បច្ចេកទេសថ្មី! ហេគគណនីហ្វេសប៊ុកដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម
នាពេលថ្មីៗនេះ មានអ្នករាយការណ៍មកាន់ក្រុមការងារវេបសាយ SecuDemy ថា មានគណនីហ្វេសប៊ុកមួយចំនួនធំត្រូវបានគេហេគហើយយកទៅប្រើប្រាស់ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មជំនួស (ពាណិជ្ជកម្មនោះជារបស់ហេគឃ័រ) ហើយចុងក្រោយមកគឺជនរងគ្រោះជាអ្នកបង់ប្រាក់ទៅឲ្យក្រុមហ៊ុនហ្វេសប៊ុកដោយមិនដឹងខ្លួន ចេញពីគណនីប័ណ្ណឥណទាន ឬឥណពន្ធរបស់ខ្លួន។
វិធីដែលហេគឃ័រប្រើប្រាស់ដើម្បីលួចគណនីហ្វេសប៊ុកនោះគឺមានច្រើនយ៉ាងណាស់ ហើយដែលវិធីសាស្រ្តពេញនិយមជាងគេនោះគឺត្រូវបានគេស្គាល់ថា Phishing ។ ជនរងគ្រោះត្រូវបានបោកបញ្ជោតឲ្យចុចទៅលើព័ត៌មានណាមួយ ហើយចុងក្រោយមកលួងឲ្យបញ្ចូលពាក្យសម្ងាត់របស់គណនីហ្វេសប៊ុកតែម្តង។
ដូចជានាពេលថ្មីៗនេះ តាមព័ត៌មានពីវេបសាយរស្មីកម្ពុជាបានឲ្យដឹងថា មានការហេគអាខោនហ្វេសប៊ុកខ្ចីលុយសាច់ញាតិគេ ៩០០ដុល្លារ តែភាគីរងគ្រោះវៃឆ្លាតចាប់ខ្លួនបាន!។ នេះគឺជាវិធីសាស្ត្រថ្មីមួយ ដោយយកគណនីដែលលួចបាន ទៅ chat messenger ជាមួយអ្នកស្គាល់គ្នាដើម្បីខ្ចីលុយ ឬធ្វើអ្វីផ្សេងទៀត។ បើសិនជាមិនមានការចាប់អារម្មណ៍ទេនោះ អ្នកនឹងក្លាយទៅជាជនគ្រោះជាមិនខាន។
តើធ្វើដូចម្តេចដើម្បីដឹងថា គណនីហ្វេសប៊ុករបស់អ្នកត្រូវបានហេគយកទៅផ្សព្វផ្សាយពាណិជ្ជកម្មជំនួស?
បើសិនជាអ្នកទទួលបាននូវសារខាងក្រោមនេះពេលដែលអ្នកចូលទៅក្នុងគណនីហ្វេសប៊ុករបស់អ្នក នោះបានន័យថា គណនីរបស់អ្នកត្រូវបានហេគហើយយកទៅប្រើប្រាស់ផ្សព្វផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុនហ្វេសប៊ុក (បើសិនជាអ្នកមិនបានធ្វើការផ្សព្វផ្សាយដោយខ្លួនអ្នកទេនោះ) ។
ដើម្បីការពារខ្លួនកុំឲ្យរងគ្រោះដោយសារការលួចគណនីហ្វេសប៊ុក សូម៖
១. កុំចុចទៅលើបញ្ជប់ (links) ណាដែលយើងមានការសង្ស័យ
២. មិនត្រូវវាយចូលពាក្យសម្ងាត់របស់គណនីហ្វេសប៊ុកអ្នកទៅក្នុងវេបសាយមិនច្បាស់លាស់ ដូចជាការទស្សទាយ, ការលេងហេ្គម, …
៣. ធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់នូវ URL ឬអស័យដ្ឋានវេបសាយ តើវាពិតជា www.facebook.com ឬទេ
៤. ធ្វើការអាប់ដេតកម្មវិធី និងប្រព័ន្ធប្រតិបត្តិការរបស់អ្នកឲ្យបានទៀងទាត់
៥. សូមធ្វើការត្រួតពិនិត្យនៅក្នុងគណនីហ្វេសប៊ុកអ្នកជាប្រចាំ ជាពិេសសត្រង់កន្លែងបង្កើតការផ្សព្វផ្សាយ (Create Ads)
ជាចុងក្រោយវិធីសាស្រ្តដែលការពារគណនីហ្វេសប៊ុករបស់អ្នកបានខ្លាំងបំផុតនោះ គឺមានតែខ្លួនអ្នកប៉ុណ្ណោះទេ។ សូមគិតឲ្យបានពីរ ឬបីដងមុននឹងចុច៕