រាជរដ្ឋាភិបាលដាក់ចេញយន្តការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវយន្តការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមរយៈ “អនុក្រឹត្យលេខ៨៤ អនក្រ.បក ស្តីពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យា”។
អនុក្រឹត្យនេះ មានគោលបំណងសម្រួល និងបង្កបរិយាកាសល្អ ដល់ការបង្កើតអាជីវកម្មតាម រយៈការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាកាស ធុរកិច្ចឱ្យប្រសើរឡើង និងទាក់ទាញការវិនិយោគ នៅកម្ពុជា។
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការចុះបញ្ជីអាជីវកម្មនៅកម្ពុជា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដែលក្នុងនោះមាន៖
* ការចុះបញ្ជីពាណិជ្ជកម្ម ដោយក្រសួងពាណិជ្ជកម្ម
* ការចុះបញ្ជីពន្ធដារ ដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
* ការពិនិត្យ និងទទួលសេចក្ដីប្រកាសជូនដំណឹង បើកសហគ្រាស ដោយក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ
* ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។









