ក្រសួងយុត្តិធម៌អាមេរិក (DoJ) និងការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពីបទរកស៊ីមិនស្មោះត្រង់ និងឃុបឃិតគ្នាដើម្បីលួចយកអាថ៌កំបាំងពាណិជ្ជកម្មពីក្រុមហ៊ុនចំនួន ៦ របស់សហរដ្ឋអាមេរិក។ ការចោទប្រកាន់នេះ គឺធ្វើអោយមានការកើនឡើងនៃបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិនដែលបានចាប់ផ្តើមកាលពីឆ្នាំមុននេះ។
ការចោទប្រកាន់ថ្មីទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងសម្ព័ន្ធរបស់ខ្លួននោះគឺ “ការប្រើប្រាស់ការក្លែងបន្លំ និងការបោកប្រាស់ទៅនឹងបច្ចេកវិទ្យាទំនើបជាច្រើនដោយគ្មានភាពស្មោះត្រង់ពីសមភាគីជាច្រើនរបស់សហរដ្ឋអាមេរិក” ហើយការចោទប្រកាន់ថ្មីនេះបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ថាផ្តល់ប្រាក់រង្វាន់ដល់និយោជិកណាដែលដែលទទួលបាន “ព័ត៌មានសម្ងាត់” ពីគូប្រជែងរបស់ខ្លួន។
ការចោទប្រកាន់ថ្មីនេះគឺបន្ថែមទៅលើបញ្ជីមួយដែលមានការការចោទប្រកាន់ពីរផ្សេងទៀត ដែលត្រូវបានដាក់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែលរួមមានការរំលោភទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការលួចបច្ចេកវិទ្យាពីក្រុមហ៊ុន T-Mobile ដែលមានឈ្មោះថា Tappy ដែលត្រូវបានប្រើប្រាស់ដើម្បីតេស្តទៅលើភាពធន់របស់ស្មាតហ្វូននេះ។
ការវិវឌ្ឍន៍នេះគឺជាអាវុធចុងក្រោយបំផុតដែលត្រូវបានបាញ់ដោយរដ្ឋបាលភិបាលរបស់លោក Trump នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ុនផលិតឧបករណ៍បណ្តាញណេតវើកមួយនេះ។ ក្រុមហ៊ុននេះត្រូវសហរដ្ឋអាមេរិកចាត់ទុកថាបង្ករការគំរាមកំហែងដល់សន្តិសុខជាតិផងដែរ។
ការចោទប្រកាន់របស់សហព័ន្ធបានចោទថា “កម្មសិទ្ធិបញ្ញាមិនត្រឹមត្រូវរួមមានព័ត៌មានសម្ងាត់ពាណិជ្ជកម្ម និងការងារជាច្រើនទៀតដែលមានការរក្សាសិទ្ធិដូចជាប្រភពកូដ និងសៀវភៅណែនាំអ្នកប្រើប្រាស់សម្រាប់រ៉ោតទ័រអុិនធឺណិត បច្ចេកវិទ្យាអង់តែន និងបច្ចេកវិទ្យាសាកល្បងរ៉ូបូតជាដើម” ។
ព្រះរាជអាជ្ញានិយាយថាការលួចនេះបានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទទួលបានបច្ចេកវិទ្យាមិនស្របច្បាប់ទាក់ទងនឹងប្រភពកូដរ៉ោតទ័រអុិនធឺណិត បច្ចេកវិទ្យាអង់តែន Cellular និងមនុស្សយន្តរ៉ូបូត ដែលផ្តល់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យានេះនូវអត្ថប្រយោជន៍ជាច្រើនក្នុងការប្រកួតប្រជែងដែលមិនយុត្តិធម៌នោះទេ។”
ទោះបីជាក្រុមហ៊ុនអាមេរិកចំនួន ៦ នេះមិនត្រូវបានបញ្ចេញឈ្មោះនៅក្នុងការចោទប្រកាន់នេះក៏ដោយ ក៏គេសង្ស័យថាក្រុមហ៊ុនជាច្រើនដែលគេចោទសួរនោះគឺក្រុមហ៊ុន Cisco Systems, Motorola Solutions, Fujitsu, Quintel Technology, T-Mobile និង CNEX Labs ។
បន្ថែមពីនេះទៀតនោះ របាយការណ៍នេះក៏ចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បន្ថែមទៀតថាបានធ្វើអាជីវកម្មជាមួយបណ្តាប្រទេសជាច្រើនទៀតដែលស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិរួមទាំងប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើងក៏ដូចជាចំពោះការព្យាយាមការលាក់បាំងការពាក់ព័ន្ធរបស់ខ្លួននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រូវគេចោទប្រកាន់ថាបានប្រើប្រាស់ឈ្មោះកូដជាច្រើនសម្រាប់ប្រទេសទាំងនេះដូចជា“ A2” សម្រាប់ប្រទេសអ៊ីរ៉ង់ និង“ A9” សម្រាប់ប្រទេសកូរ៉េខាងជើង។
ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នេះ។ ការចោទប្រកាន់ថ្មីនេះគឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់នាយកដ្ឋានយុត្តិធម៌ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងអាជីវកម្មរបស់ខ្លួនដោយហេតុផលទាក់ទងនឹងការប្រកួតប្រជែង ជាជាងការអនុវត្តច្បាប់ នេះបើតាមការដកស្រង់សម្តីរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះទៅកាន់សារព័ត៌មាន BBC។
ការចោទប្រកាន់ថ្មីប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកាសែត The Wall Street Journal បានរាយការណ៍ថាមន្រ្តីជាច្រើនរូបរបស់សហរដ្ឋអាមេរិកមានភ័ស្តុតាងរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះដែលដាក់ពង្រាយនូវទ្វារក្រោយជាច្រើនដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះចូលមើលព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់ថែមទៀតផង។
ទោះយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រឆាំងទៅនឹងការចោទប្រកាន់ពីបទធ្វើចារកម្មទាំងនេះផងដែរ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកខ្លួនឯងមានប្រវត្តិចារកម្មលើសម្ព័ន្ធមិត្ត និងសត្រូវជាច្រើនរបស់ខ្លួន នេះបើយោងទៅលើរបាយការណ៍របស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ (The Washington Post) ដែលបានលម្អិតអំពីរបៀបដែលទីភ្នាក់ងារស៊ើបអង្កេតកណ្តាល (CIA) បានទិញយកក្រុមហ៊ុនមួយដែលមានឈ្មោះហៅថា Crypto AG ហើយបានប្រើប្រាស់ក្រុមហ៊ុននេះដើម្បីស្ទាក់ចាប់ទំនាក់ទំនងរបស់រដ្ឋាភិបាលបរទេសអស់រយៈពេលជាច្រើនទសវត្សមកហើយនោះ។
ភាពតានតឹងដែលកំពុងកើតមានប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei នេះត្រូវបានគេមើលឃើញថាជាសមរភូមិមួយនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងប្រទេសចិនដែលបានធ្វើឱ្យប្រទេសជាច្រើនជាប់អន្ទាក់ផងដែរ។ រដ្ឋបាលរបស់លោក Trump ក៏រារាំងដៃគូជាច្រើនរបស់ខ្លួនដូចជាចក្រភពអង់គ្លេសពីការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei សម្រាប់បណ្តាញឥតខ្សែ 5G Wireless ផងដែរ។
ទោះបីជាមានសម្ពាធកើនឡើងក៏ដោយ ចក្រភពអង់គ្លេសកាលពីខែមុននេះប្រកាសថាខ្លួននឹងបន្តប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប៉ុន្តែកំណត់តួនាទីរបស់ក្រុមហ៊ុននេះក្នុងការកសាងផ្នែកខាងក្រៅនៃបច្ចេកវិទ្យា 5G និងបណ្តាញហ្វាយប៊ើរពេញលេញតែប៉ុណ្ណោះ។ ដូចគ្នានេះដែរ ប្រទេសបារាំងនិយាយថាខ្លួននឹងមិនដកក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពីការផ្គត់ផ្គង់ឧបករណ៍សម្រាប់សម្រាប់បច្ចេកវិទ្យា 5G នៅក្នុងប្រទេសនេះទេ៕
ប្រភព៖
https://thehackernews.com/2020/02/united-states-china-huawei.html