ទំព័រហ្វេសប៊ុក States Times Review ត្រូវបានបិទមិនឱ្យប្រជាជន សឹង្ហបុរីបើកមើលបាន

តាមប្រភពព័ត៌មានពី The Straits Time បានឱ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុកត្រូវបានបញ្ជាឱ្យបិទមិនឱ្យអ្នកប្រើប្រាស់នៅសឹង្ហបុរី បើកទំព័រហ្វេសប៊ុករបស់ States Times Review ក្រោមច្បាប់របស់ប្រទេសសឹង្ហបុរីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ការវិវត្តន៍នៃបញ្ហានេះ គឺកើតឡើងពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីទំព័រមួយនេះក្លាយជាគេហទំព័រដំបូងបំផុតដែលគេហាមឃាត់មិនឱ្យទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុណាមួយក្នុងនាមជា “Declared Online Location (DOL)” ។

នៅក្រោមច្បាប់ការពារពីភាពមិនពិតតាមអុិនធឺណិត និងការរៀបចំនោះ  (Protection from Online Falsehoods and Manipulation Act (Pofma)) គេហទំព័រជាច្រើនតាមប្រព័ន្ធអុិនធឺណិតអាចត្រូវគេកំណត់ថាក្នុងលក្ខណៈ “DOL” បន្ទាប់ពីពួកគេទទួលបាន “ការណែនាំ” ចំនួន ៣ នៅក្រោមច្បាប់មួយនេះក្នុងរយៈពេលប្រាំមួយខែប៉ុណ្ណោះ។ ក្នុងករណីទំព័រ STR ដែលគ្រប់គ្រងដោយជនជាតិសឹង្ហបូរីលោក Alex Tan Zhi Xiang នោះ ការណែនាំឱ្យកែតម្រូវចំនួន ៣ ត្រូវបានចេញផ្សាយនៅក្នុងករណីចំនួន ៣ ដាច់ដោយឡែកពីគ្នា ចំពោះទំព័រនេះ អំពីការភូតកុហកដែលបានចេញផ្សាយលើបញ្ហាផ្សេងៗរួមទាំងការផ្ទុះឡើងនៃវីរុសកូរ៉ូណាផងដែរ។

លោក​ Tan មិនអើពើទៅលើ “ការណែនាំ” ទាំងបីនេះទេ។ គាត់ក៏មិនដាក់ការព្រមានណាមួយទៅកាន់ប្រជាជនថា ទំព័រនេះមានប្រវត្តិទាក់ទងនឹងការភូតកុហកជាច្រើន ដែលត្រូវការសម្រាប់គេហទំព័រជាច្រើនដែលត្រូវប្រកាសថាជា DOL នេះ។ អ្វីដែលគួរអោយកត់សម្គាល់ពីបញ្ហានេះ ក្រសួងទំនាក់ទំនង និងព័ត៌មាននិយាយថា ទំព័រនេះបានបង្ហាញនូវការភូតកុហកម្តងហើយម្តងទៀត ហើយមិនបានអនុវត្តន៍តាម ការណែនាំ  ណាមួយនោះទេ។ 

ហេតុដូច្នេះ រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ និងព័ត៌មានលោក S Iswaran បានបញ្ជាទៅការិយាល័យ Pofma ឱ្យបញ្ជាទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកបិទ មិនឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសសឹង្ហបុរីអាចចូលទៅកាន់ទំព័រហ្វេសប៊ុកមួយនេះ ក្រោមមាត្រា៣៤ នៃច្បាប់នេះ។ បទបញ្ញត្តិនេះអនុញ្ញាតឱ្យរដ្ឋាភិបាលបញ្ជាឱ្យអន្តរការីអុិនធឺណិត បិទការចូលប្រើទៅកាន់ DOL នេះ ប្រសិនបើម្ចាស់របស់ DOL មិនគោរពតាមសេចក្តីប្រកាស ហើយមាតិកាសម្រាប់ធ្វើការបង់ប្រាក់នៅលើគេហទំព័រនេះនៅតែបន្តបង្ហាញដល់អ្នកប្រើប្រាស់ជាច្រើននៅទីនេះនោះ។

ប្រសិនបើអន្តរការីអុិនធឺណិតខកខានមិនបានអនុវត្តន៍តាមនឹងត្រូវបានផ្តន្ទាទោស វាអាចត្រូវបានពិន័យជាប្រាក់រហូតដល់ ២ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ ក្នុងករណីដែលបទបញ្ជារបស់រដ្ឋាភិបាលមិនត្រូវបានអនុវត្តន៍ពេញលេញ នោះទឹកប្រាក់សរុបនឹងកើនឡើងរហូតដល់ទឹកប្រាក់សរុបចំនួន ៥០ម៉ឺនដុល្លារអាមេរិក។

ក្រសួងទូរគមនាគមន៍ និងព័ត៌មានសឹង្ហបុរី បាននិយាយថាទំព័រហ្វេសប៊ុក STR ត្រូវបានភ្ជាប់ទៅនឹងគេហទំព័រជាច្រើនផ្សេងទៀតដែលដំណើរការដោយលោក Tan ដែលទាញយកអត្ថប្រយោជន៍រូបិយវត្ថុជាច្រើនពីការបោះពុម្ពផ្សាយនូវ “ការកុហកមិនពិតជាច្រើន” ដោយនោះគឺជាចំណាយរបស់ប្រជាជនសឹង្ហបុរី និងសង្គមរបស់យើង ។ លោក Tan អាចត្រូវបានគេពិន័យជាប្រាក់រហូតដល់ ៤ម៉ឺនដុល្លារអាមេរិក ឬជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬករណីទាំងពីរនេះសម្រាប់ការមិនគោរពតាមលក្ខខណ្ឌដែលស្ថិតនៅក្រោមច្បាប់ Pofma នេះ។

លើសពីនេះទៀត វាក៏ជាបទល្មើសសម្រាប់គាត់ក្នុងការរកប្រាក់ចំណេញពីទំព័រនេះ ឬសម្រាប់នរណាម្នាក់ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ទំព័រនេះ ក្នុងគោលបំណងទាក់ទងនឹងការភូតកុហកជាច្រើននោះ។ ពួកគេអាចត្រូវផាកពិន័យរហូតដល់ទឹកប្រាក់ ៤០,០០០ដុល្លារអាមេរិក ឬជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬករណីទាំងពីរនេះសម្រាប់ការធ្វើរឿងដូច្នោះ។

ក្រសួងទូរគមនាគមន៍ និងព័ត៌មានសឹង្ហបុរីបានកត់សំគាល់ថា ទំព័រហ្វេសប៊ុក STR បានរំលោភបំពាន ដោយផ្សាយព័ត៌មានមិនពិតជាច្រើន ដែលនៅក្នុងនោះ មានចំនួន ៣ ករណី បានទទួលនូវ “ការណែនាំ” ស្ថិតនៅក្រោមច្បាប់ ​Pofma (ខែកុម្ភៈ និងខែមករា ២០២០ និងខែវិច្ឆិកា ២០១៩)៕

Exit mobile version