សឹង្ហបុរី៖ ទិន្នន័យស្ថានភាពផ្ទុកមេរោគអេដស៍របស់អ្នកជំងឺ 14.200 នាក់ត្រូវលេចធ្លាយតាមអនឡាញ

Cover Image: GETTY IMAGES

តាមព័ត៌មានពីវេបសាយ Channel News Asia បានឲ្យដឹងថា ក្រសួងសុខាភិបាលសឹង្ហបុរី (MOH) បាននិយាយនាពេលថ្មីៗនេះ ទិន្នន័យនៃស្ថានភាពការឆ្លងមេរោគអេដស៍របស់អ្នកជំងឺចំនួន 14.200 នាក់រួមជាមួយព័ត៌មានសម្ងាត់ជាច្រើនទៀតដូចជាលេខអត្តសញ្ញាណ និងព័ត៌មានទំនាក់ទំនងរបស់ពួកគេត្រូវលេចធ្លាយតាមអ៊ីនធឺណិត។

កំណត់ត្រាជាច្រើនទាំងនេះរបស់អ្នកជំងឺជនជាតិសិង្ហបុរីចំនួន 5.400 នាក់ដែលត្រូវគេធ្វើរោគវិនិច្ឆ័យថាផ្ទុកមេរោគអេដស៍ពីឆ្នាំ 1985 ដល់ខែមករាឆ្នាំ 2013 និងអ្នកជំងឺ 8.800 នាក់ផ្សេងទៀត រួមទាំងអ្នកធ្វើការ និងអ្នកជំងឺដែលបានឆ្លងជំងឺអេដស៍ពីឆ្នាំ 1985 ដល់ធ្នូ ឆ្នាំ 2011។

ព័ត៌មានដែលលេចធ្លាយនេះរួមមានឈ្មោះរបស់ពួកគេ លេខអត្តសញ្ញាណ លេខទូរស័ព្ទ អាស័យដ្ឋាន លទ្ធផលតេស្តមេរោគអេដស៍ និងព័ត៌មានវេជ្ជសាស្ត្រ។ MOH និយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ព័ត៌មានលម្អិតនៃបញ្ជីទំនាក់ទំនងចំនួន 2.400 នាក់ទៀតដែលត្រូវកំណត់ការតាមដាននៅលើបញ្ជីទំនាក់ទំនងនេះរហូតដល់ខែឧសភាឆ្នាំ 2007 ក៏ត្រូវលេចធ្លាយផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅថ្ងៃចន្ទនេះដើម្បីបំភ្លឺបញ្ហានេះ អគ្គលេខាធិការអចិន្រ្តៃយ៍ លោក Chan Heng Keeនិយាយថា ក្នុងចំណោមសិស្សជនជាតិសិង្ហបុរីចំនួន 5.400 នាក់ដែលព័ត៌មានលម្អិតត្រូវលេចធ្លោ មានអ្នកជំងឺ 1.900 នាក់ស្លាប់។ MOH និយាយថាក្នុងចំណោមអ្នកដែលនៅរស់ 90%គឺជាបុរស។

ព័ត៌មាននេះដែលលេចធ្លាយ និងជាកម្មសិទ្ធិរបស់ Mikhy K Farrera Brochez ដែលជាជនជាតិអាមេរិកដែលមានផ្ទុកមេរោគអេដស៍រស់នៅក្នុងប្រទេសសិង្ហបុរីតាំងពីឆ្នាំ 2008 មក ។ គាត់ត្រូវគេកាត់ទោសពីបទលួចបន្លំ និងគ្រឿងញៀនជាច្រើនព្រមទាំងនិយាយកុហកចំពោះក្រសួងការងារអំពីការផ្ទុកមេរោគអេដស៍របស់គាត់ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។

លោក Brochez ត្រូវគេបញ្ជូនទៅឃុំឃាំងនៅក្នុងខែមិថុនាឆ្នាំ 2016 ហើយត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 28 ខែ និងត្រូវនិរទេសចេញពីប្រទេសសិង្ហបុរីកាលពីខែមេសាឆ្នាំ 2018 ផងដែរ។

ការចុះបញ្ជីមេរោគអេដស៍រួមមានព័ត៌មានអំពីបុគ្គលដែលត្រូវគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគអេដស៍ដែលជាជំងឺមួយដែលត្រូវគេបញ្ជាក់ថាមាននៅក្រោមច្បាប់នៃជំងឺឆ្លង(Infectious Diseases Act)។ ក្រសួងនេះនិយាយថា ខ្លួនប្រើប្រាស់បញ្ជីឈ្មោះដើម្បីតាមដានស្ថានភាពឆ្លងមេរោគអេដស៍ ការតាមដានបញ្ជីទំនាក់ទំនង និងវាយតម្លៃវិធានការការពារ និងគ្រប់គ្រងជំងឺ។

ក្រសួងសុខាភិបាលនិយាយថា “ទោះបីជាការចូលអាក់សេស (access) ទៅលើព័ត៌មានសម្ងាត់ត្រូវបិទក៏ដោយ ក៏វានៅតែជាកម្មសិទ្ធិរបស់មនុស្សដែលគ្មានការអនុញ្ញាត ហើយនៅតែអាចត្រូវបង្ហាញជាសាធារណៈនាពេលអនាគតបាន។ យើងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីស្កេនទៅលើអ៊ីនធឺណិតសម្រាប់សញ្ញានៃការបង្ហាញព័ត៌មានបន្ថែមទៀត។”

ក្រសួងបន្ថែមថា “យើងមានការសោកស្តាយចំពោះភាពធុញថប់ ការបារម្ភ និងទុក្ខព្រួយដែលបណ្តាលមកពីឧបទ្ទវហេតុនេះ។ អាទិភាពរបស់យើងគឺសុខុមាលភាពរបស់បុគ្គលដែលរងផលប៉ះពាល់នេះ។”

“យើងសូមអំពាវនាវដល់សាធារណជនឱ្យជូនដំណឹងដល់ក្រសួងសុខាភិបាលជាបន្ទាន់ប្រសិនបើពួកគេជួបប្រទះព័ត៌មានពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ ហើយមិនត្រូវចែកចាយវាបន្ថែមទៀតទេ “។ ក្រសួងសុខាភិបាលក៏ធ្វើការ “ទាក់ទងជាបន្តបន្ទាប់” ទៅកាន់មនុស្សដែលត្រូវរងផលប៉ះពាល់ដោយការលេចធ្លាយនោះ ហើយនិយាយថាគិតមកដល់ម៉ោង 1 រសៀលថ្ងៃច័ន្ទនេះ វាមានមនុស្ស 900 នាក់ត្រូវគេរកឃើញ។

ក្រសួងសុខាភិបាលនិយាយថា លោក Brochez ប្រើប្រាស់គំរូឈាមរបស់ដៃគូវេជ្ជបណ្ឌិតជនជាតិសិង្ហបុរីរបស់គាត់ ដើម្បីធ្វើតេស្តឈាមរបស់គាត់ ដូចនេះគាត់អាចធ្វើការនៅក្នុងប្រទេសសិង្ហបុរីបាន។ ក្រសួងនិយាយថា ដៃគូរបស់គាត់គឺលោក Ler Teck Siang ជាប្រធានអង្គភាពសុខភាពសាធារណៈជាតិរបស់ក្រសួងសុខាភិបាលចាប់ពីខែមីនាឆ្នាំ 2012 ដល់ខែឧសភាឆ្នាំ 2013 ។ មុនពេលលាលែងពីតំណែងនៅខែមករាឆ្នាំ 2014 លោក Ler Teck Siang ចូលដំណើរការចូលក្នុងបញ្ជីឈ្មោះអ្នកផ្ទុកមេរោគអេដស៍ ហើយនេះគឺជាតម្រូវការសម្រាប់ការងាររបស់គាត់។

លោក Ler ត្រូវគេជឿជាក់ថា មិនអាចគ្រប់គ្រងទៅលើព័ត៌មាន ហើយមិនអនុលោមតាមគោលនយោបាយស្តីពីការគ្រប់គ្រងព័ត៌មានសម្ងាត់។ ក្រសួងសុខាភិបាលនិយាយថាខ្លួនបានដាក់ពាក្យប្តឹងប៉ូលិសប្រឆាំងនឹងលោក Brochez នៅក្នុងខែឧសភាឆ្នាំ 2016 នៅពេលដែលខ្លួនទទួលព័ត៌មានថាគាត់មានព័ត៌មានសម្ងាត់ដែលលេចឡើងពីបញ្ជីអ្នកផ្ទុកមេរោគអេដស៍។ ទ្រព្យសម្បតិ្តរបស់ Brochez និង Ler កំពុងតែត្រូវស្វែងរក ហើយសម្ភារៈដែលពាក់ព័ន្ធត្រូវរឹបអូស និងត្រូវធានាដោយប៉ូលិស។

ពីរឆ្នាំក្រោយមក នៅខែឧសភាឆ្នាំ 2018 បន្ទាប់ពីលោក Brochez ត្រូវគេនិរទេសចេញពីប្រទេសសិង្ហបុរី ក្រសួងទទួលព័ត៌មានថា Brochez នៅតែជាផ្នែកមួយនៅក្នុងកំណត់ត្រានេះ។ ព័ត៌មាននេះហាក់ដូចជាមិនបានបង្ហាញជាសាធារណៈទេ។ ក្រសួងសុខាភិបាលដាក់របាយការណ៍ប៉ូលិសមួយទៀតហើទាក់ទងបុគ្គលដែលរងផលប៉ះពាល់។ នៅថ្ងៃទី 22 ខែមករាឆ្នាំនេះ MOH ត្រូវប៉ូលិសជូនដំណឹងថា លោក Brochez ប្រហែលជានៅតែមានព័ត៌មានបន្ថែមពីបញ្ជីឈ្មោះអ្នកផ្ទុកមេរោគអេដស៍ ហើយទម្លាយវាតាមអ៊ីនធឺណិត។

ក្រសួងបញ្ជាក់ថា ព័ត៌មានដែលលេចធ្លាយនេះត្រូវគ្នានឹងកំណត់ត្រាបញ្ជីឈ្មោះរបស់ខ្លួនរហូតដល់ខែមករាឆ្នាំ 2013 ។ ក្រសួងសុខាភិបាលនិយាយថា ខ្លួនធ្វើការជាមួយ “ភាគីពាក់ព័ន្ធ” ដើម្បីបិទការចូលប្រើព័ត៌មានទាំងនេះ។

លោក Chan មានប្រសាសន៍ថា ក្រសួងសុខាភិបាលមិនធ្វើឱ្យសាធារណជនដឹងជាមុនថាលោក Brochez មានទិន្នន័យនោះទេព្រោះការពិចារណាសំខាន់បំផុតគឺថា តើវាស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋនិងសុខុមាលភាពរបស់ពួកគេដែរឬទេ?

លោកនិយាយថា “ក្នុងករណីដែលព័ត៌មានមានកាន់តែច្រើនយើងនឹងយកវិធីសាស្រ្តអភិរក្សមួយបន្ថែមទៀតដែលយើងដឹងថាមនុស្សនៅក្នុងបញ្ជីឈ្មោះនេះនឹងមានការព្រួយបារម្ភអំពីការប្រកាសជាសាធារណៈ” ។

MOH និយាយថា ចាប់តាំងពីឆ្នាំ 2016 ការការពារសុវត្ថិភាពថ្មីប្រឆាំងនឹងការរក្សាពត៌មានមិនត្រឹមត្រូវដោយបុគ្គលិកដែលមានការអនុញ្ញាតត្រូវគេដាក់ឱ្យអនុវត្តផងដែរ។ ដំណើរការអនុម័តពីមនុស្សពីរនាក់ដើម្បីទាញយក និងឌីគ្រីបព័ត៌មានត្រូវអនុវត្តដើម្បីធានាថាទិន្នន័យមិនអាចត្រូវបានប្រើប្រាស់ដោយមនុស្សតែម្នាក់នោះទេ។ ស្ថានីយការងារដែលត្រូវកំណត់ជាពិសេស និងចាក់សោរដើម្បីទប់ស្កាត់ការដកយកព័ត៌មានដោយគ្មានការអនុញ្ញាតត្រូវកំណត់សម្រាប់ដំណើរការព័ត៌មានរសើបពីការបញ្ជីទិន្នន័យមេរោគអេដស៍។

ការប្រើប្រាស់ឧបករណ៍ផ្ទុកទិន្នន័យចល័តដែលគ្មានការអនុញ្ញាតនៅលើកុំព្យូទ័រក៏ត្រូវបិទដោយក្រសួងសុខាភិបាលនៅឆ្នាំ 2017 ជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលទាំងមូល៕

Exit mobile version