Defense Talk 15th: ISMS Why it is so challenging?
កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាន់ទី១១ (Emerald+) មានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីអំពីសន្តិសុខព័ត៌មាន ក្រោមប្រធានបទ “ISMS: Why it is so challenging?” ក្រោមការរៀបចំរបស់ក្រុមការងារវេបសាយ SecuDemy.com និងសហការណ៍ឧបត្ថម្ភដោយក្រុមហ៊ុន iBel CyberSecurity ។
សិក្ខាសាលានេះត្រូវបានធ្វើបទបង្ហាញដោយលោក Albert Siow អ្នកជំនាញការផ្នែក ISMS មកពីក្រុមហ៊ុន iBel CyberSecurity ហើយដែលមានការចូលរួមពីសំណាក់និស្សិត និងបុគ្គលិកក្រុមហ៊ុន ប្រមាណជា ៣០នាក់។
តើអ្វីទៅជា ISMS? ISMS មកពីពាក្យថា Information Security Management System ហើយដែលនិយមន័យមកពីវេបសាយ www.iso.org បានបកស្រាយថា គឺជាយន្តការប្រព័ន្ធប្រទាក់ក្រឡាមួយមានគោលដៅក្នុងការគ្រប់គ្រងទៅលើព័ត៌មានសំខាន់របស់អង្គភាព ដែលអាចឲ្យវាទទួលបានសន្តិសុខ (secure) ។ នៅក្នុងនោះវារួមមានមនុស្ស (people), ដំណើរការ (processes) និងប្រព័ន្ធព័ត៌មានវិទ្យា (IT systems) ដោយការដាក់ឲ្យអនុវត្តន៍នូវដំណើរការគ្រប់គ្រងហានិភ័យ (risk management process) ។ វាអាចជួយទៅដល់អង្គភាពអាជីវកម្មធុនតូច មធ្យម និងធំនៅគ្រប់វិស័យដើម្បីរក្សាបានសន្តិសុខចំពោះទ្រព្យសម្បត្តិព័ត៌មាន (information assets)។
គោលបំណងចំបងនៃសិក្ខាសាលាខាងលើនេះ គឺដើម្បីបញ្ច្រាបអំពីសារៈសំខាន់របស់ ISMS Framwork ក្នុងការធ្វើឲ្យប្រសើរឡើងនូវយន្តការដំណើរការសន្តិសុខរបស់ក្រុមហ៊ុន។