ស្វែងយល់អំពីព័ត៌មានប្រឌិត (Fake News) និងទោសទណ្ឌ!

ថ្មីៗនេះ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានផ្សព្វផ្សាយឱ្យយើងដឹងថា ដោយសង្កេតឃើញពីភាពអវិជ្ជមាននៃការចែករំលែក “ព័ត៌មានមិនពិត – Fake News” កំពុងកើតមានយ៉ាងច្រើន ពិសេសលើបណ្តាញផ្សព្វផ្សាយសង្គម (Social Media)។ ក្រុមការងារសូមធ្វើការចែករំលែកការយល់ដឹងអំពី “ព័ត៌មានមិនពិត – Fake News” ជាទស្សនទានជូនដល់បងប្អូនពលរដ្ឋ ដូចសេចក្តីសេង្ខេបខាងក្រោម៖

“ព័ត៌មានមិនពិត – Fake News” គឺជាប្រភេទព័ត៌មានមិនត្រឹមត្រូវ (Misinformation) ព័ត៌មានប្រឌិត (Disinformation) ឬបោកបញ្ឆោត (False Information) ដែលបានបោះពុម្ព ឬផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយសង្គម (Social Media) ដែលមានចេតនាបំផ្លាញ ឬធ្វើឲ្យខូចកិត្តិយសដល់អង្គភាព ក្រុមហ៊ុន ឬបុគ្គល ដោយហេតុផលមនោគមន៍វិជ្ជា ការសងសឹក ផលប្រយោជន៍ហិរញ្ញវត្ថុ ឬផលចំណេញផ្នែកនយោបាយ ជាដើម។ ក្នុងព្រះរាជាណាចក្រកម្ពុជា “ព័ត៌មានមិនពិត – Fake News” សង្កេតឃើញមាន ០៣ប្រភេទ ធំៗគឺ៖

១- ព័ត៌មានតិះដៀល ឬប្រមាថ (Satire or Parody)៖ ជាប្រភេទអត្ថបទប្រើពាក្យកំប្លែងលេងសើច ការនិយាយបំផ្លើសឬការសើចចំអក ការរិះគន់ហែកហួរបុគ្គល ឬក្រុមមនុស្ស ជាពិសេសក្នុងបរិបទនយោបាយ និងលើប្រធានបទផ្សេងទៀត។ មកដល់បច្ចុប្បន្នបច្ចេកទេស Deep Fake ត្រូវបានយកមកប្រើប្រាស់ក្នុងការរចនាជាវីដេអូ ឬសម្លេង បង្កើតជាព័ត៌មានតិះដៀល ឬប្រមាថខាងលើផងដែរ។ 

២- ព័ត៌មានប្រឌិត (Misleading News)៖ ជាប្រភេទអត្ថបទដែលដកស្រង់ព័ត៌មាន ឬការស្រាវជ្រាវផ្សេងៗ មកបន្ថែមអត្ថន័យហួសការពិត និងមិនឆ្លុះបញ្ចាំងអំពីខ្លឹមសារដើម (Misinformation) ក្នុងគោលបំណងទាក់ទាញអ្នកទស្សនា។

៣- ព័ត៌មានបោកបញ្ឆោតដោយចេតនា (Clickbait)៖ ជាប្រភេទព័ត៌មានប្រឌិត (Disinformation) ឬបោកបញ្ឆោត (False Information) ដែលបង្កើតឡើងដោយចេតនាដើម្បីរកលុយតាមរយៈចំនួននៃការចុច ឬចំនួនទស្សនា ឬជាការឃោសនាបង្កើតឲ្យមានការភ័ន្តច្រឡំលើអ្វីមួយ។ 

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានប្រឌិត និងដើម្បីសុខមាលភាពសង្គមជាតិ បងប្អូនប្រជាពលរដ្ឋអាចអនុវត្តវិធីសាស្ត្រមួយចំនួន ដើម្បីកំណត់សុក្រិតភាពនៃព័ត៌មាន ដូចសង្ខេបជូនខាងក្រោម៖ 

– អានខ្លឹមសារអត្ថបទ និងស្វែងយល់អំពីប្រភពនៃព័ត៌មាន (អ្នកនិពន្ធ គេហទំព័រ)
– ធ្វើការផ្ទៀងផ្ទាត់អត្ថបទ ពីប្រភពផ្សេងៗ 
– ធ្វើការត្រួតពិនិត្យកាលបរិច្ឆេទអត្ថបទ
– ធ្វើការប្រឹក្សាយោបល់ជាមួយបងប្អូន ឬមិត្តភ័ក្រ មុននឹងផ្សព្វផ្សាយបន្ត
– ធ្វើការរាយការណ៍ព័ត៌មានប្រឌិត (ឧទាហរណ៍ Report Post) ទៅកាន់ក្រុមហ៊ុនផ្សព្វផ្សាយសង្គម ឬរាយការណ៍ជូនអជ្ញាធរមានសមត្ថកិច្ច។

មាត្រាចែងពាក់ព័ន្ធនឹងបទល្មើសផ្សព្វផ្សាយព័ត៌មានប្រឌិត ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៖

– មាត្រា ៣០៥ “បទបរិហារកេរ្តិ៍ជាសាធារណ:” បានចែងថា៖ គ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍ និងត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។

– មាត្រា ៥០២ “បទប្រមាថ” បានចែងថា៖ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអ្នករាជការសាធារណ: ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណ:ដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃ ទៅ ៦ (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី ១.០០០ (មួយពាន់) រៀល ទៅ ១០០.០០០ (មួយសែន) រៀល។

– ទោសទណ្ឌផ្សេងៗ ដូចមានចែងក្នុងច្បាប់ពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា។

ប្រភព៖

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version