សេចក្តីជូនដំណឹង ស្ដីពី វិធានការរារាំង ការវាយប្រហារតាមប្រព័ន្ធ WhatsApp ក្រោមទម្រង់ជាការបញ្ជូនលេខកូដ៦ខ្ទង់ តាមរយៈ SMS ដោយចៃដន្យ
យោងតាមការចេញផ្សាយព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃម្សិលមិញ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ ការវាយប្រហារតាម WhatsApp កំពុងកើតឡើងគួរឲ្យកត់សម្គាល់។
ចោរបច្ចេកវិទ្យា (hackers) បានធ្វើការវាយប្រហារដោយក្លែងបន្លំធ្វើជាផ្ញើសារតាម WhatsApp ទៅកាន់អ្នកប្រើប្រាស់ (ជនរងគ្រោះ) ដែលអាចមានខ្លឹមសារថា «Sorry! I sent 6-digit code by SMS by mistake. Can you transfer it to me? It is urgent»។
ខ្លឹមសារនៃសារនេះ ក៏អាចត្រូវបានផ្ញើពីមិត្តភក្តិ ឬអ្នកដែលយើងស្គាល់ផងដែរ ក្នុងករណីដែល WhatsApp របស់បុគ្គលនោះ ត្រូវបានគេលួចរួចហើយ។
ក្រោយអ្នកប្រើប្រាស់បញ្ជូនលេខកូដ ៦-ខ្ទង់ដែលបានពីក្រុមហ៊ុន WhatsApp នោះ ចោរបច្ចេកវិទ្យាអាចមានលទ្ធភាព Log ចូលគណនី WhatsApp របស់អ្នកប្រើប្រាស់ ដោយប្រើលេខកូដ ៦-ខ្ទង់នោះ និងលេខទូរសព្ទរបស់អ្នកប្រើប្រាស់ បានដោយជោគជ័យ។
ដូចនេះ ដើម្បីជៀសវាងការធ្លាក់ ទៅក្នុងអន្ទាក់បោកប្រាស់របស់ចោរបច្ចេកវិទ្យា អ្នកប្រើប្រាស់ WhatsApp ទាំងអស់គួរតែត្រួតពិនិ្យទៅលើខ្លឹមសារ និងគណនីរបស់បុគ្គល ដែលបានផ្ញើសារមកឲ្យបានច្បាស់លាស់ និងមិនគួរធ្វើតាមការទាមទារនោះទេ។ ក្នុងករណីសង្ស័យ អ្នកប្រើប្រាស់គួរតែទូរសព្ទ ទៅសាកសួរម្ចាស់គណនីដោយផ្ទាល់តែម្តង។
ក្រោយពេលបានដឹងថា ម្ចាស់គណនីមិនមែន ជាម្ចាស់គណនីពិតប្រាកដ អ្នកប្រើប្រាស់អាចបិទ (Block) ការទទួលសារពីគណនីនោះ តាមរយៈការជ្រើសរើស យកពាក្យជាភាសាអង់គ្លេស ដែលមានពាក្យថា «Block»។
សូមបញ្ជាក់ថា អ្នកប្រើប្រាស់ទាំងអស់ មិនត្រូវផ្ញើលេខកូដ ៦-ខ្ទង់ ទៅឲ្យអ្នកដទៃនោះទេ បើទោះជាមនុស្សដែលស្គាល់គ្នា ឬធ្លាប់ផ្ញើសារ (chat) ជាមួយគ្នារាល់ថ្ងៃ ក៏ដោយ ជាពិសេស លេខកូដ ៦-ខ្ទង់នៃកម្មវិធីបណ្តាញសង្គម ដូចជា WhatsApp, Telegram, Messenger, Viber, Line, ឬកម្មវិធីប្រើប្រាស់សេវាធនាគារ តាមទូរសព្ទជាដើម។
ក្នុងករណីបាត់បង់គណនី WhatsApp ដោយសារបញ្ហាខាងលើ អ្នកប្រើប្រាស់អាចព្យាយាម log ចូលគណនី WhatsApp របស់ខ្លួនសារជាថ្មីម្តងទៀត ដើម្បីទទួលបានការកាន់កាប់មកវិញ។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ «ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)» នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨៕
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280