ពេលនេះជនខិលខូចបានផ្ញើសារដែលបន្លំធ្វើជាសារមកពីធនាគារអេស៊ីលីដាម្ដង!

បើតាមការផ្សព្វផ្សាយរបស់ធនាគារអេស៊ីលីដាបានឱ្យដឹងថា មានជនខិលខូចបានផ្ញើសារដែលបន្លំធ្វើជាសារមកពីធនាគារអេស៊ីលីដា ដែលមានតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយ។

តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានរកឃើញថា គេហទំព័រក្លែងក្លាយដែលជនខិលខូចបានបង្កើតនេះ គឺវាដូចគ្នានឹងគេហទំព័រក្លែងក្លាយដែលពួកគេបង្កើតសម្រាប់ធនាគារកាណាឌីយ៉ា ដែលនាយកដ្ឋានបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ។

គេហទំព័រទាំងនេះបង្កើតឡើងដើម្បីបោកបញ្ឆោតយកព័ត៌មាន មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ លេខទូរសព្ទ ឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់ ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីធនាគារ ក្នុងគោលបំណងលួចយកប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំជាថ្មីម្ដងទៀតដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារណាមួយ ដែលទាមទារឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ហើយដើម្បីចៀសវាងពីការបោកបញ្ឆោតនេះ លោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនផ្ទាល់តាមរយៈលេខទូរសព្ទ ដើម្បីទទួលបានព័ត៌មានបន្ថែម៕

ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Exit mobile version