តាមព័ត៌មានពីវេបសាយ CNA បានឱ្យដឹងថា អ្នកស៊ើបអង្កេតនៅក្នុងក្រុមហ៊ុនហ្វេសប៊ុកបានរកឃើញដានក្រុមហេគគ័រ ដែលគេសង្ស័យថាបានធ្វើចារកម្មក្នុងនាមរដ្ឋាភិបាលវៀតណាម ទៅលើក្រុមហ៊ុនមួយនៅទីក្រុងហូជីមិញ។
សេចក្តីប្រកាសនេះចេញផ្សាយនាថ្ងៃទីសុក្រ ទី១១ នេះ គឺជាលើកទីមួយហើយដែលក្រុមហ៊ុនហ្វេសប៊ុកបានបញ្ចេញព័ត៌មានជាសាធារណៈទៅលើប្រតិបត្តិការវាយលុក (offensive hacking operation) ហើយបើពិតប្រាកដមែននោះ វាគឺជាករណីដ៏កម្រមួយដែលក្រុមហេគគ័រគាំទ្រដោយរដ្ឋ ត្រូវបានកំណត់ទៅលើអង្គភាពពិតប្រាកដមួយ។
ក្រុមហេគគ័រនេះ ដែលត្រូវបានស្គាល់ថា OceanLotus ឬ APT32 ត្រូវបានរងការចោទប្រកាន់រាប់ឆ្នាំរួចទៅហើយ លើការងារចារកម្មកិច្ចការនយោបាយ, មន្រ្តីរដ្ឋាភិបាលបរទេស និងអ្នកធុរកិច្ចធំៗ។ អង្គភាពព័ត៌មាន Reuters បានចេញផ្សាយក្នុងឆ្នាំនេះថា ក្រុមនោះបានព្យាយាមធ្វើការបំបែកចូលទៅក្នុង ក្រសួងគ្រប់គ្រងឧប្បទេវហេតុរបស់រដ្ឋាភិបាលចិន (Ministry of Emergency Management) និងរដ្ឋាភិបាលនៃខេត្ត Wuhan ក្នុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។
ហ្វេសប៊ុកបាននិយាយថា ខ្លួនបានរកឃើញនូវការតភ្ជាប់រវាងក្រុមហេគគ័រ OceanLotus និងក្រុមហ៊ុនវៀតណាមមួយឈ្មោះថា CyberOne Group ដែលបានដាក់អាស័យដ្ឋាននៅលើសង្កាត់ពាណិជ្ជកម្ម នៅទីក្រុងហូជីមិញ។
ក្រុមហ៊ុន CyberOne Group បានធ្វើការបដិេសធន៍មិនជាប់ពាក់ព័ន្ធទៅនឹងក្រុមហេគគ័រនោះទេ។ បើតាមការឆ្លើយតបរបស់បុគ្គលិកកាន់កាប់ទំព័រហ្វេសប៊ុករបស់ CyberOne Group (ដែលពេលនេះបានបិទទៅហើយនោះ) បានសរសេរថា “យើងមិនមែនជាក្រុម Ocean Lotus នោះទេ។ វាគឺជាកំហុសឆ្គងមួយ។”
ក្រសួងការបរទេសវៀតណាម ដែលទទួលបន្ទុករាល់ការសាកសួរពាក់ព័ន្ធកិច្ចការអន្តរជាតិ ក៏មិនបានឆ្លើយតបទៅនឹងការសាកសួរភ្លាមៗផងដែរ។ កាលពីលើកមុន ក្រសួងក៏បានបដិេសធន៍ម្តងរួចមកហើយ ពាក់ព័ន្ធទៅនឹងករណី OceanLotus នេះ។
ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា ក្រុមហេគគ័របានប្រើប្រាស់ថ្នាលបច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើការវាយប្រហារតាមអុីនធឺណិតដ៏សំបូរបែប ដែលមានទាំងការបន្លំធ្វើជាគណនីក្លែងក្លាយ ដើម្បីបោកបញ្ជោតផងដែរ។
លោក Nathaniel Gleicher ដែលជាប្រធានគោលនយោបាយសន្តិសុខអុីនធឺណិតមកពីក្រុមហ៊ុនហ្វេសប៊ុក បាននិយាយថា ខ្លួនបានរកឃើញនូវភស្តុតាងបច្ចេកទេស ដែលបានតភ្ជាប់ CyberOne’s Facebook Page ទៅកាន់គណនីដែលប្រើប្រាស់នៅក្នុងយុទ្ធនាការវាយប្រហារ (hacking), ក៏ដូចជាការវាយប្រហារ OceanLotus ផ្សេងៗទៀតផងដែរ។ លោកបានបដិេសធន៍ មិនបង្ហាញភស្តុតាងលំអិតឡើយ ដោយបានលើកឡើងពីហេតុផលក្នុងការលំបាកតាមដានក្រុមនេះនៅពេលក្រោយទៀត។ ប៉ុន្តែ គាត់បាននិយាយ ខ្លួនមានព័ត៌មានអំពី ហេដ្ឋារចនាសម្ព័ន្ធអនឡាញ កូដមេរោគ និងកម្មវិធីសម្រាប់ហេគ និងបច្ចេកទេសផ្សេងៗទៀត។
អ្នកដឹកនាំជាន់ខ្ពស់មកពី FireEye ឈ្មោះថា Ben Read និងលោក Marc-Étienne Léveillé អ្នកស្រាវជ្រាវមកពី ESET Group បាននិយាយថា សកម្មភាពវាយប្រហារតាមអុីនធឺណិត ដែលត្រូវបានបង្ហាញដោយក្រុមហ៊ុនហ្វេសប៊ុក គឺមានភាពស៊ីសង្វាក់ទៅនឹងប្រតិបត្តិការរបស់ OceanLotus។ ក្រុម OceanLotus នេះមានប្រតិបត្តិការចាប់ពីឆ្នាំ២០១៣ ហើយត្រូវបានចោទប្រកាន់ថា ទទួលបានការគាំទ្រដោយរដ្ឋាភិបាលវៀតណាម។
ហ្វេសប៊ុកបាននិយាយថាខ្លូនមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ក្រុម OceanLotus ក្រៅពី CyberOne Group ឡើយ ហើយក្រុមនេះក៏ប្រើប្រាស់ឈ្មោះ CyberOne Security, CyberOne Technologies, Hành Tinh Company Limited, Planet and Diacauso ។
CyberOne មានព័ត៌មានតិចតួចណាស់អំពីខ្លួនឯងនៅលើវេបសាយ ដោយគ្រាន់តែនិយាយថាខ្លួនមានបុគ្គលិកប្រហែលជា ២០០នាក់ ផ្តល់នូវសេវាកម្មបច្ចេកវិទ្យាសន្តិសុខសំខាន់ៗ។
ទំព័រការងាររបស់ក្រុមហ៊ុន CyberOne បានលប់ចោលក្រោយពេលដែលអង្គភាព Reuters បានធ្វើការទាក់ទងទៅនឹងការផ្សព្វផ្សាយរកតួនាទី សម្រាប់អ្នកដែលមានសមត្ថភាព hacking skill និងបទពិសោធន៍ក្នុងការវិភាគមេរោគ៕
ប្រភព៖
https://www.channelnewsasia.com/news/business/facebook-vietnam-it-firm-oceanlotus-hackers-13748660
================
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280