វាមានការពិភាក្សាជាច្រើនអំពី Cloud និង Cloud Computing ដែលក្លាយជាពាក្យដែលធ្លាប់តែលឺគេនិយាយជាយូរមកហើយ។ ប៉ុន្តែតើអ្វីជា Cloud? តើអ្នកយល់ពីវាទេ? តើអ្នកប្រើប្រាស់វាទេ? តើអ្នកគួរតែប្រើប្រាស់ទេ? តើអាជីវកម្មរបស់អ្នកគួរតែប្រើប្រាស់ទេ?
នៅផ្នែកស្នូលរបស់វា Cloud Computing គឺសំដៅទៅលើការរក្សាទុក និងការទាញយកទិន្នន័យ (ផ្ទាល់ខ្លួន ឬអាជីវកម្ម) របស់អ្នក នៅក្នុងឧបករណ៍ទាំងឡាយផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចចូលប្រើប្រាស់វាគ្រប់ទីកន្លែងជាមួយការតភ្ជាប់ទិន្នន័យ / អ៊ីនធឺណិតដូចជាវេបសាយមួយដែរ។ វានឹងមិនមានបញ្ហានោះទេ ប្រសិនបើការិយាល័យរបស់អ្នកត្រូវបានបិទទ្វារនៅពេលដែលអ្នកព្យាយាមបញ្ចូលក្នុងការងារតូចៗចេញពីទូរស័ព្ទ ឬថេបប្លេតរបស់អ្នក។ ការកែប្រែដែលអ្នកបានធ្វើចំពោះការងារណាមួយនឹងត្រូវបានរក្សាទុក និងត្រៀមខ្លួនរួចរាល់សម្រាប់ប្រើប្រាស់បាននៅពេលដែលអ្នកត្រឡប់ទៅដល់តុធ្វើការរបស់អ្នកវិញនៅពេលព្រឹកនោះ។ មិត្តរួមការងារអ្នក, សហការីទាំងអស់នៅជុំវិញពិភពលោកអាចមើលការកែប្រែទាំងនោះ និងធ្វើការអាប់ដេតបន្ថែមប្រសិនបើស្របតាមសិទ្ធិនៃការប្រើប្រាស់។
បើប្រៀបធៀបវាទៅនឹងអ្វីដែលអ្នកប្រើប្រាស់រាល់ថ្ងៃនោះគឺ Gmail ។ គ្មានអ៊ីម៉ែលណាមួយរបស់អ្នកត្រូវបានរក្សាទុកនៅលើ Hard Drive ឬឧបករណ៍របស់អ្នកទេ។ ពួកវាទាំងអស់ត្រូវផ្ទុកនៅក្នុងម៉ាស៊ីនមេ (Gmail Server) ហើយអ្នកអាចចូលប្រើប្រាស់ពួកវាវិញគ្រប់ពេលដែលអ្នកចង់បាន។ អ្នកអានសារ / ផ្ញើសារ /ទទួលសារ ឬកែប្រែត្រូវបានដំណើរការភ្លាមៗ និងត្រូវបានកត់ត្រាទុកជាស្រេច។ រាល់ពេលដែលអ្នកចូលទៅក្នុង Gmail ចេញពីទូរស័ព្ទ ឬពីកុំព្យូទ័រលើតុនោះ អ៊ីម៉ែលទាំងនោះគឺស្ថិតនៅទីនោះ នៅក្នុង Folders របស់ពួកវា និងជាមួយស្ថានភាពដែលបានធ្វើបច្ចុប្បន្នភាពត្រឹមត្រូវ។ នោះគឺជា Cloud Computing ។
តើទិន្នន័យ “Cloud Data” រក្សាទុកនៅឯណា?
វាមានភាពច្របូកច្របល់កើតឡើងដោយសារតែបុគ្គលនីមួយៗមាននិន្នាការចង្អុលលើមេឃនៅពេលនិយាយអំពី Clouds ហើយពួកគេធ្វើដូចគ្នានៅពេលសំដៅទៅលើ Cloud Computing ។ ដូចគ្នាទៅនឹងទម្រង់ទិន្នន័យទាំងអស់ផងដែរ, ទិន្នន័យសម្រាប់ Cloud Computing គឺត្រូវការរក្សាទុកនៅកន្លែងណាមួយជាក់ស្តែង (physically stored) ។ ក្រុមហ៊ុនជាច្រើនដែលផ្ដល់សេវាកម្ម Cloud Storage គឺមានមជ្ឈមណ្ឌលទិន្នន័យ (data center) និងឧបករណ៍ជាច្រើន ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវភាពត្រឹមត្រូវ និងដំណើរការគ្រប់ពេលវេលាចំពោះទិន្នន័យដែលត្រូវបានរក្សាទុកនៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។ និយាយដោយខ្លី ទិន្នន័យរបស់អ្នកត្រូវបានរក្សាទុកនៅលើឧបករណ៍របស់អ្នកដទៃតែប៉ុណ្ណោះ ហើយដែលត្រូវបានគេផ្តោតទៅលើ ដំណើរការគ្រប់ពេលវេលា (availabity), ភាពត្រឹមត្រូវនៃទិន្នន័យទាំងនោះ (intergrity) និងសន្តិសុខ (security)។
អ្នកផ្តល់សេវាកម្ម Cloud Computing មានដូចជាក្រុមហ៊ុន Amazon Web Services, Google Cloud Platform, Microsoft Azure ដែលមានការប្រមូលផ្តុំនូវម៉ាស៊ីនេមេដ៏ច្រើនសន្ធឹកសន្ធាប់ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងពង្រីកនៅតាមទីតាំងភូមិសាស្ត្រផ្សេងៗគ្នានៅជុំវិញពិភពលោក ដើម្បីធានាថាទិន្នន័យរបស់អ្នកអាចរកបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាពបំផុត។ ប្រសិនបើគ្រោះមហន្តរាយវាយលុកទៅលើទីតាំងជាក់លាក់ណាមួយនោះ អ្នកក៏អាចទាញយកទិន្នន័យរបស់អ្នកពីទីតាំងមួយផ្សេងទៀតផងដែរ ដោយមិនមានការរអាក់រអួលឡើយ៕