FBI ទំលាក់ចោលក្តីក្តាំតុលាការជាមួយ Apple ដោយសារតែបានដោះកូដទូរស័ព្ទ iPhone រួចរាល់

បន្ទាប់ពីការតតាំងគ្នារាប់សប្តាហ៍រួចមកហើយ ការតតាំងគ្នានៅតុលាការរវាង FBI និងក្រុមហ៊ុន Apple បានដល់ទីបញ្ចប់ហើយនៅក្នុងថ្ងៃនេះ ។

រដ្ឋាភិបាលអាមេរិកបានធ្វើការប្រកាសជាផ្លូវការថា ខ្លួនបានជោគជ័យក្នុងការចូលទៅក្នុងទូរស័ព្ទ iPhone 5c របស់ភេរវករ (ដោះកូដបានជោគជ័យ) ហើយបាននឹងកំពុងធ្វើការស្នើសុំទៅដល់តុលាការដើម្បីធ្វើការទំលាក់ចោលដីការរបស់ខ្លួន ដែលចាប់បង្ខំឲ្យក្រុមហ៊ុន Apple ធ្វើការដោះកូដ កាលពីលើកមុននោះ។

ភាគីទីបីដែលស្ថិតនៅក្នុងភាពអាថ៌កំបាំង ហើយដែលបានជួយដល់រដ្ឋាភិបាលនោះ គឺមិនត្រូវបានបង្ហើបអត្តសញ្ញាណឡើយ ហើយរដ្ឋាភិបាលក៏មិនមានហេតុផលណាមួយដើម្បីបង្ហើបពីវិធីសាស្ត្រនេះដែរ។ ក្រុមហ៊ុន Apple នឹងធ្វើការសាកសួរលំអិតអំពីវិធីសាស្ត្របំបែកថ្មីនេះ ដែលអាចឲ្យខ្លួនធ្វើការជួសជុលកំហុសឆ្គងនេះ នៅក្នុងជំនាន់ថ្មីរបស់ iOS ។

ការវិវឌ្ឍចុងក្រោយនៃករណីមួយនេះគឺមានភាពស្រពិចស្រពិល ។ FBI បានធ្វើការជាមួយនឹងភាគីទីបី (ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ) ដោយប្រើប្រាស់វិធីសាស្ត្រដែលគេមិនស្គាល់ ដើម្បីធ្វើការដោះកូដ iPhone ។ យើងក៏មិនបានដឹងពិតប្រាកដដែលថា FBI ពិតជាបានដោះកូដបានជោគជ័យពិតមែនឬអត់នោះទេ ។

ក្រុមហ៊ុន Apple បានធ្វើការប្រឆាំងទៅនឹងសំណើរបស់រដ្ឋាភិបាលពីព្រោះក្រុមហ៊ុននេះគិតថា វានឹងក្លាយទៅជាទីចំណោទដែលរអិលចុះក្រោម។ ហើយក្រុមហ៊ុន Apple ក៏មិនចង់ធ្វើការបង្កើតនូវ backdoor ណាមួយដែលអាចធ្វើឲ្យរាល់ឧបករណ៍ iOS ទាំងអស់ ងាយទទួលរងគ្រោះពីសំណាក់ហេគឃ័រ និងរដ្ឋាភិបាលបរទេសនោះដែរ ៕

ប្រភព៖ The Next Web / ប្រែសម្រួល៖ SecuDemy.com

Exit mobile version