ការបាត់បង់ទិន្នន័យ ឬឯកសារនៅក្នុងកុំព្យូទ័រ និងទូរស័ព្ទដៃក៏ជាផ្នែកមួយ នៃសុវត្ថិភាពព័ត៌មានផងដែរ។ តើបញ្ហាប្រឈមអ្វីខ្លះ ដែលអ្នកអាចនឹងជួបប្រទះ ប្រសិនបើអ្នកបាត់បង់ទិន្នន័យ ឬព័ត៌មាននៅក្នុងកុំព្យូទ័រ និងទូរស័ព្ទដៃរបស់អ្នក?
ជាធម្មតាអ្នកទាំងអស់គ្នា ប្រហែលជាធ្លាប់ជួបប្រទះ ជាមួយបញ្ហាទាំងនោះហើយ ឧទាហរណ៍ ការឆ្លងមេរោគនៅក្នុងកុំព្យូទ័រ ការធ្លាក់ខូចខាត ឬបែកបាក់ ការបាត់បង់ ឧបករណ៍ទាំងនោះ និងផ្សេងៗទៀត។ បញ្ហាទាំងនេះជាមូលហេតុ បណ្តាលឲ្យអ្នកបាត់បង់នូវទិន្នន័យ និងឯកសារសំខាន់ៗរបស់អ្នក។ វិធីសាស្ត្រក្នុងការដោះស្រាយនូវបញ្ហានេះ គឺការគ្រប់គ្រង និងបម្រុងទុកទិន្នន័យ របស់អ្នកជាប្រចាំ (regularly backups your data)។
ជាទូទៅ ការបម្រុងទុកទិន្នន័យត្រូវបានធ្វើឡើងតាមរយៈ external hard drives, USB drives, និងឌីស (CDs & DVDs)។ អ្នកត្រូវចងចាំថាឧបករណ៍ ដែលបានរៀបរាប់ខាងលើនេះ ងាយស្រួលក្នុងការបាត់បង់ដោយប្រការណាមួយ ដូចជាត្រូវចោរលួច និងភាពមិនដំណើរការនៅពេលអ្នកភ្ជាប់ឧបករណ៍ទាំងនោះជាមួយកុំព្យូទ័ររបស់អ្នកជាដើម (unwanted access)។
ការបម្រុងទុកទិន្នន័យ ហាក់ដូចជាការ Copy និង Paste ឯកសារពីកន្លែងមួយ ទៅកាន់កន្លែងមួយទៀត។ ប៉ុន្តែដើម្បីជួយឲ្យមានភាពងាយស្រួល ក្នុងដំណើរការនេះ មានកម្មវិធីមួយចំនួនដែលជួយអ្នកបាន។ កម្មវិធីទី១ គឺជាកម្មវិធីដែលមានស្រាប់ជាមួយ Windows គឺ Backup and Restore វាអាចជួយអ្នកក្នុងការបម្រុងទុកទិន្នន័យរបស់អ្នក និងហៅត្រលប់មកវិញ ក្នុងករណីទិន្នន័យទាំងនោះត្រូវបានបាត់បង់។ លើសពីនេះ អ្នកអាចកំណត់នូវកាលវិភាគ ក្នុងការធ្វើការបម្រុងទុក ទិន្នន័យរបស់អ្នកបានផងដែរ។
កម្មវិធីទី២ គឺ File History វាជួយរក្សាទុកការផ្លាស់ប្តូរឯកសារចាស់ៗ រាល់ពេលអ្នកធ្វើបច្ចុប្បន្នភាព នៅលើឯកសារទាំងនោះ។ ចំពោះអ្នកដែលប្រើប្រាស់ កម្មវិធី Mac OS X ការបម្រុងទុកឯកសារអាចធ្វើបានតាមរយៈ កម្មវិធីមួយដែលមានឈ្មោះថា Time Machine។ កម្មវិធីនេះជួយបម្រុងទុកទិន្នន័យ ឬឯកសារពីកុំព្យូទ័រទៅកាន់ external hard drive ដែលក្នុងនោះអ្នកអាចមានលិទ្ធភាពក្នុងការចាក់សោរ (encrypt) ទិន្នន័យទាំងនោះបាន។
ការបម្រុងទុកឯកសារនៅក្នុង hard drive និង online cloud storage ពិតជាមានសារសំខាន់ណាស់។ អ្នកទាំងអស់គ្នាអាច ប្រើប្រាស់កម្មវិធី cloud storage មួយចំនួនដូចជា DropBox, Google drive និង OneDrive ជាដើម សម្រាប់ធ្វើការបម្រុងទុកឯកសារ។ ប្រសិនបើអ្នកទាំងអស់គ្នាព្រួយបារម្ភពីឯកជនភាព អ្នកអាចពិចារណាប្រើប្រាស់កម្មវិធី cloud storage ដែលមាន encryption ដូចជា Mega, Sync.com, SpiderOak និង Wuala។ ការបម្រុងទុកឯកសារតែមួយកន្លែងក៏បង្កើតជាហានិភ័យ ចំពោះទិន្នន័យរបស់អ្នកផងដែរ។ ដូចនេះមានវិធីសាស្ត្រមួយ ដែលអាចជួយអ្នកក្នុងការរៀបចំ ទិន្នន័យរបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាព គឺ វិធីសាស្ត្រ 3-2-1។
វិធីសាស្ត្រ 3-2-1 គឺជាវិធីសាស្ត្រដែលងាយស្រួលក្នុងការចងចាំ ក្នុងការថែរក្សានិងបម្រុងទុកទិន្នន័យរបស់អ្នកឲ្យមានសុវត្ថិភាព។ វិធីសាស្ត្រនេះមានន័យថាយ៉ាងហោចណាស់អ្នកត្រូវមានទិន្នន័យ ឬឯកសារដូចគ្នាចំនួន 3 ច្បាប់ ហើយ បម្រុងទុកឯកសារ 2 ច្បាប់នៅកន្លែងផ្សេងគ្នា ដែលក្នុងនោះ 1 ច្បាប់ ត្រូវទុកក្នុង online cloud storage។ លើសពីនេះទៀត ការបម្រុងទុកទិន្នន័យដែលមានប្រសិទ្ធភាព ត្រូវតែធ្វើឡើងជាប្រចាំ យ៉ាងហោចណាស់ឲ្យបាន១ដង ក្នុងរយៈពេល ១ឬ ២សប្តាហ៍។
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280
>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101