ស្ថាប័នរដ្ឋចិនអាចធ្វើការហេគតេស្ត (pentest) ទៅកាន់រាល់ប្រព័ន្ធអនឡាញទាំងអស់ដែលរកស៊ីនៅក្នុងប្រទេសខ្លួន
ប្រទេសចិនបានចេញផ្សាយនូវច្បាប់ដែលអាចធ្វើការហេគធ្វើតេស្ត (pen-test) ទៅកាន់រាល់សេវាអនឡាញរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទឹកដីរបស់ខ្លួន។
ជំពូកថ្មីបន្ថែមទៅនឹង China’s Cybersecurity Law បានផ្តល់ឲ្យអង្គភាពរដ្ឋនូវសិទ្ធិអំណាចតាមផ្លូវច្បាប់ក្នុងការហេគធ្វើតេស្តពីចំងាយ (remote pentest) ទៅកាន់រាល់សេវាអនឡាញទាំងឡាយណាដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន ហើយអាចធ្វើការថតចំលង (copy) និងចែករំលែករាល់ទិន្នន័យដែលបានរកឃើញនៅលើប្រព័ន្ធអនឡាញនោះទៀតផង។
រាល់សេវាអនឡាញទាំងឡាយណាដែលដំណើរការច្រើនជាង ០៥ ឆ្នាំ គឺស្ថិតនៅក្នុងវិសាលភាពនៃជំពូកថ្មីបន្ថែមនេះ។ រដ្ឋាភិបាលចិនបានផ្តល់ភារកិច្ចនេះទៅឲ្យក្រសួងសន្តិសុខសាធារណៈ (Ministry of Public Security – MPS) ដែលជាស្ថាប័នមួយធ្វើការគ្រប់គ្រង ថែទាំទៅលើ China’s Great Firewall និងប្រព័ន្ធសំគាល់មុខមនុស្ស (facial recognition) ទូទាំងប្រទេស ព្រមទាំងបណ្តាញនៃកាមេរា៉ឃ្លាំមើល (surveillance camera) ផងដែរ។
មន្រ្តីមកពី MSP បានទទួលនូវអំណាចផ្លូវច្បាប់ថ្មីនេះកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទម្រង់នៃជំពូកថ្មីបន្ថែមទៅក្នុងច្បាប់ China’s Cybersecurity Law ដែលបានអនុម័តក្នុងឆ្នាំ២០១៧ កន្លងទៅនេះ។
ជំពូកថ្មីនេះត្រូវបានដាក់ឈ្មោះថា “បទបញ្ញត្តិស្តីពីការគ្រប់គ្រង និងត្រួតពិនិត្យទៅលើសន្តិសុខអ៊ិនធឺណិតដោយអង្គភាពសន្តិសុខសាធារណៈ (Regulations on Internet Security Supervision and Inspection by Public Security Organs) ” (公安机关互联网安全监督检查规定) ដែលផ្តល់អំណាចថ្មីៗបន្ថែមឲ្យទៅ MSP ដូចខាងក្រោម៖
- ធ្វើការត្រួតពិនិត្យដោយផ្ទាល់នៅទីកន្លែង ឬពីចម្ងាយនៃយន្តការការពារសន្តិសុខបណ្តាញរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន
- ធ្វើការពិនិត្យរកមើលនូវ “ខ្លឹមសារដែលត្រូវបានហាមឃាត់” នៅក្នុងទឹកដីប្រទេសចិន
- ធ្វើការកាត់ត្រានូវរាល់ផែនការឆ្លើយតបឧប្បទេវហេតុសន្តិសុខក្នុងអំឡុងពេលចុះធ្វើការត្រួតពិនិត្យនៅក្នុងទីតាំង
- ធ្វើការថតចំលងនូវរាល់ព័ត៌មានរបស់អ្នកប្រើប្រាស់ដែលបានរកឃើញនៅក្នុងប្រព័ន្ធដែលបានត្រួតពិនិត្យក្នុងពេលចុះធ្វើការដោយផ្ទាល់ ឬពីចំងាយ
- ធ្វើការហេគតេស្តទៅលើប្រព័ន្ធ (pentest) ដើម្បីរកមើលភាពងាយរងគ្រោះ (vulnerability) ឬចំនុចខ្សោយនានា
- ធ្វើការត្រួតពិនិត្យពីចំងាយដោយមិនចាំបាច់ជូនដំណឹងដល់ក្រុមហ៊ុនជាមុន
- ធ្វើការចែករំលែកទិន្នន័យដែលប្រមូលបានជាមួយនឹងស្ថាប័នរដ្ឋផ្សេងទៀត
- មានសិទ្ធិក្នុងនាំយកនគរបាលពីររូប (People’s Armed Police -PAP) ទៅជាមួយនៅពេលដែលបំពេញការងារនៅតាមទីតាំងជាក់ស្តែង ក្នុងការអនុវត្តនីតិវិធី
Source: http://www.mps.gov.cn/n2254314/n2254409/n4904353/c6263180/content.html
Cover Photo: Shutterstock