ការវាយប្រហារតាមអ៊ិនធឺណិត គឺជាការគំរាមគំហែងមួយដ៏ធ្ងន់ធ្ងរក្នុងវិស័យដឹកជញ្ជូន

តាមប្រភពព័ត៌មានពីវេបសាយ The Straits Times (Singapore) បានឱ្យដឹងថា ការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតទៅកាន់ប្រព័ន្ធគ្រប់គ្រងរថភ្លើង ​(rail operations) គឺកាន់តែមានភាពស្មុគស្មាញ ឡើងៗ – នេះបើតាមការជជែកពិភាក្សានៃអ្នកជំនាញកាលពីថ្ងៃទី២២ ខែតុលា កន្លងទៅនេះ។

ការគំរាមគំហែងទាំងនេះ គឺបណ្តាលមកពីប្រព័ន្ធជំនាន់ចាស់នៅក្នុងប្រព័ន្ធដឹកជញ្ជូន ដែលត្រូវការការយកចិត្តទុកដាក់ដើម្បីការពារនូវសវុត្ថិភាពនៃការប្រតិបត្តិការរបស់រថភ្លើង ។

បើតាមឯកឧត្តម ​Khaw Boon Wan រដ្ឋមន្រ្តីដឹកជញ្ជូនសឹង្ហបុរីបានឱ្យដឹងថា ប្រព័ន្ធទាំងនោះគឺងាយនឹងរងគ្រោះពីការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត ដែលអាចលួចយកទិន្នន័យផ្ទាល់ខ្លួន ​(personal data) ឬសុវត្ថិភាពសាធារណៈ ជាពិេសសគឺប្រព័ន្ធចាស់ៗពីមុន ដែលមិនត្រូវបានរៀបចំឡើងសម្រាប់ឌីជីថលូនីយកម្មឡើយ ​(digitalization)។

យោងតាមឯកសារស្តីពីការគំរាមគំហែងសន្តិសុខអ៊ិនធឺណិតចេញផ្សាយដោយ Thales នាពេលថ្មីៗបានឱ្យដឹងថា វិស័យដឹកជញ្ជូនគឺជាគោលដៅទី៤ ធំបំផុត ដែលរងគ្រោះដោយការវាយប្រហារ។ វានៅពីក្រោយវិស័យរដ្ឋាភិបាល/វិស័យការពារជាតិ, វិស័យហិរញ្ញវត្ថុ និងវិស័យថាមពល។

បុគ្គលិកដែលដំណើរការប្រព័ន្ធទាំងអស់នោះ គួរតែត្រូវទទួលបានការបណ្តុះបណ្តាល អំពីវិធីសាស្ត្រកំណត់នូវសញ្ញាណនៃការវាយប្រហារ ហើយដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងបញ្ហានោះ។ ជាមួយគ្នានេះផងដែរ ក៏ត្រូវរៀបចំដើម្បីឆ្លើយតបនៅពេលដែលយន្តការទប់ស្កាត់របស់ខ្លួនត្រូវបានគេវាយលុកបាននោះ។

ក៏មានការព្រមានអំពី smart vehicles ដែលមានទំនាក់ទំនងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ​(transport infrastructure) គឺជាច្រកមួយផ្សេងទៀត ដែលនឹងតភ្ជាប់មកក្នុងប្រព័ន្ធ ហើយដែលឧក្រិដ្ឋជនអាចនឹងអាក់េសសចូលបាន។ មានន័យថា ជាជាងការព្យាយាមចូលទៅកាន់ប្រព័ន្ធដឹកជញ្ជូនតាមរយៈមេរោគ ឬតាមបច្ចេកទេស phishing, អ្នកវាយប្រហារអាចចូលទៅកាន់បណ្តាញតាមរយៈ smart vehicles ទាំងនោះ។

នៅពេលដែលយើងនិយាយដល់បញ្ហាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រុមអ្នកជំនាញដែលរៀបចំប្រព័ន្ធនៅក្នុងវិស័យដឹកជញ្ជូន ត្រូវតែសន្មតជានិច្ចថា ហេគឃ័របានអាក់សេសទៅកាន់រាល់ទិន្នន័យ ទាំងអស់ដែលពួកគេត្រូវការដើម្បីចូលទៅកាន់បណ្តាញ ហេតុដូច្នេះហើយ ការរៀបចំប្រព័ន្ធទាំងនោះត្រូវតែគិតអំពីបញ្ហាសន្តិសុខនៅក្នុងខួរក្បាលជានិច្ច។

ប៉ុន្តែអ្នកជំនាញក៏បានឯកភាពគ្នាផងដែរថា នៅពេលដែលនិយាយអំពីបញ្ហាសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន គឺវាមិនអាចទៅរួចឡើយក្នុងការបំបាត់ចោលនូវហានិភ័យ ហើយធានាថាប្រព័ន្ធនឹងមិនត្រូវបានវាយលុកចូល។​ ជាជំនួសមកវិញ រដ្ឋាភិបាល ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធទាំងអស់គួរតែធ្វើការវិនិយោគ ទៅក្នុងមធ្យោបាយមួយ ដើម្បីកាត់បន្ថយនិងគ្រប់គ្រងទៅលើហានិភ័យ៕

Exit mobile version