The Internet’s Own Boy – The story of Aaron Swartz

ភាពយន្ត Internet’s Own Boy – រឿងរ៉ាវរបស់ Aaron Swartz

Aaron Hillel Swartz គឺជាអ្នកសរសេរកម្មវិធីកុំព្យួទ័រ សកម្មជនអិុនធឺែណត ជាសហស្ថានិកវិបសាយដ៏ល្បី Reddit ស្ថានិកអង្គការ Demand Progress និងជាសកម្មជនដែលជួយជ្រោមជ្រែងក្នុងការបង្កើតនូវ RSS Feed format។

លោក Aaron បានធ្វើអត្តឃាតកាលពីឆ្នាំទៅក្នុងអាយុ ២៦ឆ្នាំ បន្ទាប់ពីទទួលរងការគំរាមគំហែងក្នុងការដាក់គុកចំនួន ៣៥ឆ្នាំ ហើយរងការពិន័យចំនួន ៤លានដុល្លាអាមេរិកដោយតុលាការ សម្រាប់ករណីដែលលោកធ្វើការទាញយកនូវឯកសារ Academic journal ដោយខុសច្បាប់ ​(illegally download) ពីក្នុងបណ្ណាល័យអេឡិចត្រូនិច ​Jstor ពីមហាវិទ្យាល័យ MIT ដោយមិនមានគោលបំណងអាក្រក់ណាមួយក្រៅពីដាក់វាឲ្យមានការបើកមើលជាសាធារណៈ។

ការធ្វើអត្តឃាតរបស់ Aaron’s បានចោទឡើងជាសំណួរស្តីពីច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័ររបស់អាមេរិក ហើយនឹងការដាក់ទោសទណ្ឌមួយចំនួន។ សកម្មជន និងប្រជាជនទូទៅជាច្រើន មានការថ្នាក់ថ្នាំងចិត្តចំពោះការដាក់ទោស នៅពេលដែលធ្វើការប្រៀបធៀបចំពោះឧក្រិដ្ឋកម្មផ្សេងទៀត។ Cyber World គឺមានភាព ស្មុគស្មាញ ហើយកាន់តែស្មុគស្មាញថែមទៀតនៅពេលដែលមានការកាត់ក្តី។

ក្នុងពេលនេះ រឿងរ៉ាវរបស់គាត់ត្រូវបានបានគេថតជាភាពយន្តឯកសារ ហើយត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន។ “The Internet’s Own Boy – The Story of Aaron Swartz” ដឹកនាំសម្តែងដោយ Brain Knappenberger ហើយដែលលោកគិតថា ប្រព័ន្ធផ្លូវច្បាប់គឺជាទទួលខុស ត្រូវដ៏ធំ ចំពោះការធ្វើអត្តឃាតរបស់សកម្មជនឌីជីថលវ័យក្មេងរូបនេះ។

លោកបានមានប្រសាសន៍បន្តទៀតថា ជាការពិតណាស់វាមានកត្តាជាច្រើន ប៉ុន្តែសុបន្តិអាក្រក់នៃផ្លូវច្បាប់រយៈពេល ២ឆ្នាំដែលគាត់បានឆ្លងកាត់ គឺយើងមិនអាច បំភ្លេចវាចោលបានឡើយ។ គាត់បានអស់ទាំងធនធានហិរញ្ញវត្ថុ និងទឹកចិត្ត។ គាត់បានសម្លាប់ខ្លួនគាត់នៅក្នុងរង្វង់ពីរបីថ្ងៃនៃការចាប់ខ្លួនដំបូងរបស់គាត់។

អំពីខ្សែភាពយន្ត

ភាពយន្តឯកសារដែលមានរយៈពេល ១០៥នាទីនេះ គឺជារឿងដែលល្អឥតខ្ចោះ ពិព័ណ៌នាអំពីឆាកជីវីតរបស់លោក Aaron Swartz ហើយនឹងមហន្តរាយនៃការស្លាប់ក្នុងអាយុតែ ២៦ឆ្នាំ។ អ្នកនិពន្ធបាននាំយករឿងរា៉វទាំងអស់នោះ តាមរយៈការធ្វើបទសម្ភាសន៍ជាមួយនឹង ក្រុមគ្រួសារលោក Swartz មិត្តភ័ក្ត្រ ហើយនឹងអ្នកដែលពាក់ព័ន្ធផ្សេងទៀត។

លោក ​​Aaron បានប្រឡូកទៅក្នុងវិស័យសិទ្ធអិុនធឺណែតកាលពីលោកនៅជាក្មេងជំទង់ ការជួយអភិវឌ្ឍន៍ ​RSS Feed ការជួយអភិវឌ្ឍន៍វិបសាយព័ត៌មានសង្គម Reddit និង ​Creative Commons ។ ការងាររបស់គាត់ទាំងអស់នេះ ត្រូវបានលើកយកមកបង្ហាញនៅក្នុងខ្សែភាពយន្តនេះ។

វាគឺជាភាពយន្តឯកសារមនោសញ្ជេតនាមួយ ផ្អែកលើឆាកជីវិតពិតរបស់ Aaron ហើយមានតម្លៃណាស់ក្នុងការមើលវា។

សូមទស្សនាខ្សែភាពយន្តដូចតទៅ៖

Exit mobile version