ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

អត្ថបទទី ៤៖ គ្រោះថ្នាក់នៃការដំឡើងកម្មវិធីក្រៅប្រព័ន្ធ (APKs) – កុំប្រថុយទាញយកកម្មវិធីពីប្រភពមិនច្បាស់លាស់!

រយៈពេលអាន៖ ២ នាទី កម្រិតយល់ដឹង៖ មូលដ្ឋានគ្រឹះ

កាលពីអត្ថបទមុនអ្នកបានរៀនពីរបៀបបិទសិទ្ធិកម្មវិធីដែលគួរឱ្យសង្ស័យរួចមកហើយ។ ថ្ងៃនេះ យើងនឹងឈានទៅដល់ចំណុចមួយទៀតដែលសំខាន់បំផុត នោះគឺ “ប្រភព” ដែលអ្នកទាញយកកម្មវិធី (Apps) ទាំងនោះមកដំឡើង។

តើអ្នកធ្លាប់ឃើញគេផ្ញើលីង (Link) តាម Telegram ឬ Facebook ឱ្យទាញយកកម្មវិធីដើម្បីទទួលបានរង្វាន់ ឬមើលរឿងភាគឥតគិតថ្លៃដែរឬទេ? នេះហើយជាអន្ទាក់!

🛑 ហានិភ័យ៖ អ្វីទៅជាការដំឡើងកម្មវិធីក្រៅប្រព័ន្ធ (APK)?

ជាទូទៅ អ្នកគួរតែទាញយកកម្មវិធីពីកន្លែងផ្លូវការដូចជា Google Play Store (សម្រាប់ Android) ឬ Apple App Store (សម្រាប់ iPhone) ព្រោះក្រុមហ៊ុនទាំងនេះមានប្រព័ន្ធត្រួតពិនិត្យមេរោគ មុននឹងអនុញ្ញាតឱ្យ developer ដាក់ software របស់ខ្លួនចូលក្នុង ហាង (Store) របស់គេ។

ប៉ុន្តែ ជនខិលខូចតែងតែបោកបញ្ឆោតឱ្យអ្នកទាញយកកម្មវិធីជាទម្រង់ឯកសារ .APK (Android Package Kit) ពីវេបសាយក្រៅប្រព័ន្ធ ឬតាម Telegram វិញ។ នៅពេលអ្នកដំឡើងកម្មវិធីក្រៅប្រព័ន្ធទាំងនេះ វាមានន័យថាអ្នកកំពុងបើកទ្វារចំហរឱ្យមេរោគចូលមកក្នុងទូរស័ព្ទដោយគ្មានការត្រួតពិនិត្យ។

តើមេរោគទាំងនោះអាចធ្វើអ្វីខ្លះ?

  • លួចអានសារ SMS និងលេខកូដ OTP នេះជារបៀបដែលជនខិលខូចអាចលួចវេរលុយចេញពីកុងធនាគាររបស់អ្នកបាន ដោយពួកគេអាចអានលេខកូដ OTP ដែលធនាគារផ្ញើមកឱ្យអ្នកដោយស្ងាត់ៗ។
  • បន្លំជាកម្មវិធីផ្លូវការ៖ ពួកគេអាចបង្កើតកម្មវិធីក្លែងក្លាយដែលមើលទៅដូចជាកម្មវិធីធនាគារ, កម្មវិធីបញ្ញើឥវ៉ាន់ ឬកម្មវិធីរដ្ឋបាលផ្សេងៗ ដើម្បីលួចយកលេខសម្ងាត់របស់អ្នក។

🛡️ ដំណោះស្រាយ៖ ទុកចិត្តតែលើប្រភពផ្លូវការ

ច្បាប់ទម្លាប់ដ៏សាមញ្ញបំផុតគឺ៖ កុំដំឡើងកម្មវិធីដែលផ្ញើតាមរយៈ Link ក្រៅពី Play Store ឬ App Store ឱ្យសោះ ទោះបីជាវាផ្ញើមកពីមិត្តភក្តិ ឬមនុស្សស្គាល់គ្នាក៏ដោយ។

ប្រសិនបើមាននរណាម្នាក់ប្រាប់ឱ្យអ្នកដំឡើងកម្មវិធីដើម្បីទទួលបានការងារធ្វើ ទទួលបានប្រាក់កម្ចី ឬលេងហ្គេមបន្លំ (Cheat) សូមចាត់ទុកថាវាជា ការឆបោក ១០០%

🏃‍♂️ សកម្មភាពប្រចាំថ្ងៃរបស់អ្នក (Action Item)

សូមចំណាយពេល ២ នាទី ដើម្បីបិទការអនុញ្ញាតមិនឱ្យទូរស័ព្ទរបស់អ្នកដំឡើងកម្មវិធីផ្តេសផ្តាស៖

  • សម្រាប់ទូរស័ព្ទ Android (សំខាន់បំផុត!)៖
    1. ចូលទៅកាន់ Settings (ការកំណត់) ➡️ ស្វែងរកពាក្យ Install unknown apps (ដំឡើងកម្មវិធីមិនស្គាល់) នៅក្នុងប្រអប់ស្វែងរក (Search)។
    2. ឬចូលទៅកាន់ Apps ➡️ Special app access ➡️ Install unknown apps
    3. សូមឆែកមើលកម្មវិធីដូចជា Chrome, Telegram, ឬ Facebook។ ប្រសិនបើវាលោតពាក្យ “Allowed” សូមចុចលើវា រួចបិទ (Turn off) ត្រង់ពាក្យ “Allow from this source” ភ្លាម។
  • សម្រាប់ទូរស័ព្ទ iPhone ប្រព័ន្ធ iOS មានសុវត្ថិភាពខ្ពស់រួចជាស្រេចចំពោះបញ្ហានេះ។ ប៉ុន្តែអ្នកត្រូវចងចាំថា៖ កុំចុច “Install Profile” ឬដំឡើង “Configuration Profiles” ណាមួយដែលទាញយកពីវេបសាយមិនច្បាស់លាស់ ព្រោះវាអាចផ្តល់សិទ្ធិឱ្យជនខិលខូចគ្រប់គ្រងទូរស័ព្ទអ្នកបាន។

💬 សំណួរប្រចាំថ្ងៃ៖

តើអ្នកធ្លាប់ដំឡើងកម្មវិធីតាមរយៈ Link ដែលគេផ្ញើឱ្យក្នុង Group Telegram ដែរឬទេ? ចាប់ពីពេលនេះទៅ សូមលុបវាចោល ហើយប្រាប់មិត្តភក្តិអ្នកឱ្យប្រុងប្រយ័ត្នផង!

រង់ចាំតាមដាន អត្ថបទទី ៥ ដែលយើងនឹងនិយាយអំពី សារៈសំខាន់នៃការអាប់ដេតទូរស័ព្ទ (Software Updates)” ហេតុអ្វីបានជាការមើលរំលងសាររំលឹក “System Update” អាចជារឿងដ៏គ្រោះថ្នាក់?

Show More
Apsara Media Services (AMS)

Related Articles

Back to top button