លោក Marcus “MalwareTech” Hutchins អ្នកស្រាវជ្រាវសន្តិសុខអង់គ្លេសដែលត្រូវបានគេស្គាល់ថាជាអ្នកបញ្ឈប់ការផ្ទុះឡើងនៃមេរោគ WannaCry ត្រូវបានគេរកឃើញថាមានកំហុសក្នុងការសរសេរមេរោគនៅប៉ុន្មានឆ្នាំមុន មុនពេលដែលគាត់ក្លាយជាអ្នកស្រាវជ្រាវផ្នែក មេរោគកុំព្យូទ័រ។
លោក Hutchins បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើវេបសាយរបស់លោកថា “ខ្ញុំមានការសោកស្តាយចំពោះសកម្មភាពទាំងនេះ ហើយទទួលខុសត្រូវពេញលេញចំពោះកំហុសរបស់ខ្ញុំ” ។ “តាំងពីខ្ញុំធំឡើងខ្ញុំបានប្រើប្រាស់ជំនាញដូចគ្នាដែលខ្ញុំបានប្រើប្រាស់ខុសជាច្រើនឆ្នាំមកហើយសម្រាប់គោលបំណងល្អៗ។ ខ្ញុំនឹងបន្តចំណាយពេលរបស់ខ្ញុំដើម្បីធ្វើឱ្យអ្នកទាំងអស់គ្នាមានសុវត្ថិភាពពីការវាយប្រហារដោយមេរោគ។ “
អាចជាប់ពន្ធនាគាររហូតដល់ដប់ឆ្នាំ
យោងតាមឯកសាររបស់តុលាការបានឱ្យដឹងថា លោក Hutchins បានសារភាពទោសកំហុសចំនួនពីរ ហើយរដ្ឋាភិបាលបានយល់ព្រមទម្លាក់ចោលបទចោទចំនួនប្រាំបីផ្សេងទៀត។
គាត់បានសារភាពថាមានកំហុសក្នុងការចូលរួមសមគំនិតដើម្បីបង្កើត និងជួយក្នុងការចែកចាយមេរោគ។ ចំពោះការបទចោទនិមួយៗ លោក Hutchins អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ 5 ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ 250.000 ដុល្លារ ។
អាជ្ញាធរសហរដ្ឋអាមេរិកបានចាប់ខ្លួនលោក Hutchins នៅព្រលានយន្តហោះអន្តរជាតិ Las Vegas នៅខែសីហាឆ្នាំ 2017 នៅពេលដែលលោកបានព្យាយាមត្រឡប់ទៅផ្ទះនៅចក្រភពអង់គ្លេសវិញបន្ទាប់ពីចូលរួមក្នុងសន្និសីទ Black Hat និង DEFCON ។
លោក Hutchins ត្រូវបានគេចោទប្រកាន់ពីបទបង្កើតនូវ trojans ចំនួនពីរ ដែលសំដៅវាយប្រហារទៅលើធនាគារ ដែលមេរោគនោះមានឈ្មោះថា Kronos និងមេរោគ UPAS-Kit ។
គាត់ក៏ត្រូវបានគេចោទប្រកាន់ពីបទធ្វើការរួមគ្នាជាមួយអ្នកសំរបសំរួល ដែលត្រូវបានគេស្គាល់តែឈ្មោះថា “Vinny”, “VinnyK” និង “Aurora123” ដើម្បីផ្សាយពាណិជ្ជកម្ម និងលក់មេរោគពីរប្រភេទខាងលើនៅលើអ៊ីនធឺណិត។ ករណីនេះបានកើតឡើងរវាងខែកក្កដាឆ្នាំ 2012 និងខែកញ្ញាឆ្នាំ 2015 មុនពេលលោក Hutchins ចាប់យកអាជីពជាអ្នកស្រាវជ្រាវសន្តិសុខអ៊ិនធឺណិតដែលមានទេពកោសល្យម្នាក់។
ការជួយដល់សហគមន៍ INFOSEC
បន្ទាប់ពីការចាប់ខ្លួន លោក Hutchins ត្រូវបានដោះលែងឱ្យនៅក្រៅឃុំហើយបានរស់នៅក្នុងទីក្រុង Los Angeles ខណៈកំពុងរង់ចាំការកាត់ទោស។ គាត់ត្រូវបានហាមឃាត់មិនឱ្យធ្វើការឱ្យនិយោជករបស់គាត់ដែលជាក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត Kryptos Logic ប៉ុន្តែ លោក Hutchins បានបង្វែរការយកចិត្តទុកដាក់របស់គាត់ទៅលើការចែករំលែកជំនាញវិភាគមេរោគរបស់គាត់ជាមួយនឹងសហគមន៍សន្តិសុខអ៊ិនធឺណិត (infosec) ។
ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ Hutchins បានបោះពុម្ពផ្សាយពន្យល់ពីវិធីសាស្ត្រក្នុងការវិភាគមេរោគ Malware ដែលរួមមានទាំងវីដេអូផងដែរ។ គាត់ត្រូវបានគេចាត់ទុកថាជាអ្នកស្រាវជ្រាវសន្តិសុខអ៊ិនធឺណិតម្នាក់ដែលមានទេពកោសល្យបំផុតនាពេលបច្ចុប្បន្ននេះ៕
ឯកសារយោង៖
https://www.zdnet.com/article/security-researcher-malwaretech-pleads-guilty/
Cover Image: file Photo