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងផ្តល់ភាពងាយស្រួលដល់អាជ្ញាធរចក្រភពអង់គ្លេស ក្នុងការទទួលបានទិន្នន័យពីក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក។ អង់គ្លេស និងសហរដ្ឋអាមេរិកក៏កំពុងស្ថិតនៅលើផ្លូវចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែទូលំទូលាយផងដែរ។

លើសពីនេះ សហរដ្ឋអាមេរិកស្ថិតក្នុងចំណោមការការពារឯកជនភាពខ្សោយបំផុត នៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗ ដោយគ្មានច្បាប់ទូលំទូលាយនោះទេ ទោះបីជាមានការតស៊ូមតិអស់រយៈពេលជាច្រើនឆ្នាំដោយក្រុមការពារអតិថិជនជាច្រើនក៏ដោយ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បានបដិសេធមិនធ្វើអត្ថាធិប្បាយមុនការប្រកាសជាសាធារណៈណាមួយនោះទេ។

បុគ្គលិកម្នាក់ដែលដឹងអំពីផែនការនេះបាននិយាយថា ច្បាប់ឯកជនរបស់ចក្រភពអង់គ្លេសដែលយ៉ាងហោចណាស់ ស៊ីគ្នាជាមួយនឹង GDPR នឹងបន្តអនុវត្តន៍។ ក្រុមហ៊ុន Google គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលមានព័ត៌មានដ៏សំបើមរបស់មនុស្សនៅលើផែនដីនេះ ហើយដែលបាន ប្រើប្រាស់ទិន្នន័យទាំងនោះ ដើម្បីសេវា និងលក់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន៕

Exit mobile version