ថ្មីៗនេះ មានក្រុមមួយចេញមកអៈអាងថា គឺជាក្រុមអ្នកវាយប្រហារអនាមិកកម្ពុជា (Anonymouse Cambodia) ហើយបានចាប់ផ្តើមធ្វើការវាយប្រហារជាថ្មី ទៅលើវេបសាយនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយធ្វើការបញ្ចេញមតិនៅក្នុងហ្វេសប៊ុករបស់វេបសាយ SecuDemy ថាពួកខ្លួនត្រលប់មកវិញនោះ (We’re Back) ក្រុម Anon Cambodia ថ្មីនេះ បានវាយប្រហារដំបូងទៅលើវេបសាយរបស់គណៈគ្រូពេទ្យកម្ពុជា ដោយបានបញ្ចូលរូបភាពរបស់ខ្លួនទៅក្នុងវេបសាយនោះ។
ក្រុមនេះបានបង្ហោះព័ត៌មានរបស់ខ្លួននៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមើលទៅគឺទើបតែបង្កើតថ្មីៗនេះទេ ដែលគិតមកដល់ត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ម៉ោង ២:០០ រសៀល គឺមានអ្នកចុច Like តែ ៤នាក់ប៉ុណ្ណោះ។
គួររំលឹកដែលថា ក្រុមអ្នកវាយប្រហារអាណាមិកកម្ពុជា បានធ្វើការវាយលុកជ្រៀតជ្រែកចូលទៅក្នុងវេបសាយរបស់រដ្ឋាភិបាល និងវិស័យជាច្រើនកាលពីអំឡុងពេលបោះឆ្នោត និងក្រោយកាលបោះឆោ្នតឆ្នាំ២០១៣ ហើយក៏ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដោយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាផងដែរ។ អស់រយៈពេលជិត ២ឆ្នាំហើយដែលក្រុមនេះមានការស្ងប់ស្ងាត់ ទើបតែមានក្រុមមួយចេញមកអៈអាងថា គឺជាក្រុមអ្នកវាយប្រហារអនាមិកកម្ពុជា (ត្រលប់មកវិញ)។ យើងរង់ចាំតាមដានទាំងអស់គ្នា ថាតើក្រុមនេះមានសមត្ថភាពយ៉ាងណាដែរ បើប្រៀបធៀបជាមួយក្រុមមុននោះ?
ដើម្បីស្វែងយល់អំពីក្រុមអ្នកវាយប្រហារអនាមិកកម្ពុជាកាលពីលើកមុន សូមចុចទីនេះ
*** តម្លើងកម្មវិធីសម្រាប់ឧបករណ៍ Android ដើម្បីទទួលបានព័ត៌មានភ្លាមៗអំពីសន្តិសុខបច្ចេកវិទ្យា http://bit.ly/1O5od2K ***