ធនាគារយក្សធំៗនៅសហរដ្ឋអាមេរិក ចាប់ផ្ដើមបិទខ្ទប់ Third-Party AI Agents មិនឱ្យចូលដំណើរការគណនីអតិថិជន ក្រោយប្រទះឃើញ AI ធ្វើប្រតិបត្តិការផ្ទាល់ខ្លួនដោយគ្មានបញ្ជា

តាមប្រភពច្បាស់ការណ៍ពីររូបដែលដឹងពីបញ្ហានេះបានបង្ហើបឱ្យដឹងកាលពីថ្ងៃទី២២ ខែតុលា ថា ធនាគារធំៗនៅសហរដ្ឋអាមេរិកបាននិងកំពុងចាត់វិធានការរារាំងប្រព័ន្ធបញ្ញាសិប្បនិម្មិតស្វ័យប្រវត្តិនៃភាគីទីបី (Third-party AI Agents) មិនឱ្យចូលដំណើរការ ឬធ្វើប្រតិបត្តិការផ្ទាល់នៅក្នុងគណនីរបស់អតិថិជនឡើយ។ ចំណាត់ការនេះកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានភ្នាក់ងារ AI មួយចំនួនបានលួចចូលទៅកាន់គណនីធនាគារ ហើយចាត់ចែងសកម្មភាពដោយឯករាជ្យ ដោយពុំមានការបញ្ជាផ្ទាល់ពីម្ចាស់គណនីនោះទេ។
វិស័យធនាគារកំពុងតែបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើង ពីព្រោះប្រព័ន្ធ AI Agent ដ៏ទំនើបទាំងនេះអាចបង្កផលប៉ះពាល់ និងហានិភ័យដល់ប្រព័ន្ធធនាគារ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់សារព័ត៌មាន Axios កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពពីអ្នកដឹងរឿងនេះ បានឱ្យដឹងថា AI Agent មួយចំនួនបានព្យាយាមធ្វើប្រតិបត្តិការដែលមើលទៅហាក់ដូចជាធ្វើឡើងដោយស្វ័យប្រវត្តិ និងឯករាជ្យពីការបញ្ជារបស់អ្នកប្រើប្រាស់។
បុគ្គលម្នាក់ដែលបម្រើការក្នុងវិស័យធនាគារបានលើកឡើងថា ក្នុងករណីមួយចំនួន អតិថិជនធនាគារបានចែករំលែកឈ្មោះគណនី (Login ID) និងពាក្យសម្ងាត់ (Password) របស់ខ្លួនទៅកាន់ភ្នាក់ងារ AI ទាំងនោះ។ ស្របពេលជាមួយគ្នានេះ ធនាគារតែងតែពិនិត្យឃើញភាពមិនប្រក្រតី និងបានរារាំងប្រតិបត្តិការទាំងនោះទាន់ពេលវេលា។ ទោះជាយ៉ាងណា ប្រតិបត្តិការបែបនេះមិនអាចចាត់ទុកជា «ប្រតិបត្តិការគ្មានការអនុញ្ញាត (Unauthorized)» ទាំងស្រុងបានឡើយ ប្រសិនបើព័ត៌មានសម្ងាត់សម្រាប់ចូលគណនីត្រូវបានផ្តល់ដោយផ្ទាល់ពីសំណាក់អតិថិជន។
ប្រភពដដែលបានឱ្យដឹងទៀតថា ធនាគារ Morgan Stanley (MS.N) បានរារាំង AI Agent ភាគីទីបីមិនឱ្យចូលប្រើប្រាស់ថ្នាលប្រព័ន្ធរបស់ខ្លួននោះទេ ប៉ុន្តែស្ថាប័ននេះមិនទាន់បានជួបប្រទះករណីបំពាន ឬប្រតិបត្តិការខុសប្រក្រតីណាមួយដែលបង្កឡើងដោយ AI Agent នៅឡើយទេ។
កាលពីដើមខែនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នធនាគារនានាបានជួបប្រជុំពិភាក្សាគ្នាអំពីហានិភ័យនៃការឱ្យ AI Agent ធ្វើសកម្មភាពជំនួសមុខឱ្យអតិថិជន ដោយក្នុងនោះមានការព្រមានថា បច្ចេកវិទ្យានេះកំពុងបង្កើនហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់ទាំងអតិថិជន និងគ្រឹះស្ថានធនាគារផ្ទាល់។
លោក Jamie Dimon នាយកប្រតិបត្តិ (CEO) នៃធនាគារ JPMorgan Chase (JPM.N) បានមានប្រសាសន៍កាលពីដើមខែនេះថា ស្ថាប័នផ្តល់ប្រាក់កម្ចីធំបំផុតរបស់អាមេរិកមួយនេះ កំពុងបង្កើតឧបករណ៍ដើម្បីទប់ទល់នឹងហានិភ័យដែលបង្កឡើងដោយ AI Agent ក្នុងការបំពេញភារកិច្ចដោយស្វ័យប្រវត្តិនេះ។
លោកបានបញ្ជាក់នៅពេលនោះថា៖ «យើងនឹងមិនអនុញ្ញាតឱ្យភ្នាក់ងារខាងក្រៅណាមួយចូលមកក្នុងប្រព័ន្ធក្រុមហ៊ុននោះឡើយ ពីព្រោះវាមានហានិភ័យខ្ពស់ពេកសម្រាប់អតិថិជន ក៏ដូចជាសម្រាប់ JPMorgan ផ្ទាល់»។
ចំណែកលោក Richard Wurster នាយកប្រតិបត្តិក្រុមហ៊ុន Charles Schwab (SCHW.N) ក៏បានលើកឡើងកាលពីដើមខែនេះដែរថា ក្រុមហ៊ុនឈ្មួញជើងសាហិរញ្ញវត្ថុរបស់លោក ក៏កំពុងបិទខ្ទប់ភ្នាក់ងារដែលគ្មានការអនុញ្ញាតផងដែរ។
លោក Wurster បានថ្លែងថា៖ «ខ្ញុំទទួលបានរបាយការណ៍ជារៀងរាល់ថ្ងៃដើម្បីតាមដានថាតើយើងត្រូវបិទខ្ទប់ភ្នាក់ងារទាំងនោះប៉ុន្មានលើក ហើយតួលេខគឺមិនច្រើននោះទេ ពីព្រោះខ្ញុំយល់ថា មនុស្សភាគច្រើនមិនទាន់យកបច្ចេកវិទ្យានេះមកប្រើប្រាស់ក្នុងជីវិតហិរញ្ញវត្ថុរបស់ពួកគេនៅឡើយទេ។ យើងសម្រេចចិត្តបិទខ្ទប់វា ពីព្រោះយើងចង់គ្រប់គ្រងលើការផ្ទៀងផ្ទាត់អត្តសញ្ញាណ (Authentication) និងបទពិសោធន៍សុវត្ថិភាពរបស់អ្នកប្រើប្រាស់»។
(សេចក្តីរាយការណ៍ដើមដោយ Devika Nair និង Arasu Kannagi Basil នៅទីក្រុង Bengaluru រួមជាមួយ Tatiana Bautzer និង Nupur Anand នៅទីក្រុង New York; សម្រួលអត្ថបទដោយ Jochelle Mendonca, Chris Sanders និង David Gaffen នៃទីភ្នាក់ងារសារព័ត៌មាន Reuters)
🔗 ប្រភពយោងដើម (Credit): https://www.reuters.com/legal/government/us-banks-detect-unauthorized-ai-agents-customer-accounts-axios-reports-2026-10-22/
អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security
Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕




