ភាពខុសគ្នារវាង រដ្ឋាភិបាលអេឡិកត្រូនិក និង រដ្ឋាភិបាលឌីជីថល
តើអ្នកទាំងអស់គ្នា មានដែលឆ្ងល់ឬទេ ថាតើពាក្យរដ្ឋាភិបាលអេឡិកត្រូនិក (e-Government) និងរដ្ឋាភិបាលឌីជីថល (Digital Government) មានភាពខុសគ្នាយ៉ាងដូចម្តេច?
ដើម្បីបកស្រាយទៅលើពាក្យនេះ លោក Khemera Mok បានធ្វើការបកស្រាយចំងល់ពាក់ព័ន្ធទៅនឹងទស្សនាទាននៃពាក្យទាំងនេះដូចខាងក្រោម៖
ស្វែងយល់អំពីនិយមន័យនៃ #រដ្ឋាភិបាលអេឡិកត្រូនិក, #រដ្ឋាភិបាលឌីជីថល, #បច្ចេកវិទ្យាឌីជីថល និង #តម្លៃសាធារណៈ ដែលបានកំណត់ក្នុងសេចក្តីណែនាំអំពីយុទ្ធសាស្រ្តរដ្ឋាភិបាលឌីជីថល រៀបរៀងដោយ OECD កាលពីថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៤៖
រដ្ឋាភិបាលអេឡិកត្រូនិក សំដៅលើរដ្ឋាភិបាលប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ជាពិសេសអ៊ិនធឺណិតជាឧបករណ៍ដើម្បីសម្រេចបានរដ្ឋាភិបាលកាន់តែប្រសើរ។
រដ្ឋាភិបាលឌីជីថល សំដៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរួមបញ្ចូលជាមួយយុទ្ធសាស្ត្រធ្វើទំនើបកម្មរបស់រដ្ឋាភិបាលដើម្បីបង្កើតតម្លៃសាធារណៈ។ តួអង្គសំខាន់ៗរបស់ប្រព័ន្ធអេកូឡូស៊ីនៃរដ្ឋាភិបាលឌីជីថលរួមមាន រដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល, អាជីវកម្ម, សមាគមន៍ប្រជាពលរដ្ឋ និងបុគ្គល ដែលគាំទ្រដល់ការបង្កើត ទទួលទិន្នន័យ សេវាកម្ម និងមាតិកាតាមរយៈអន្តរកម្មជាមួយរដ្ឋាភិបាល។
បច្ចេកវិទ្យាឌីជីថល សំដៅលើបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) រួមមាន អ៊ិនធឺណិត បច្ចេកវិទ្យានិងឧបករណ៍ចល័ត ក៏ដូចជាបច្ចេកវិទ្យាវិភាគទិន្នន័យ ដែលត្រូវបានប្រើដើម្បីធ្វើឱ្យប្រសើរឡើងនូវ ជំនាន់, ការប្រមូល, ការផ្លាស់ប្តូរ, ការរួមបញ្ចូលគ្នា, ការវិភាគ, ការលទ្ធភាពស្វែងរកនិងការបង្ហាញ នៃមាតិកាឌីជីថល រួមទាំងធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍសេវាកម្ម និងសូហ្វវែរកម្មវិធីផ្សេងៗ។
តម្លៃសាធារណៈ សំដៅទៅលើគុណប្រយោជន៍ផ្សេងៗសម្រាប់សង្គម ដែលតួអង្គផ្សេងៗគ្នាបានផ្តល់ជាទស្សន រួមមាន៖ ១) ជាទំនិញឬសេវាកម្ម ដែលបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងអតិថិជន; ២) ជាជម្រើសនៃការផ្តល់សេវា ដែលឆ្លើយតបនឹងការរំពឹងរបស់ពលរដ្ឋអំពី យុត្តិធម៌ ការស្នើគ្នា ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ៣) ជាការរៀបចំនិងបង្កើតស្ថាប័នសាធារណៈឱ្យបានត្រឹមត្រូវស្របតាមបំណងប្រាថ្នារបស់ពលរដ្ឋ ៤) ភាពយុត្តិធម៌ និងប្រសិទ្ធភាពនៃការចែកចាយ ៥) ការប្រើប្រាស់ធនធានដោយស្របច្បាប់ ដើម្បីសម្រេចគោលបំណងសាធារណៈ និង ៦) នវានុវត្ត និងលទ្ធភាពឆ្លើយតបនឹងសំនូមពរ និងតម្រូវការផ្សេងៗ។
លោក លោកស្រីអាចបញ្ចេញមតិទាក់ទងនឹងខ្លឹមសារនៃការកំណត់និយមន័យខាងលើ !
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com