តើអ្នកបានការពារពាក្យសម្ងាត់របស់អ្នកត្រឹមត្រូវដែរឬទេ?

ទោះបីជាមានការជឿនលឿនថ្មីៗក្នុងបច្ចេកវិទ្យាផ្ទៀងផ្ទាត់សិទ្ធិ ​(authentication) ក៏ដោយ លេខសំងាត់នៅតែជាវិធីដែលអ្នកប្រើប្រាស់ចូលទៅកាន់សេវាកម្មភាគច្រើន។ នោះហើយជាមូលហេតុដែលវាគួរឱ្យសោកស្តាយ ដែលមនុស្សជាច្រើនប្រើពាក្យសម្ងាត់មិនបានសមស្រប។ យោងតាមការវិភាគថ្មីៗនេះបានឱ្យដឹងថា មាន ៨៦% នៃអ្នកប្រើប្រាស់ប្រើលេខសម្ងាត់ គឺប្រើពាក្យសម្ងាត់ដែលត្រូវបានគេបំបែករួចទៅហើយ។ យើងនឹងនិយាយអំពីអ្វីដែលត្រូវការដើម្បីបង្កើតពាក្យសម្ងាត់រឹងមាំ និងអនុវត្តសុវត្ថិភាពពាក្យសម្ងាត់ល្អ។

ការណែនាំដំបូង

ចង់បាននូវពាក្យសម្ងាត់ដែលខ្លាំង និងល្អបំផុត ខាងក្រោមនេះគឺជាការណែនាំ៖

តើអ្វីទៅដែលធ្វើឱ្យពាក្យសម្ងាត់ខ្លាំង?

កត្តាមួយដែលសំខាន់បំផុតនៅក្នុងសុវត្ថិភាពនៃពាក្យសម្ងាត់គឺ តើពាក្យសម្ងាត់នោះត្រូវរក្សាទុកយ៉ាងដូចម្តេច? ពាក្យសម្ងាត់គួរតែត្រូវបានរក្សាទុកនៅក្នុងទម្រង់កូដនីយកម្ម ​(encrypted)​ ដោយប្រើប្រាស់នូវ cryptographic algorithms ដែលខ្លាំង។ បើសិនជាពាក្យសម្ងាត់មិនត្រូវបានធ្វើកូដនីយកម្មនោះទេ នោះអ្វីដែលអាចការពារពាក្យសម្ងាត់នោះបាន គឺធ្វើយ៉ាងណាកុំឱ្យមានការវាយលុកចូលលួចបាន។

កត្តាដែលអ្នកអាចគ្រប់គ្រងបាននោះគឺប្រវែងនៃពាក្យសម្ងាត់

ពាក្យសម្ងាត់ដែលពិបាក គឺដោយសារតែប្រវែងរបស់វា។ ជាឧទាហរណ៍ ពាក្យសម្ងាត់ដែលមានប្រវែង ៩តួ ត្រូវចំណាយពេលប្រមាណជា ២ម៉ោងដើម្បីធ្វើការវាយលុកទស្សទាយ ​(brute force) ដោយប្រើប្រាស់កុំព្យូទ័រមានល្បឿនជាមធ្យមភាគ។ បើសិនជាយើងធ្វើការបន្ថែមតែ ១តួ ទៅលើពាក្យសម្ងាត់នេះ វាអាចនឹងចំណាយពេល ៧ថ្ងៃ បើសិនជាយើងដាក់ដល់ ១២តួ នោះវាអាចចំណាយពេល ២ទសវត្ស។

ចុះថាតើ វាមានប្រវែងប៉ុន្មានបានគ្រប់គ្រាន់? វាអាស្រ័យទៅតាមកម្រិតនៃអ្នកវាយប្រហារ ប៉ុន្តែបើសិនជា មានការធ្វើកូដនីយកម្មត្រឹមត្រូវ ពាក្យសម្ងាត់ ១០តួ គឺគ្រប់គ្រាន់ទៅហើយ។

រូបភាព៖ តំណាងពាក្យសម្ងាត់ដែលមានប្រវែងវែង

ចំនុចមួយទៀតដែលសំខាន់ដែលនោះ គឺពាក្យសម្ងាត់មានតែមួយប៉ុណ្ណោះ ​(uniqueness)

ដូចដែលអ្នកបានដឹងរួចមកហើយថា ពាក្យសម្ងាត់ដែលបានបែកធ្លាយ នឹងត្រូវប្រើប្រាស់ដើម្បីធ្វើការព្យាយាមវាយលុកចូលទៅកាន់គណនីរបស់អ្នក។ មានន័យថា បើសិនជាអ្នកប្រើប្រាស់ពាក្យសម្ងាត់ដដែលៗនោះ គឺមិនល្អហើយ។ បើសិនជាពាក្យសម្ងាត់មានតែមួយ នោះមានតែពាក្យសម្ងាត់តែមួយប៉ុណ្ណោះដែលអាចផ្លាស់ប្តូរ បើសិនជាមានសេវាអនឡាញណាមួយត្រូវបានវាយលុកដោយជោគជ័យ។

អ្នកក៏មិនត្រូវប្រើប្រាស់ពាក្យសម្ងាត់ដែលគេនិយមផងដែរ ដូចជាពាក្យសម្ងាត់ ឬឃ្លាណាដែលគេដាក់បង្ហាញជាសាធារណៈជាដើម។ ទោះបីជាវាងាយស្រួលចាំ ហើយនឹងប្រវែងវែងក៏ដោយ ក៏នៅមានឱកាសដែលមាននណាម្នាក់បានប្រើប្រាស់វារួចទៅហើយ។

តើអ្នកត្រូវធ្វើដូចម្តេច?

សង្ខេបមកវិញ ពាក្យសម្ងាត់ដែលល្អបំផុតនោះ គឺយ៉ាងហោចណាស់មានប្រវែង១០តួ រក្សាទុកដោយមានសុវត្ថិភាព និងមានតែមួយ ​(unique)។ វាងាយណាស់មែនទេ? មើលទៅដូចជាមិនមែនទេ។

ជាសំណាងល្អ មាននូវបច្ចេកទេសជាច្រើន និងបច្ចេកវិទ្យាដែលជួយអ្នកក្នុងការពង្រឹងសុវត្ថិភាពពាក្យសម្ងាត់របស់អ្នក។ បើសិនជាអ្នកប្រើប្រាស់វាបានល្អ មាននូវការអនុវត្តល្អៗ គឺវាមានភាពងាយស្រួលណាស់។

១. ប្រើប្រាស់នូវកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Manager)

មានកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ជាច្រើនដែលកំពុងតែមាននៅលើទីផ្សារ ហើយមានមុខងារដូចៗគ្នាប៉ុណ្ណោះ។ Password Manager​​ អនុញ្ញាតឱ្យអ្នកមាននូវពាក្យសម្ងាត់មេមួយដែលខ្លាំង (master password)​ ដើម្បីធ្វើការគ្រប់គ្រងទៅលើពាក្យសម្ងាត់ជាច្រើនទៀតរបស់សេវាអនឡាញដែលអ្នកប្រើប្រាស់ ហើយត្រូវបានរក្សាទុកដោយមានការធ្វើកូដនីយកម្មត្រឹមត្រូវ។ ធ្វើបែបនេះ វាមានភាពងាយស្រួល ក្នុងការមាននូវពាក្យសម្ងាត់ដែលមានសុវត្ថិភាព (secure), មានតែមួយ ​(unique) និងមានភាពប្រាកដថា បើសិនជាមានសេវាអនឡាញណាមួយត្រូវបានហេគ អ្នកត្រូវការផ្លាស់ប្តូរពាក្យសម្ងាត់តែមួយប៉ុណ្ណោះ។ មានកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់មួយចំនួន ក៏ធ្វើការជូនដំណឹងដល់អ្នកផងដែរ នៅពេលដែលសេវាអនឡាញណាមួយត្រូវបានគេហេគផងដែរ។

រូបភាព៖ កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ ​LastPass

ដរាបណាដែលអ្នកធ្វើតាមការណែនាំក្នុងការបង្កើតនូវ master password ដែលខ្លាំង នោះហានិភ័យ នៃការលួចពាក្យសម្ងាត់គឺមានតិចណាស់។ អ្នកនឹងមានសុវត្ថិភាពជាងអ្នកដែលមិនបានប្រើប្រាស់កម្មវិធី គ្រប់គ្រងពាក្យសម្ងាត់។

២. បើកមុខងារផ្ទៀងផ្ទាត់សិទ្ធិពីរស្រទាប់ (Two-factor authentication (2FA))

មុខងារផ្ទៀងផ្ទាត់សិទ្ធិពីរស្រទាប់គឺជាការបន្ថែមដ៏ល្អប្រសើរបំផុតបន្ថែមពីលើពាក្យសម្ងាត់។ វាបានបន្ថែមស្រទាប់មួយទៀតនៅក្នុងដំណាក់កាលនៃការលួចគណនីអនឡាញរបស់អ្នក។ ក្នុងខណៈពេលដែលមាននូវវិធីសាស្ត្រក្នុងការរំលង 2FA ក៏ប៉ុន្តែបច្ចេកទេសនេះមិនអាចត្រូវបានធ្វើដោយស្វ័យប្រវត្តិឡើយ ហើយទាមទារឱ្យមានការរៀបចំគោលដៅច្បាស់លាស់ណាស់ ដោយប្រើប្រាស់បច្ចេកទេស phishing និង social engineering។

រូបភាព៖ ដំណើរការនៃការផ្ទៀងផ្ទាត់សិទ្ធិពីរស្រទាប់ (2FA)

ជាករណីពិេសស អ្នកគួរតែព្យាយាមមិនប្រើប្រាស់ 2FA ប្រភេទជា text message ដូចជា SMS (ដែលយើងពិនិត្យឃើញថានៅតែមានការប្រើប្រាស់ទូលំទូលាយនៅឡើយ) ដោយសារតែលទ្ធភាពនៃការលួច យក ​text message នោះគឺកាន់តែការកើនឡើង ដូចជាតាមរយៈវិធីសាស្ត្រ SIMJacking ជាដើម។

ដំណោះស្រាយទៅលើបញ្ហានេះ គឺការប្រើប្រាស់ ​2FA ប្រភេទជា App វិញ ដូចជា Google Authenticator ឬ Authy ដែលអាចទប់ស្កាត់ការវាយប្រហារលួចបាន។ អ្នកគួរតែប្រើប្រាស់វា បើសិនជាសេវាអនឡាញរបស់អ្នកគាំទ្រកម្មវិធីនេះ។

រូបភាព៖ កម្មវិធីទូរស័ព្ទ (Apps) នៃ ​Google Authenticator

មុខងារ 2FA ដែលខ្លាំងបំផុតនោះគឺជាប្រភេទ hardware ដូចជាឧបករណ៍ Yubikey ជាដើម ដែលទាមទារឱ្យមានការប្រើប្រាស់ឧបករណ៍នោះផ្ទាល់តែម្តងដើម្បីធ្វើការផ្ទៀងផ្ទាត់សិទ្ធិអ្នកប្រើប្រាស់។

រូបភាព៖ ​YubiKey របស់ក្រុមហ៊ុន ​Yubico

៣. ចាត់ទុកសំណួរសម្ងាត់ (secret questions)​​ ដូចជាពាក្យសម្ងាត់ទី២ របស់អ្នក

យើងតែងតែមើលរំលងទៅលើចំនុចខ្សោយមួយនៅក្នុងការបង្កើតពាក្យសម្ងាត់ នោះគឺសំណួរសម្ងាត់ ដែលនឹងប្រើប្រាស់សម្រាប់ធ្វើការស្រោចស្រង់ពាក្យសម្ងាត់ (ក្នុងករណីដែលអ្នកភ្លេច)។ ចំលើយទៅនឹងសំណួរទាំងនេះ គឺគួរតែខ្លី ហើយមិនមានភាពស្មុគស្មាញ។ ឈ្មោះរបស់សាលារៀនដំបូង ឬសត្វចិញ្ចឹមដំបូងរបស់អ្នកគឺមិនមាននរណាដឹងឡើយក្នុងយុគ្គសម័យមុន តែមិនមែនក្នុងយុគ្គសម័យ ​Google និងការចែករំលែកព័ត៌មានដ៏ច្រើនលើសលប់នៅក្នុង social media នោះទេ។ ហេតុដូច្នេះហើយ ការយកវាមកធ្វើជាចំលើយនៃសំណួរសម្ងាត់ គឺមិនមានភាពសំងាត់ទៀតឡើយ។

រូបភាព៖ ទម្រង់នៃសំណួរសំងាត់ដើម្បីស្រោចស្រង់ពាក្យសម្ងាត់ដែលអ្នកភ្លេច

ជាជាងការដាក់ចំលើយដែលស្មោះត្រង់ អ្នកគួរតែចាត់ទុកសំណួរទាំងនេះគឺជាពាក្យសម្ងាត់ទី២ របស់អ្នក ដែលត្រូវបង្កើតឡើងឱ្យខ្លាំង (strong), មានតែមួយ (unique) ហើយរក្សាវាទុកនៅក្នុង password manager ។

សរុបសេចក្តី

ការពារពាក្យសម្ងាត់របស់អ្នក គឺវាមានភាពងាយស្រួលបំផុត។ បើសិនជាអ្នកប្រើប្រាស់កម្មវីធីគ្រប់គ្រងពាក្យសម្ងាត់ (password manager), ប្រើប្រាស់ពាក្យសម្ងាត់មានតែមួយ ​(unique password), មានប្រវែង ១០តួយ៉ាងតិចសម្រាប់គណនីអនឡាញនិមួយៗ, បើកមុខងារផ្ទៀងផ្ទាត់សិទ្ធិពីរស្រទាប់ (2FA) និងចាត់ទុក secret questions ឬ security questions ដូចជាពាក្យសម្ងាត់ទី២ នោះអ្នកនឹងទទួលបានសុវត្ថិភាពល្អប្រសើរបំផុត៕

ឯកសារយោង៖

Exit mobile version