លេខសម្ងាត់ (Password) ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែពេញនិយមខ្លាំងក្នុងឆ្នាំ២០២០ ដដែល
អស់រយៈពេលជាច្រើនឆ្នាំក្រុមអ្នកស្រាវជ្រាវបានរកឃើញថាលេខសម្ងាត់ដែលមានប្រជាប្រិយភាពខ្លាំងនោះគឺ “123456” និង “password”។ ស្របពេលដែលឆ្នាំ២០២០ ជិតកន្លងផុតទៅហើយនោះ ពួកគេក៏បានធ្វើការស្រាវជ្រាវជាថ្មីម្តងទៀត ដើម្បីបង្ហាញអំពីលេខសម្ងាត់ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែមានភាពពេញនិយមចំពោះអ្នកប្រើប្រាស់។
បន្ទាប់ពីបានធ្វើការវិភាគទៅលើលេខសម្ងាត់ដែលបានបែកធ្លាយប្រមាណជិត ៣លាន ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន NordPass បានរកឃើញថា លេខសម្ងាត់ភាគច្រើនគឺងាយនឹងស្មានដឹង ដែលនេះអាចឱ្យក្រុមអ្នកវាយប្រហារ ជ្រៀតចូលទៅក្នុងគណនីដោយប្រើរយៈពេលតែ ១-២វិនាទីតែប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍នេះក៏បានបង្ហាញអំពីលេខសម្ងាត់ដែលអ្នកប្រើប្រាស់ជាច្រើននៅតែចូលចិត្តប្រើ មានដូចជា “123456”, “123456789”, “picture1”, “password,” និង “12345678” ជាដើម ហើយនៅក្នុងចំណោមលេខសម្ងាត់ទាំងអស់នេះមានតែលេខសម្ងាត់ “picture1” តែមួយប៉ុណ្ណោះដែលត្រូវចំណាយពេលប្រមាណ៣ម៉ោង ដើម្បីបំបែកបាន។
ក្នុងការស្រាវជ្រាវនេះ គេក៏បានរកឃើញផងដែរថាអ្នកប្រើប្រាស់មួយចំនួនបានប្រើលេខសម្ងាត់ដូចជា “football” “iloveyou” “letmein” និង “pokemon” ដែលនេះបង្ហាញថាអ្នកប្រើប្រាស់ជាច្រើននៅតែមិនមានការប្រុងប្រយ័ត្នជាមួយនឹង សុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានៅឡើយទេ។
គួររំឭកផងដែរថា កាលពីខែកក្កដាកន្លងទៅ ក៏មាននិស្សិតម្នាក់បានធ្វើការស្រាវជ្រាវទាក់ទងនឹងបញ្ហាលេខសម្ងាត់នេះ ហើយនាយកដ្ឋានក៏បានធ្វើការផ្សព្វផ្សាយរួចមកហើយដែរ។ ដូច្នេះជាថ្មីម្ដងទៀត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យប្រើលេខសម្ងាត់ដែលមានលក្ខណៈស្មុគស្មាញ និងពិបាកស្មានជាងនេះបន្តិច ចៀសវាងប្រើលេខសម្ងាត់ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ ស្លាកលេខយានយន្ត ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការលួចចូលរបស់ជនអនាមិក៕
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280
ប្រភពពី៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department