សេចក្តីសង្ខេបអត្ថបទ
ភាពរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICTs) បានធ្វើឱ្យមានបម្រែបម្រួលនៃ ទម្រង់ផ្សព្វផ្សាយព័ត៌មាន ដែលនាំឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង និងគួរឱ្យកត់សម្គាល់ ក្នុងដំណើរការទំនាក់ទំនងការទូតផង។ នាពេលថ្មីៗនេះ ការទូតតាមប្រព័ន្ធអឺនធឺណែតត្រូវ បានគេចាត់ទុកជាឧបករណ៏នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ការរីកសាយនៃ ការវាយប្រហារតាមប្រព័ន្ធអឺនធឺណែត និងជម្រុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសន្តិភាព។
ដោយសារភាពខុសគ្នានៃផលប្រយោជន៍ និងការអនុវត្តបទដ្ឋាននៃប្រព័ន្ធអឺនធឺណែត អភិបាលកិច្ចប្រព័ន្ធអឺនធឺណែតត្រូវបានបែងចែករវាងប្រទេសដែលប្រកាន់យក multilateral model ឬអធិបតេយ្យភាពអឺនធឺណែត និងប្រទេសដែលគាំទ្រ multi-stakeholder model ឬ សេរីភាពអឺនធឺណែត ។ បើទោះបីជាមានគំនិតផ្តួចផ្តើមមួយចំនួនដែលដឹកនាំដោយអង្គការ សហប្រជាជាតិ មានដូចជា ក្រុមជំនាញតំណាងឱ្យរដ្ឋាភិបាលនីមួយៗ (GGE) និងវេទិកា អភិបាលកិច្ចប្រព័ន្ធអឺនធឺណែត (IGF) បានបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហា ទាក់ទងនឹងអភិបាលកិច្ច និងសន្តិសុខតាមប្រព័ន្ធអឺនធឺណែតក៏ដោយ គំនិតផ្តួចផ្តើមទាំងនោះ នៅមិនទាន់អាចដោះស្រាយបញ្ហាអភិបាលកិច្ចប្រព័ន្ធអឺនធឺណែតបានគួរឱ្យកត់សម្គាល់នៅ ឡើយទេ។
។ ក្នុងនាមជារដ្ឋតូចមួយ ដែលមានធនធានមនុស្ស និងហិរញ្ញវត្ថុមានកម្រិត វាមានសារៈសំខាន់ ណាស់សម្រាប់ប្រទេសកម្ពុជាក្នុងការកំណត់ចក្ខុវិស័យច្បាស់លាស់ និងមានឆន្ទៈនយោបាយ រឹងមាំក្នុងការអភិវឌ្ឍគោលនយោបាយការទូតតាមប្រព័ន្ធអឺនធឺណែតដើម្បី ទី(១) ដោះស្រាយ កង្វះខាតធនធាន និងហេដ្ឋារចនាសម្ព័នឌីជីថល និងទី(២) សម្របទៅនឹងបម្រែបម្រួលដែល ពិបាកប៉ាន់ស្មានបាន នៃប្រព័ន្ធអ៊ីនធឺរណែតក្នុងពេលអនាគត។ លើសពីនេះទៅទៀត ការប្រកាន់យកនូវ_multilateral approach ដោយគោរពលើតួនាទីសំខាន់របស់អង្គការ សហប្រជាជាតិក្នុងអធិបតេយ្យភាពអភិបាលកិច្ចប្រព័ន្ធអឺនធឺណែត គឺជាគន្លឹះក្នុងការជួយកម្ពុជា ឱ្យមានលទ្ធភាពពឹងផ្អែកលើខ្លួនឯង និងអភិវឌ្ឍប្រទេស តាមរយៈការជម្រុញកិច្ចសហប្រតិបត្តិការ ការទទួលបានជំនួយបច្ចេកទេស ការពង្រឹងវិធានការកសាងទំនុកចិត្ត និងការកសាងសមត្ថភាព វិស័យអឺនធឺណែតក្នុងប្រទេស។