តាមការជូនដំណឹងពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កម្មវិធីមេរោគថ្មីកំពុងតែរីករាលដាលតាមរយៈកម្មវិធីទំនាក់ទំនងសង្គម WhatsAppកាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវទើបតែបានរកឃើញកម្មវិធីមេរោគថ្មីសម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឆ្លងរីករាលដាលដោយស្វ័យប្រវត្តិតាមរយៈកម្មវិធី WhatsApp។ វិធីសាស្រ្តនៃការចម្លងមេរោគនេះគឺ ពួកគេបានប្រើមុខងារឆ្លើយតបដោយស្វ័យប្រវត្តិដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Android និងកម្មវិធី WhatsApp។
បើតាមអ្នកស្រាវជ្រាវ Lukas Stefanko មកពី ESET បានឱ្យដឹងថា៖ នៅពេលដែលទូរសព្ទដែលមានមេរោគទទួលបានសារតាមរយៈកម្មវិធី WhatsApp វានឹងឆ្លើយតបទៅអ្នកផ្ញើវិញជាមួយនឹងតំណភ្ជាប់ ឱ្យបញ្ចូលកម្មវិធីកម្មវិធីក្លែងក្លាយ “Huawei Mobile” តាមរយៈគេហទំព័រក្លែងក្លាយដែលមានរូបរាងស្រដៀងគ្នាទៅនឹងគេហទំព័រ Google Play Store។ បន្ទាប់ពីលោកអ្នកបញ្ចូលកម្មវិធីមេរោគនេះ វានឹងធ្វើការស្នើសុំដើម្បីអាចផ្ញើសារចេញដោយស្វ័យប្រវត្តិ ដែលនេះធ្វើឱ្យទូរសព្ទលោកអ្នកក្លាយទៅជាឧបករណ៍ សម្រាប់ចែកចាយមេរោគ បន្តទៅទូរសព្ទផ្សេងៗទៀត។
ជាងនេះទៅទៀតក្រុមអ្នកស្រាវជ្រាវបានរកឃើញផងដែរថា មេរោគនេះក៏អាចបន្ថែមស្គ្រីនទៅលើកម្មវិធីផ្សេងៗទៀតដើម្បីលួចយកព័ត៌មានសំខាន់ៗដូចជាឈ្មោះ និងលេខសម្ងាត់ជាដើម។បច្ចុប្បន្នកម្មវិធីមេរោគនេះអាចចម្លងតាមតែរយៈកម្មវិធី WhatsApp ប៉ុន្តែជនខិលខូចក៏អាចធ្វើការកែសម្រួលវា ដែលអាចឱ្យដំណើរការបានជាមួយនឹងកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតនៅពេលអនាគត។
ខាងក្រោមនេះ គឺជាវីដេអូដែលបង្ហាញផ្ទាល់អំពីការវាយលុកនៃមេរោគតាម WhatsApp។
ដូច្នេះដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នកកុំធ្វើការទាញយកកម្មវិធី ពីតំណភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់ ហើយលោកអ្នកគួរតែទាញយកកម្មវិធីតែពីក្នុងកម្មវិធីផ្លូវការដែលមាននៅក្នុងទូរសព្ទស្រាប់៕
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.