ការពីពេលថ្មីៗនេះ (ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨) នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំកម្មវិធីប្រកួត ប្រជែងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ ២០១៧ និងព័ត៌មាន ឬហៅថា Cambodia Cyber Contest 2018 (#CamCyber2018) ក្រោមអធីបតីភាព ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងដោយមានការ ចូលរួមពីសំណាក់និស្សិតមកពីបណ្តាសាកលវិទ្យាល័យនានាចំនួន ១៩រូប ។
ជាកិច្ចចាប់ផ្តើមបើកកម្មវិធី ឯកឧត្តម ជុន វ៉ាត បានថ្លៃងលើកឡើងអំពីសារៈសំខាន់នៃការកសាងសមត្ថភាពធនធានមនុស្សដែលមានជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ សព្វថ្ងៃនេះជំនាញមួយនេះគឺមានតម្រូវការយ៉ាងខ្លាំង ទាំងក្នុងស្រុក និងនៅក្នុងតំបន់ ហើយឯកឧត្តមបានផ្តាំផ្ញើរឲ្យបេក្ខជនដែលចូលរួមទាំងអស់ ទោះបីទទួលបានជ័យលាភី ឬមិនបានក្តី ត្រូវខិតខំសិក្សារៀនសូត្រជំនាញមួយនេះបន្ថែមទៀត ដើម្បីឲ្យកម្ពុជាយើងមានធនធានបន្ថែមក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងការវាយប្រហារនានាពីអ៊ិនធឺណិត។
ការប្រកួតនេះគឺមានរយៈពេលពេញមួយថ្ងៃ ហើយអ្នកដែលទទួលបានជ័យលាភីចំនួនពីររូប នឹងត្រូវចាត់បញ្ជូនទៅចូលរួមប្រកួតបន្តនៅប្រទេសសឹង្ហបុរីនាខែកញ្ញាខាងមុខនេះ។
ការប្រកួតនេះគឺមានលក្ខណៈជាទម្រង់ Capture The Flag (CTF) ប្រភេទ Jeopardy Style ដែលមានដូចជា Programming, Crypto, Web, Forensics, Binary Reverse, … ។
ក្រោយពីការប្រកួតប្រជែងរយៈពេលពេញមួយថ្ងៃរួចមក ជ័យជំនៈត្រូវបានធ្លាក់ទៅលើនិសិ្សតចំនួនពីររូបគឺលោក រៀន យូដា មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងលោក ប៉េង ឆៃឡេង មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឯកឧត្តម ជុន វ៉ាត បាន ប្រគល់រង្វាន់ដល់បេក្ខជនជ័យលាភី និងបានផ្តាំផ្ញើរឲ្យបេក្ខជនទាំងពីរប្រឹងប្រែងស្រាវជ្រាវបន្ថែមទៀតមុនពេលដែលខ្លួនចេញ ទៅប្រកួតថ្នាក់តំបន់នៅប្រទេសសឹង្ហបុរីនាពេលខាងមុខនេះ៕