ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានធ្វើការព្រមានដល់អ្នកប្រើប្រាស់រាប់សិបលាននាក់ថាអាចប្រឈមនឹងហានិភ័យនាដោយសារតែមិនធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows 10 ។ នេះជាអ្វីដែលអ្នកប្រើប្រាស់កុំព្យូទ័រ Windows PC គ្រប់រូបត្រូវដឹង ដើម្បីរក្សាខ្លួនឯងនិងទិន្នន័យរបស់ពួកគេឲ្យមានសុវត្ថិភាព។
ក្រុមហ៊ុន Microsoft បានអនុវត្តការផ្លាស់ប្តូរដ៏ធំបំផុតមួយរបស់ខ្លួនដែលមិនធ្លាប់មាននាពេលថ្មីៗនេះ ហើយវាអាចធ្វើឱ្យអ្នកប្រើប្រាស់រាប់សិបលាននាក់ប្រឈមនឹងហានិភ័យខ្ពស់ ដែលបណ្តាលមកពីកំហុសកុំព្យូទ័រ (computer bugs), មេរោគ (viruses) និងការវាយប្រហារតាមអ៊ិនធឺណិត (cyber attack)។ ចាប់ពីថ្ងៃអង្គារថ្មីៗនេះតទៅ រាល់ការទ្រទ្រង់សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 7 នឹងត្រូវបិទ មានន័យថាគ្មានការអាប់ដេត ឬជួសជុលទៅលើបញ្ហាសន្តិសុខ ឬសុវត្ថិភាពណាមួយនឹងត្រូវធ្វើឡើងចំពោះប្រព័ន្ធប្រតិបត្តិការ Windows 7 តទៅទៀតឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើេវបសាយរបស់ខ្លួននោះ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បាននិយាយថា “ប្រសិនបើកុំព្យូទ័ររបស់អ្នកកំពុងដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 7 នោះវានឹងលែងទទួលបានការធ្វើបច្ចុប្បន្នភាពសន្តិសុខទៀតហើយ ដូច្នេះវាសំខាន់ណាស់ដែលអ្នកត្រូវតំឡើងប្រព័ន្ធប្រតិបត្តិការខ្ពស់ជាងនេះ ដូចជា Windows 10 ដែលអាចផ្តល់នូវអ្វីដែលថ្មីបំផុតសម្រាប់ការធ្វើបច្ចុប្បន្នភាពសន្តិសុខនេះ ដើម្បីជួយអ្នក និងទិន្នន័យរបស់អ្នកឲ្យមានសន្តិសុខ និងសុវត្ថិភាពជាងមុន។
“ប្រសិនបើអ្នកបន្តប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 7 បន្ទាប់ពីការទ្រទ្រង់ (support) នេះបានបញ្ចប់នោះ កុំព្យូទ័ររបស់អ្នកនឹងនៅតែដំណើរការដដែល ប៉ុន្តែវានឹងងាយរងគ្រោះពីហានិភ័យសន្តិសុខ និងវីរុស។ កុំព្យូទ័ររបស់អ្នកនឹងបន្តដំណើរការ ប៉ុន្តែអ្នកនឹងលែងទទួលបានការធ្វើបច្ចុប្បន្នភាពកម្មវិធី និង បច្ចុប្បន្នភាពសន្តិសុខ និងសុវត្ថិភាពទៀតហើយពីក្រុមហ៊ុន Microsoft នោះ។ “
ស្ថិតិថ្មីៗនេះបង្ហាញថាប្រហែល ២៦ភាគរយនៃកុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃទាំងអស់ នៅតែកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 7 ដែលមានន័យថាមនុស្សប្រើប្រាស់រាប់លាននាក់កំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរនៃការវាយប្រហារនេះ។
ដូច្នេះតើអ្នកគួរធ្វើអ្វីប្រសិនបើអ្នកនៅតែកំពុងប្រើប្រាស់ Windows 7?
អ្នកត្រូវតែធ្វើការតំឡើងទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows 10។ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា “ការផ្តល់ជូនការតំឡើងឥតគិតថ្លៃទៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 បញ្ចប់នៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៦ មកម្លេះ ហេតុដូច្នេះដើម្បីទទួលបាននូវប្រព័ន្ធប្រតិបត្តិការ Windows 10 នោះ អ្នកត្រូវទិញម៉ាស៊ីនថ្មី ឬប្រសិនបើអ្នកមានកុំព្យូទ័រ សូមទិញកម្មវិធីសូហ្វវែរជំនាន់ថ្មី។”
ក្រុមហ៊ុន Redmond ក៏និយាយផងដែរថាកុំព្យូទ័រចាស់ៗជាច្រើនអាចនឹងមានការលំបាក នៅពេលដែលតំឡើង Windows 10 ហើយអ្នកប្រើប្រាស់មួយចំនួនអាចនឹងទិញម៉ាស៊ីនថ្មី ដែលមានភាពប្រសើរជាងមុន។
ប្រសិនបើអ្នកនៅតែប្រើប្រាស់នូវ Windows 7 ដំបូន្មាននេះគឺច្បាស់លាស់ហើយ អ្នកត្រូវធ្វើការប្តូរទៅកាន់ប្រ័ព័ន្ធប្រតិបត្តិការ Windows 10 ដើម្បីរក្សាម៉ាស៊ីនរបស់អ្នកឱ្យរួចផុតពីបញ្ហាសុវត្ថិភាព និងការឆ្លងមេរោគ៕