ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវពីរកត្តា (2FA) ឬហៅថាការផ្ទៀងផ្ទាត់ពីរជំហាន គឺដូចជាការបន្ថែមសោរទីពីរទៅកាន់ទ្វារឌីជីថលរបស់អ្នក។ ទោះបីជាមាននរណាម្នាក់លួចពាក្យសម្ងាត់របស់អ្នក (កត្តាទីមួយ) ក៏ដោយ ពួកគេនៅតែមិនអាចចូលបានទេ ប្រសិនបើគ្មានកត្តាទីពីរ—អ្វីមួយដែលមានតែអ្នកប៉ុណ្ណោះដែលអាចចូលប្រើបាន។ ជំហានបន្ថែមដ៏សាមញ្ញនេះធ្វើឱ្យគណនីឌីជីថលរបស់អ្នកមានសុវត្ថិភាពខ្ពស់យ៉ាងខ្លាំង ដោយរារាំងការវាយប្រហារដោយស្វ័យប្រវត្តិបានជាង 99% ។
ឧទាហរណ៍ថា 2FA ជាកន្លែងត្រួតពិនិត្យសុវត្ថិភាពនៅព្រលានយន្តហោះ។ ពាក្យសម្ងាត់របស់អ្នក គឺដូចជាសំបុត្ររបស់អ្នក—វានាំអ្នកទៅកាន់ទីតាំង check-in របស់ក្រុមហ៊ុនយន្តហោះ។ ប៉ុន្តែ 2FA គឺដូចជាការបង្ហាញលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណរបស់អ្នក—វាបញ្ជាក់ថាអ្នកគឺជាអ្នក។ ចោរព័ត៌មានវិទ្យា អាចលួចពាក្យសម្ងាត់បាន ប៉ុន្តែពួកគេជាទូទៅមិនអាចលួចទូរស័ព្ទ ឬស្នាមក្រយៅដៃរបស់អ្នកបានទេ។ ការរួមបញ្ចូលគ្នានេះ ធ្វើឱ្យការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតមានការលំបាកយ៉ាងខ្លាំង។
របៀបដែល 2FA ដំណើរការក្នុងការ
នៅពេលអ្នកចូលទៅគណនីឌីជីថលណាមួយ ដែលមាន 2FA ដំបូងអ្នកបញ្ចូលពាក្យសម្ងាត់របស់អ្នកជាធម្មតា។ បន្ទាប់មក លេខកូដតែមួយគត់ ត្រូវបានផ្ញើទៅកាន់ទូរស័ព្ទរបស់អ្នកតាមរយៈសារ SMS ឬតាមកម្មវិធីផ្ទៀងផ្ទាត់ (authenticator) ឬការជូនដំណឹងនៅក្នុង App (push notification )។ លេខកូដនេះ ជាធម្មតាផុតកំណត់ក្នុងរយៈពេល 30-60 វិនាទី។ អ្នកបញ្ចូលលេខកូដនេះដើម្បីបញ្ចប់ដំណើរការចូលទៅក្នុងប្រព័ន្ធឌីជីថលរបស់អ្នកដោយជោគជ័យ ។ ទោះបីជាចោរព័ត៌មានវិទ្យា មានពាក្យសម្ងាត់របស់អ្នកក៏ដោយ ពួកគេមិនអាចចូលបានដោយគ្មានលេខកូដជាន់ទី២ នោះឡើយ។
2FA មានទម្រង់ច្រើនប្រភេទ ដែលមានចាប់ពីកម្រិតមូលដ្ឋានដល់កម្រិតសុវត្ថិភាពខ្ពស់៖
១. លេខកូដ SMS គឺជារឿងធម្មតា និងងាយស្រួលប្រើបំផុត—អ្នកទទួលបានសារជាអក្សរដែលមានលេខកូដ។
២. កម្មវិធីផ្ទៀងផ្ទាត់ដូចជា Google Authenticator ឬ Microsoft Authenticator បង្កើតលេខកូដផ្អែកលើពេលវេលាដោយមិនចាំបាច់មានសេវាទូរស័ព្ទ។
៣. ការជូនដំណឹង (notification) ស្នើសុំឱ្យអ្នកធ្វើការអនុម័តការប៉ុនប៉ងចូល ដោយផ្ទាល់នៅលើទូរស័ព្ទរបស់អ្នក។
៤. ជម្រើសដែលមានសុវត្ថិភាពបំផុតគឺសោរផ្នែករឹង (hardware) ដូចជា YubiKey ប៉ុន្តែទាំងនេះមានតម្លៃថ្លៃ ហើយមិនចាំបាច់សម្រាប់អ្នកប្រើប្រាស់ភាគច្រើននោះទេ។
មនុស្សជាច្រើនមិនបានបើកដំណើរការ មុខងារ 2FA ព្រោះពួកគេគិតថាវាមិនងាយស្រួល។ ការពិតគឺថា ការចំណាយពេលពីរបីវិនាទីបន្ថែម វាអាចជួយអ្នកពីការវាយប្រហារដោយចោរព័ត៌មានវិទ្យាហេគចូលគណនីឌីជីថលរបស់អ្នកបាន។ 2FA គឺជាវិធានការសុវត្ថិភាពដ៏មានប្រសិទ្ធភាពបំផុត ដែលអ្នកអាចធ្វើបានបន្ទាប់ពីប្រើពាក្យសម្ងាត់ដ៏រឹងមាំ និងប្លែកពីគេ៕
