Uninstall QuickTime for Windows ក្នុងពេលនេះ

កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Trend Micro បានចេញនូវសេចក្តីព្រមានមួយដ៏កំរ ប្រាប់ទៅដល់អ្នកប្រើប្រាស់កម្មវិធី Apple’s QuickTime នៅក្នុងវីនដូរទាំងអស់ ឲ្យធ្វើការលប់ចោល (uninstall) នូវកម្មវិធីនេះជាបន្ទាន់តាមតែអាចធ្វើទៅបាន ពីព្រោះក្រុមហ៊ុន Apple បានបញ្ឈប់នូវការអាប់ដេតសម្រាប់កម្មវិធីនេះ ហើយស្របពេលជាមួយនឹងការរកឃើញនូវចំនុចខ្សោយថ្មីចំនួន ០២ ។

នៅក្នុងប្លុករបស់ខ្លួន ក្រុមហ៊ុន Trend Micro បានសរសេរថា “ក្រុមហ៊ុនខ្លួនបានចេញផ្សាយនូវសេចក្តីណែនាំចំនួនពីរ (០២) គឺ ZDI-16-241 និង ZDI-16-242 ដែលបង្ហាញនូវចំនុចខ្សោយស្រួចស្រាយប៉ៈពាល់ទៅដល់អ្នកប្រើប្រាស់ QuickTime នៅក្នុងវីនដូរ។ ការបញ្ចេញនូវព័ត៌មានស្តីពីចំនុចខ្សោយនេះ (Zero-Day vulnerability) គឺធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចេញព័ត៌មាន Zero Day នៅពេលដែល អ្នកផលិត (vendor) មិនបានបញ្ចេញនូវកម្មវិធីជួសជុល (patch) បន្ទាប់ពីមានការជូនដំណឹង ហើយក៏ព្រោះតែក្រុមហ៊ុន Apple មិនបានធ្វើការ អាប់ដេតតទៅទៀតឡើយសម្រាប់ QuickTime នៅក្នុងវីនដូរ ជាហេតុធ្វើឲ្យចំនុចខ្សោយទាំងពីរនេះ គឺនឹងមិនទទួលបាននូវការជួសជុលឡើយ ។”

ក្រុមហ៊ុន Trend Micro បានបន្តទៀតថា ខ្លួនមិនទាន់ឃើញមានការវាយប្រហារខ្លាំក្លាណាមួយដែលបណ្តាលមកពីចំនុចខ្សោយទាំងនេះទេក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែជាមធ្យោបាយតែមួយគត់ដើម្បីការពារប្រព័ន្ធវីនដូរកុំឲ្យរងការវាយប្រហារ គឺត្រូវតែលុបចោលកម្មវិធី Apple QuickTime ។ ក្នុងន័យនេះ កម្មវិធី QuickTime for Windows គឺបន្ថែមទៅលើកម្មវិធី Windows XP និង Oracle Java 6 ដែលគឺជាប្រភេទកម្មវិធីមិនទទួលបាន ការអាប់ដេតជួសជុលចំនុចខ្សោយតទៅទៀតឡើយ ហើយហានិភ័យគឺមានការកើនឡើងជាលំដាប់ ដោយសារតែចំនុចខ្សោយត្រូវបានគេឃើញជាបន្តបន្ទាប់ ។

យោងទៅតាម Trend Micro បានឲ្យដឹងថា ក្រុមហ៊ុន Apple បានផ្តល់អនុសាសន៍ឲ្យធ្វើការលុបចោល (uninstall) QuickTime នេះផងដែរ។

ប្រភព៖ Trend Micro / ប្រែសម្រួល៖ SecuDemy.com

Exit mobile version