ផលវិបាកជាច្រើននៃការចោរកម្ម (Piracy) ឬការលួចចំលងឌីជីថល
មាតិកាឌីជីថល (Digital Content) អាចមានតម្លៃថ្លៃណាស់ ជាពិសេសគឺកញ្ចប់សូហ្វវែ៉រ (software packages)។ ពេលខ្លះ មាតិកានេះត្រូវចំណាយអស់ទឹកប្រាក់ជាច្រើនពាន់ដុល្លារ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានលទ្ធភាពទិញនៅក្នុងតម្លៃថ្លៃបែបនេះទេ។ ប្រសិនបើអ្នកចំណាយពេលខ្លះនៅលើអ៊ីនធឺណិតនោះ អ្នកអាចនឹងលឺអំពីការលួចចម្លង ឬចោរកម្មឌីជីថល។ ការលួចចម្លងឌីជីថលគឺជាទម្រង់មួយនៃការរំលោភបំពានច្បាប់រក្សាកម្មសិទ្ធិបញ្ញា។ ទោះជាយ៉ាងណាក៏ដោយ ការលួចចម្លងមិនត្រូវបានកំណត់ត្រឹមតែសូហ្វវែ៉រ នោះទេ។ ការលួចចម្លងរួមបញ្ចូលខ្សែភាពយន្ត សៀវភៅ និងហ្គេមជាច្រើនផងដែរ។ វាមានផលវិបាកជាច្រើននៃការលួចចម្លងឌីជីថល។
ការលួចចម្លងឌីជីថលគឺជាទង្វើនៃការទាញយក និងចែកចាយនូវកម្មសិទ្ធិបញ្ញា (Copyrighted) ដោយមិនចាំបាច់បង់ប្រាក់សម្រាប់វានោះទេ។ ហើយវាពិតជាទង្វើខុសច្បាប់។ ការលួចចម្លងឌីជីថលគឺជាការរំលោភលើច្បាប់រក្សាសិទ្ធិ។ វាអាចបណ្តាលឱ្យមានការផាកពិន័យ និងជាប់ពន្ធនារផងដែរ។ បើគិតពីការលួចចម្លងឌីជីថល គឺជាទម្រង់នៃការលួចអត្តសញ្ញាណឌីជីថល (Digital Theft)។ ជារៀងរាល់ឆ្នាំការលួចចម្លងឌីជីថល គឺមានតម្លៃរាប់ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនគ្រាន់តែសម្រាប់ការបាត់បង់ផ្នែកហិរញ្ញវត្ថុនោះទេ។
ហេតុអ្វីវាមានការលួចចម្លង?
មិនមែនគ្រប់គ្នាដែលប្រើប្រាស់អ៊ីនធឺណិត គឺជាចោរលួចតាមកុំព្យូទ័រនោះទេ។ មនុស្សភាគច្រើនគោរពតាមច្បាប់ និងបង់ប្រាក់សម្រាប់មាតិកា និងកម្មវិធីដែលពួកគេប្រើប្រាស់។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់មួយចំនួនជឿថា កម្មវិធី Software ខ្សែភាពយន្ត តន្រ្តី និងហ្គេមជាច្រើនគួរតែអាចរកបានដោយសេរី។ ប៉ុន្តែវាមិនមែនគិតតែអំពីប្រាក់នោះទេ។
- មូលហេតុទូទៅបំផុតសម្រាប់ការលួចចម្លងឌីជីថលគឺមិនមានបំណងក្នុងការបង់ប្រាក់។ ជាក់ស្តែងមនុស្សចង់បានអ្វីៗដោយឥតគិតថ្លៃ។ វេបសាយ Torrent និងការចែករំលែក P2P ធ្វើឱ្យវាកាន់តែងាយស្រួលជាងមុនដើម្បីទាញយក (Download)។ អ្នកអាចទទួលបានអ្វីៗគ្រប់យ៉ាងចាប់ពីកម្មវិធី Software រហូតដល់ខ្សែភាពយន្ត និងសៀវភៅជាច្រើន។ ហើយក្នុងករណីជាច្រើន វាអាចចំណាយពេលពីរបីនាទីប៉ុណ្ណោះដើម្បីទាញយកវា
- ក្នុងករណីជាច្រើន មនុស្សដែលអាចទាញយកដោយខុសច្បាប់ដោយសារតែមានបញ្ហាហិរញ្ញវត្ថុ។ ពួកគេមិនមានលទ្ធភាពទិញវាបាននោះទេ។ មនុស្សជាច្រើនមិនមានលុយដើម្បីទិញតាមស្របច្បាប់ទេ
- ហេតុផលមួយទៀតគឺការជឿជាក់ថា ក្រុមហ៊ុនជាច្រើនមានលុយគ្រប់គ្រាន់។ ពួកគេអាចជឿជាក់ថា ពួកគេមានសិទ្ធិចែកចាយដោយឥតបង់ថ្លៃដល់អ្នកមានសំណាង ហើយផ្តល់ឱកាសឱ្យគ្រប់គ្នារីករាយ ឬការប្រើប្រាស់វា
- មនុស្សខ្លះធ្វើវាដើម្បីផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ។ ពួកហេគឃ័រអាចទាញយកខ្លឹមសារនៃការលួចចម្លងនេះដោយមានគោលបំណងលក់វាឡើងវិញសម្រាប់ការរកប្រាក់ចំណេញ
- ពួកហេគឃ័រ និងក្រុមវិស្វករបណ្តាញសង្គមប្រើប្រាស់ខ្លឹមសារនៃការលួចចម្លងដើម្បីចែកចាយមេរោគនិងឆ្លងទៅលើប្រព័ន្ធរបស់អ្នកប្រើប្រាស់
- ការប្រើតែម្តងគឺជាលេសមួយទៀតសម្រាប់ការលួចចម្លងមាតិកាដែលមានការរក្សាសិទ្ធិ (copyrighted content)។ អ្នកប្រើប្រាស់ជាច្រើនអាចចង់មើលថា តើខ្សែភាពយន្តនេះល្អមើលទេមុននឹងមើលវានៅរោងល្ខោននោះ។ ស្រដៀងគ្នានេះដែរ អ្នកប្រហែលជាចង់ទាញយកកម្មវិធីដើម្បីដំណើរការភារកិច្ចពិសេសណាមួយសិន។ បន្ទាប់ពីប្រើប្រាស់វាម្តងរួចមក ពួកគេលុបវា ឬ Uninstall ទៅលើកម្មវិធីនេះ
- មនុស្សមួយចំនួនមិនឃើញអំពីការលួចចម្លងឌីជីថលនេះថាជាអំពើចោរកម្មទេ។ ពួកគេមិនយល់ឃើញថាមាតិកាឌីជីថលដូចគ្នាដូចទៅនឹងអ្វីដែលពួកគេកំពុងតែធ្វើជាក់ស្តែង (physical) នោះទេ ។
ផលវិបាកជាច្រើននៃការលួចចម្លងឌីជីថល
ផលវិបាកជាច្រើននៃការលួចចម្លងឌីជីថលគឺមានកម្រិតខ្ពស់។ អ្នកអាចស្រមៃមើលមួយភ្លែតថា អ្នកគឺជាអ្នកនិពន្ធ និងអ្នកលេងភ្លេងម្នាក់។ អ្នកវិនិយោគរយៈពេលមួយឆ្នាំពេញដើម្បីសរសេរអាល់ប៊ុមដំបូងរបស់អ្នក។ អាល់ប៊ុមថ្មីរបស់អ្នកត្រូវបានផលិត និងវាយលុកទីផ្សារ។ អ្នកចាប់ផ្តើមរកប្រាក់តិចតួច។ ទោះជាយ៉ាងណាក៏ដោយ អ្នកដឹងថាអាល់ប៊ុមរបស់អ្នកត្រូវលួចចម្លង និងចែកចាយដោយឥតគិតថ្លៃលើអ៊ីនធឺណិត។ ឥឡូវនេះអ្នកចាប់ផ្តើមខាតបង់ប្រាក់។ អ្នកមិនអាចមានលទ្ធភាពសរសេរអាល់ប៊ុមទីពីរបានទេដោយសារតែការបាត់បង់ផ្នែកហិរញ្ញវត្ថុនេះ។ លើសពីនេះទៀត អ្នករកឃើញនរណាម្នាក់លក់អាល់ប៊ុមរបស់អ្នកសម្រាប់តម្លៃថោក។ ជាលទ្ធផលអ្នកមិនត្រឹមតែខាតបង់លុយទេ តែអ្នកផ្សេងទៀតកំពុងទទួលបានផលប្រយោជន៍ពីការងាររបស់អ្នក។ បើគ្មានច្បាប់រក្សាសិទ្ធិទេ អ្នកនឹងមិនមានផ្លូវច្បាប់នោះទេ។
ក្រៅពីបញ្ហាផ្នែកច្បាប់ ការលួចចម្លងឌីជីថលក៏អាចមានផលប៉ះពាល់លើអ៊ីនធឺណិតផងដែរ។ ដូចដែលបានលើកឡើងខាងលើនេះ ពួកហេគឃ័រប្រើប្រាស់មាតិកានៃការលួចចម្លងដើម្បីបញ្ជូលពពួកមេរោគ malware, trojans និងវីរុស។ ក្រុមហ៊ុនដែលប្រើកម្មវិធីលួចចម្លង គឺស្មើនឹងការរំលោភសិទ្ធិអ្នកនិពន្ធ និងការរំលោភបំពានជាច្រើនទៀត។ ប្រព័ន្ធព័ត៌មានរបស់ពួកគេ ក៏អាចប្រឈមមុខទៅនឹង malware ឬវីរុសជាច្រើនទៀតផងដែរ។ ពួកហេគឃ័របន្ទាប់មកប្រើប្រាស់នូវប្រព័ន្ធឆ្លងមេរោគទាំងនេះដើម្បីចាប់ផ្តើមការវាយប្រហារ ឬប្រើប្រាស់ដើម្បីរុករករូបិយប័ណ្ណឌីជីថល (Cryptocurrency) ។
ការទាញយកតាម Torrent ភ្ជាប់មកជាមួយនូវហានិភ័យផ្ទាល់ខ្លួន។ ដោយសារតែអ្នកដែលទាញយកក៏កំពុងចែកចាយផងដែរ។ IP Address គឺជាបង្ហាញជាសាធារណៈ ហើយអាចត្រូវបានតាមដានយ៉ាងងាយស្រួលផងដែរ។ ដោយសារតែកម្មវិធីលួចចម្លងមិនអាចត្រូវធ្វើបច្ចុប្បន្នភាពបាននោះ វាអាចជាទ្វារចំហរឱ្យមានការវាយប្រហារទៅលើចំនុចខ្សោយនានាដែលមាននៅក្នុងកម្មវិធីទាំងនោះ។ Patch សុវត្ថិភាពនេះមិនត្រូវតំឡើងនោះទេ ពីព្រោះកម្មវិធីនេះមិនអាចធ្វើការផ្ទៀងផ្ទាត់ទៅលើម៉ាស៊ីន Servers ដែលបានធ្វើបច្ចុប្បន្នភាពរួចហើយនោះ។ ប្រព័ន្ធប្រតិបត្តិការដែលបានលួចចម្លងអាចបិទសេវាកម្មសំខាន់ៗជាច្រើន។ ជញ្ជាំងភ្លើង (Firewalls) និងការធ្វើបច្ចុប្បន្នភាពអាចត្រូវបិទ ហើយជាលទ្ធផលបណ្តាលអោយមានចំនុចខ្សោយជាច្រើនត្រូវបានបើកចំហ និងមានសុវត្ថិភាពតិចជាងមុន។
ការការពារខ្លួនអ្នក
វាអាចត្រូវគេកែប្រែ ឬផ្លាស់ប្តូរនៅលើមាតិកាការលួចចម្លងឌីជីថលនេះ។ ប៉ុន្តែហានិភ័យជាញឹកញាប់មានលើសពីផលប្រយោជន៍។ អ្នកអាចទទួលបានបញ្ហាផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរប្រសិនបើត្រូវចាប់ខ្លួនដែលនាំឱ្យមានការជាប់ពន្ធនាគារ និងពិន័យជាទឹកប្រាក់យ៉ាងច្រើន។ ប៉ុន្តែបញ្ហាផ្នែកច្បាប់មិនមែនជាការគំរាមតែមួយគត់ពីការលួចចម្លងឌីជីថលនោះទេ។ មេរោគ និងភាពងាយរងគ្រោះអាចធ្វើអោយប្រព័ន្ធមានហានិភ័យខ្ពស់សម្រាប់ការវាយប្រហារ។ ខណៈពេលដែលវាហាក់ដូចជាមិនមានគ្រោះថ្នាក់នោះទេ, ការលួចចម្លងបានធ្វើឱ៌្យមានការខាតបង់រាប់ពាន់លានក្នុងជារៀងរាល់ឆ្នាំ។ ជាលទ្ធផលតម្លៃដែលប៉ះពាល់ដល់អតិថិជនក៏មានការកើនឡើងផងដែរ។
មធ្យោបាយតែមួយគត់ដើម្បីការពារខ្លួនអ្នកពីការលួចចម្លងនោះ គឺមិនត្រូវទាញយកដោយខុសច្បាប់ទេ។ ត្រូវប្រើប្រាស់តែកម្មវិធី Software ដែលទុកចិត្តចេញពីគេហទំព័រដែលជឿទុកចិត្តប៉ុណ្ណោះ។ កុំទទួលយកច្បាប់ចម្លងពីមិត្តភក្ដិ ឬពីប្រភពដែលអ្នកមិនស្គាល់។ ប្រសិនបើអ្នកមិនអាចមានលទ្ធភាពទិញវា សូមរកមើលទៅក្នុងកំណែសាកល្បង ឬកម្មវិធីឥតគិតថ្លៃ។ កម្មវិធី Open source Software គឺជាជម្រើសឥតគិតថ្លៃដ៏អស្ចារ្យមួយផងដែរ។ ការប្រើប្រាស់សេវា streaming ដើម្បីស្តាប់តន្ត្រី និងមើលខ្សែភាពយន្ត។ ការ Subscription គឺកាន់តែមានតំលៃសមរម្យនៅពេលនេះ។ ផលវិបាកជាច្រើននៃការលួចចម្លងឌីជីថលគឺពិតប្រាកដណាស់។ វាមានតែអ្នកប៉ុណ្ណោះដែលអាចការពារខ្លួនអ្នកពីគ្រោះថ្នាក់ជាច្រើនបាន៕
ប្រភព: Cybersecurity Magazine