Two Anon Cambodia Unmask

បើតាមព័ត៌មានពីវិបសាយ PostKhmer បានឲ្យដឹងថា ជនជាប់ចោទពីររូបដែលត្រូវបានឃាត់ខ្លួនដោយ ACU កាលពីពេលថ្មីៗនេះត្រូវបានតុលាការចេញ​ដីកា​បង្គាប់​ឃុំ​ខ្លួន​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន នៅ​ក្នុង​មន្ទីរ​ពន្ធនាគារ ព្រៃស។ យុវជន ២ រូបនោះ​ដែល​ជា​បុគ្គលិក​ផ្នែក​អាយធី (IT) បម្រើ​ការ​នៅ​សាកល​វិទ្យាល័យ​អាយ​អាយ​ស៊ី នៃ​បច្ចេក​ទេស​វិទ្យា (IIC University of Technology) ដែល​សង្ស័យ​ជា​សមាជិក​នៃ​ក្រុម​ជន​អនាមិក​កម្ពុជា (Anonymous Cambodia)​ ។

មន្ត្រី​តុលាការ​មួយ​រួប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថាៈ យុវជន​សង្ស័យ​ខាង​លើ​នេះ​មាន​ឈ្មោះ ទី១-​ឈ្មោះ កែវ ស៊ីផែង ភេទ​ប្រុស អាយុ​២៦ ឆ្នាំ និង​ទី២-​ឈ្មោះ ហុក រតនា ភេទ​ប្រុស អាយុ ២៦ឆ្នាំ។ អ្នក​ទាំង​២នេះ​ជា​បុគ្គលិក​ផ្នែក IT នៃ​សាកល​វិទ្យាល័យ​អាយអាយស៊ី នៃ​បច្ចេក​ទេស​វិទ្យា នៅ​ក្នុង​រាជធានី​ភ្នំពេញ។

តំណាង​អយ្យការ​លោក​មាស ច័ន្ទពិសិដិ្ឋ ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​បាន​ដឹង​ថា យុវជន​សង្ស័យ​ខាង​លើ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី បទ« ល្មើស​ព័ត៌មាន​វិទ្យា» ​តាម​មាត្រា​២៧ និង ៤២៨ នៃ ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។

លោក មាស ច័ន្ទពិសិដិ្ឋ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​«ខ្ញុំ​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទៈ​ល្មើស​ព័ត៌មាន​វិទ្យា» ​តាម​មាត្រា២៧ និង​៤២៨ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ ឥឡូវ​នេះ សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ជូន​បន្ត​​ទៅ​ចៅក្រម​ស៊ើប​សួរ»។

ទោះ​យ៉ាង​ណា​ក្តី លោក​មាស ច័ន្ទ​ពិសិដិ្ឋ​ ពុំ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ឡើយ​ចំពោះ​ករណី​ខាង​លើ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា៖ ជន​សង្ស័យ​ទាំង​២​នាក់​ខាង​លើ​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​រាត្រី​ថ្ងៃ​ទី ១ ខែ ​ឧសភា ២០១៤​ បន្ទាប់​ពី​បាន​ធ្វើ​សកម្ម​ភាព​វាយ​លុយ​ និង​បំផ្លាញ​ទិន្នន័យ​និង​វិប​សាយ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ប្រើ​ឈ្មោះ ពួកគេ​ជា «Gamer-Over-xX23xX » កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មេសា ឆ្នាំ ២០១៤។

ជន​សង្ស័យ​ទាំង​២​នាក់​ខាង​លើ​និង​មេធាវី​ការពារ​ក្តី​មិន​អាច​ទាក់​ទង​ដើម្បី​បំភ្លឺ​បាន​ឡើយ​​ចំពោះ​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​នៅ​ថ្ងៃ​នេះ។

គួរ​រំលឹក​ថា កាល​ពីថ្ងៃ​ទី ២៧​ខែ​មេសា ២០១៤​កន្លង​ទៅ​នេះ យុវជន​២​នាក់​ដែល​ជា​និស្សិត​ព័ត៌មាន​វិទ្យា នៃ​សាកល​វិទ្យាល័យ​ស៊ីតិច ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់​ខ្លួន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​លុក និង​បំផ្លាញ​ទិន្ន​ន័យ​វេប​សាយ​របស់​អគ្គនាយក​នគរបាល​ជាតិ និង​វេបសាយ​របស់​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន នៅ​កម្ពុជា៕

ដកស្រង់ចេញពី៖

http://www.postkhmer.com/online/113890–acu

 

 

Exit mobile version