តោះ! មកស្វែងយល់អំពីមុខងារថ្មីរបស់ខួរក្បាលកុំព្យូទ័រ (Processor) Microsoft Pluton
កាលពីថ្ងៃអង្គារកន្លងទៅនេះក្រុមហ៊ុន Microsoft បានបង្ហាញបន្ថែមទៀតទាក់ទងនឹងការបង្កើតឈីបសុវត្ថិភាពថ្មីមួយ ដែលមានឈ្មោះថា Pluton ហើយនឹងដាក់បញ្ចូលជាមួយ Processor របស់កុំព្យូទ័របច្ចុប្បន្ន ដើម្បីឱ្យការប្រើប្រាស់កុំព្យូទ័រនៅលើប្រព័ន្ធប្រតិបត្តិការ Windows ឱ្យកាន់តែមានសុវត្ថិភាព និងចៀសវាងពីការជ្រៀតចូលលួចយកទិន្នន័យផ្សេងៗបាន។ Pluton គឺជាបច្ចេកវិទ្យាដែលស្រដៀងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន Microsoft បានប្រើជាមួយនឹងឧបករណ៍លេងហ្គេម Xbox ដើម្បីការពារឧបករណ៍នេះពីការជ្រៀតចូល ឬផ្លាស់ប្ដូរប្រព័ន្ធប្រតិបត្តិការ ក្នុងការបញ្ចូលហ្គេមដែលមិនមានការអនុញ្ញាតរួចមកហើយដែរ។
គោលបំណងក្នុងការបង្កើត ឈីប Pluton គឺដើម្បីយកមកប្រើជំនួសឱ្យប្រព័ន្ធ Trusted Platform Module (TPM) ដែលបាននឹងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ប៉ុន្តែវាមានភាពចន្លោះប្រហោងមួយចំនួនដែលអាចឱ្យជនអនាមិកទាញយកទិន្នន័យដែលបានផ្លាស់ប្ដូររវាង TPM និង CPU បានយ៉ាងងាយស្រួល ប្រសិនបើពួកគេអាចមានឱកាសចូលប្រើកុំព្យូទ័រនោះ។
ដើម្បីកែសម្រួលទៅលើបញ្ហានេះឈីប Pluton នឹងត្រូវដាក់បញ្ចូលជាមួយ Processor ធំរបស់កុំព្យូទ័រ ដើម្បីចៀសវាងពីការផ្ទេរទិន្នន័យទៅវិញទៅមក។ ម្យ៉ាងវិញទៀតឈីបនេះក៏មានមុខងារក្នុងការធ្វើបច្ចុប្បន្នភាពផ្នែកទាំងអស់របស់កុំព្យូទ័រ ដោយមិនចាំបាច់តម្រូវឱ្យលោកអ្នកចូលទៅក្នុងគេហទំព័ររបស់ផ្នែកនីមួយៗដើម្បីធ្វើបច្ចុប្បន្នភាពទៀតផង។
បច្ចុប្បន្នក្រុមហ៊ុន Microsoft កំពុងតែបង្កើតឈីបថ្មីនេះជាមួយក្រុមហ៊ុនបង្កើតឈីបធំៗដូចជា Intel, AMD និង Qualcomm ប៉ុន្តែក្រុមហ៊ុនពុំបានឱ្យដឹងទេ ថាតើពេលណាគេនឹងដាក់ប្រព័ន្ធឈីបថ្មីនេះឱ្យប្រើប្រាស់នោះទេ៕
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280
ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department