GeneralKnowledgeSecurity NewsSecurity Tips

គន្លឹះ៥យ៉ាងធ្វើឱ្យទូរស័ព្ទរបស់អ្នកមានសុវត្ថិភាព

ISAC Cambodia (InfoSec)

ការវិវឌ្ឍនៃបច្ចេកវិទ្យាកាន់តែរីកចម្រើន ទូរស័ព្ទដៃបានក្លាយជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយវាក៏ត្រូវបានប្រើសម្រាប់បំពេញការងារផងដែរ។ តើអ្នកធ្លាប់សួរខ្លួនឯងទេថា អ្នកបានរក្សាទុកអ្វីខ្លះនៅក្នុងទូរស័ព្ទរបស់អ្នក? តើទិន្នន័យទាំងនោះសំខាន់ដែរឬទេ? ប្រសិនបើអ្នកបាត់ទូរស័ព្ទ ឬប្រសិនបើទិន្នន័យទាំងនោះធ្លាក់ដល់ដៃអ្នកផ្សេងដោយប្រការណាមួយ តើអ្នក មនុស្សនៅជុំវិញខ្លួនអ្នក ឬស្ថាប័នរបស់អ្នកអាចមានហានិភ័យដែរឬទេ?

បន្ទាប់​ពី​អ្នក​បាន​ឆ្លើយ​នឹង​សំណួរ​ខាង​លើ ​អ្នក​ប្រហែល​ជា​រក​ឃើញ​នូវ​គុណ​វិបត្តិ​មួយ​ចំនួន​ និង​ចង់​ស្វែង​រក​វិធី​សាស្រ្ត​ក្នុង​ការ​បង្ការ​ពី​ហានិភ័យ​ដែល​អាច​កើត​ឡើង​។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លីៗ​៥​ចំនុច​ ដែល​អាច​ជួយ​ការ​ពារ​ទូរស័ព្ទ​ និង​ទិន្នន័យ​នៅ​ក្នុង​ទូរស័ព្ទ​អ្នក​ឱ្យ​មាន​សុវត្ថិភាព​បាន​។

១- ចាក់​សោរ​អេក្រង់
សោរ​អេ​ក្រង់​ជា​រនាំង​ការ​ពារ​ដំបូង​បំផុត​ ដោយ​ការពារ​មិនឱ្យបុគ្គល​ដទៃ​អាច​ចូល​មើល​ទិន្នន័យ​ដូច​ជា ​រូបថត​ កម្មវិធី​ និង​គណនី​ផ្សេងៗ​ដែល​មាន​ នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​ដោយ​មិនមានការ​អនុញ្ញាត។ ជា​ទូ​ទៅ​ការ​ចាក់​សោរ​លើ​ទូរស័ព្ទ​មាន​ច្រើន​ប្រភេទ​ ក្នុង​នោះ​រួម​មាន​ លេខ​កូដ​សម្ងាត់​ (Password)​ លេខ​៤​ខ្ទង់​ (PIN)​ គំនូស​សញ្ញា​ (Pattern)​ ស្នាម​ខ្ចៅដៃ​ (Fingerprint)​ និង​ ស្កែន​មុខ​ (FaceID)​ជា​ដើម​។ ​ក្នុង​ចំណោម​វិធី​សាស្ត្រ​ខាង​លើ​ គំនូស​សញ្ញា​ (Pattern)​ មិន​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ប្រើ​ពី​អ្នក​ជំនាញ​ឡើយ​ព្រោះ​ថា​ នៅ​ពេល​ដែល​អ្នក​ប្រើ​ គំនូស​សញ្ញា​ (Pattern)​ អ្នក​តែង​តែ​បន្សល់​នូវ​ស្នាម​ដៃ​ ដែល​ជា​គំនូស​ដិត​ជាប់​នៅ​លើ​អេ​ក្រង់​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទស្សន៍​ទាយ​ពី​លេខ​កូដ​នៅ​លើ​ទូរស័ព្ទ​អ្នក​។

អ្នក​ត្រូវ​ចង​ចាំ​ថា​ការ​ចាក់​សោរ​ នៅ​លើ​អេ​ក្រង់​គ្រាន់​តែ​ជា​ការ​ជួយ​សង្គ្រោះ​បឋម​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​វា​មិន​អាច​ការ​ពារ​ឯក​សារ​បាន​ឡើយ​ ប្រសិន​បើ​ទូរស័ព្ទ​របស់​អ្នក​ត្រូវ​បាន​ភ្ជាប់​ជាមួយ​កុំព្យូទ័រ​។ ដូច​នេះ ​អ្នក​គួរ​តែ​ធ្វើ​ការ​ encrypt​ (ចាក់សោរម៉ាស៊ីន) ទូរស័ព្ទ​របស់​អ្នក​ដើម្បី​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​កាន់​តែ​មាន​សុវត្ថិភាព​ថែម​ទៀត​។

២- ធ្វើ​បច្ចុប្បន្នភាព​ទូរស័ព្ទ
ទោះ​ជា​ទូរស័ព្ទ​អ្នក​ម៉ូ​ដែល​ណា​ក៏​ដោយ​ អ្នក​ត្រូវ​ប្រាកដ​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​ និង​គ្រប់​កម្ម​វិធី​ទាំង​អស់​នៅ​ក្នុង​ទូរស័ព្ទ​អ្នក​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​មួយ​នឹង​ជំនាន់​ចុង​ក្រោយ​បង្អស់​។ ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ទូរស័ព្ទ​វា​ជួយ​ជួស​ជុល​នូវ​ចំណុច​ខ្សោយ​ ឬ​កង្វះ​ខាត​របស់​កម្មវិធី​ជំនាន់​មុន​ និង​ជួយ​ពង្រឹង​ផ្នែក​សុវត្ថិ​ភាព​នៃ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​ ឬ​កម្ម​វិធី​នោះ​។ អ្នក​គួរ​តែ​កំណត់​បើក​មុខ​ងារ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​ទូរស័ព្ទ​អ្នក​។ ប្រសិន​បើ​អ្នក​រក​ឃើញ​ថា​ ទូរស័ព្ទ​របស់​អ្នក​លែង​ទទួល​បាន​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ ដោយ​សារ​តែ​ទូរស័ព្ទ​នោះ​ចាស់​ពេក​ នោះ​អ្នក​គួរ​តែ​ពិចារណា​ប្តូរ​ទូរស័ព្ទ​ថ្មី។

៣- ធ្វើ​កូដ​នីយកម្ម (Encryption)
ការ​ធ្វើ​កូដ​នីយកម្ម​ (Encryption) ទូរស័ព្ទ​ ឬ​យើង​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​ការ​ចាក់​សោរ​ម៉ាស៊ីន​ទូរស័ព្ទ ​មាន​ន័យ​ថា រាល់​ទិន្នន័យ​ និង​ព័ត៌​មាន​របស់​អ្នក​នៅ​ក្នុង​ទូរស័ព្ទ​ត្រូវ​បាន​ការ​ពារ​ដោយ​មាន​សុវត្ថិភាព​ ជា​មួយ​នឹង​ពាក្យ​សម្ងាត់​ដែល​អ្នក​បាន​កំណត់​។ ប្រសិន​បើ​អ្នក​បាត់​ទូរស័ព្ទ​ ឬ​អ្នក​ផ្សេង​យក​ទូរ​ស័ព្ទ​អ្នក​ប្រើ​ដោយ​គ្មាន​ការ​អនុញ្ញាត​ នោះ​គេ​មិន​អាច​ចូល​មើល​ ឬ​យក​ទិន្នន័យ​អ្នក​ទៅ​ប្រើ​បាន​ទេ។ សម្រាប់​ទូរស័ព្ទ​ជំនាន់​ក្រោយៗ​ មុខ​ងារ​កូដនីយកម្ម​នេះ​ត្រូវ​បាន​បើក​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដែល​អ្នក​បាន​បើក​មុខ​ងារ​ចាក់​សោរ​អេក្រង់

៤- កុំ​ដំឡើង​កម្មវិធី​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់
ទូរស័ព្ទ​របស់​អ្នក​អាច​ឆ្លង​មេរោគ​ ប្រសិន​បើ​អ្នក​ទាញ​យក​កម្ម​វិធី​ទាំង​នោះ​ពី​គេហទំព័រ​ដែល​មាន​ប្រភព​មិន​ច្បាស់​លាស់​។ មេរោគ​ទាំង​នោះ​អាច​មាន​លិទ្ធភាព​ក្នុង​ការ​លួច​យក​ទិន្នន័យ​ពី​ក្នុង​ទូរស័ព្ទ​អ្នក​បាន​។​ ដើម្បី​កាត់​បន្ថយ​ពី​ភាព​រង​គ្រោះ​នេះ​ អ្នក​ត្រូវ​ទាញ​យក​កម្ម​វិធី​តែ​ពី​ Google​ Play​ Store ​សម្រាប់​​ទូរស័ព្ទ Android និង​ Apple​ App​ Store​ សម្រាប់​ iOS។ ​បន្ថែម​ពី​លើ​នេះ​ អ្នក​គួរ​ដឹង​ថា​ កម្ម​វិធី​ណា​ដែល​អ្នក​ត្រូវ​ការ​ជា​ចាំ​បាច់​ សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​។ ​អ្នក​គួរ​លុប​កម្ម​វិធី​ណា​ដែល​អ្នក​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ ពី​ព្រោះ​វា​អាច​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​អ្នក​មាន​ដំណើរ​ការ​លឿន​ជា​មុន​ និង​កាត់​បន្ថយ​ក្នុង​ការ​បាត់​បង់​នូវ​ឯក​ជន​ភាព​។

៥- ប្រយ័ត្ន​ចំពោះ​ការ​ប្រើ​អីុនធឺណិតសាធារណៈ
អ្នក​គួរ​តែ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដែល​អ្នក​ភ្ជាប់​ទៅ​កាន់​អីុន​ធឺណិតនៅ​កន្លែង​សារ​ធារណៈ ​ដូច​ជា​នៅ​ហាង​កាហ្វេ​ សណ្ឋាគារ​ ផ្ទះ​សំណាក់​ ព្រលាន​យន្ត​ហោះ​ជា​ដើម​ ព្រោះ​វា​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ថា​ អ្នក​ណា​ជា​ម្ចាស់​ ឬ​ជា​អ្នក​គ្រប់​គ្រង​អីុន​ធឺណិត​នោះ​ឱ្យ​ពិត​ប្រាកដ​។ អ្នក​អាច​កំពុង​ភ្ជាប់​ទៅ​កាន់​បណ្តាញ​របស់​ក្រុម​ចោរ​នៅ​លើ​អីុន​ធឺណិតក៏​អាច​ថា​បាន។ ប្រសិន​បើ​អ្នក​ភ្ជាប់​ទៅ​កាន់​បណ្តាញ​ទាំង​នោះ​ អ្នក​ផ្សេង​អាច​នឹង​ដឹង​នូវ​រាល់​សកម្មភាព​ដែល​អ្នក​ធ្វើ​នៅ​លើ​អីុន​ធឺណិត​។ ​រឿង​សំខាន់​ដែល​ពួក​គេ​ចង់​ដឹង​មាន​ដូច​ជា​ គេហ​ទំព័រ​ដែល​អ្នក​ចូល​មើល ​គណនី​អីុមែល​ ពាក្យ​សម្ងាត់​ និង​ព័ត៌មាន​អំពី​គណនី​ធនាគារ​របស់​អ្នក​ជាដើម​។ល។ ពួក​គេ​ក៏​អាច​ប្រើ​បណ្តាញ​នេះ​ក្នុង​ការ​បញ្ជូន​​មេរោគ​ទៅ​កាន់​ទូរស័ព្ទ​ដៃ​អ្នក​ ហើយអ្នក​អាច​​នឹង​ក្លាយ​ជា​អ្នក​​បញ្ជូន​​មេរោគ​ទាំង​នោះបន្ត​ទៅ​អ្នក​ដទៃ​ទៀត​ដោយ​មិន​​ដឹង​ខ្លួន​។ ការ​និយាយ​ពី​ហានិភ័យ​ទាំង​នេះ​មិន​មែន​មាន​ន័យ​ថា​ អ្នក​មិន​អាច​ប្រើ​​អីុន​ធឺណិត​សារណៈ​ទាំង​នោះ​ទេ​ អ្នក​នៅ​តែ​អាច​ប្រើ​​​អីុន​ធឺណិតទាំង​នោះ​បានដដែល​​ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​អ្នក​គួរ​តែ​ប្រើ​កម្មវិធី​ វីភីអិន​ (VPN)​ មាន​ដូច​ជា​កម្ម​វិធី Psiphon ជា​ដើម​ អ្នក​គួរ​តែ​ភ្ជាប់​ទៅកាន់​គេហ​ទំព័រ​ដែល​មាន​អាស័យ​ដ្ឋាន​ HTTPs​ (ស្វែង​យល់​ពី​របៀប​តម្លើង​កម្មវិធី​ HTTPs នៅ​លើ​ Browser)​។ ប្រសិន​បើ​អ្នក​អាច​ប្រើ​​​អ៊ីន​ធឺណិតពី​ទូរស័ព្ទ​ដៃ​អ្នក​បាន​ អ្នក​គួរ​ចៀស​វាង​ប្រើ​​អ៊ីន​ធឺណិត​សារ​ធារណៈ​ទាំង​នោះ។

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button