នាពេលថ្មីៗនេះ ក្រុមការងារវេបសាយ SecuDemy បានទទួលព័ត៌មានមួយពីអ្នកប្រើប្រាស់អំពី Facebook Page មួយដែលបន្លំតាំងខ្លួនជាតំណាងក្រុមហ៊ុនហ្វេសប៊ុក ហើយធ្វើការព្រមានឲ្យអ្នកបញ្ចូលព័ត៌មានរបស់អ្នកសារជាថ្មី បើមិនអញ្ជឹងទេអ្នកនឹងប្រឈមមុខនឹងការប្លុក ពីក្រុមហ៊ុនហ្វេសប៊ុក។
នេះគឺជាបច្ចេកទេសថ្មីមួយទៀតរបស់ឧក្រិដ្ឋជន ដែលមានបំណងលួចយកព័ត៌មានអំពីគណនីហ្វេសប៊ុក (អីុម៉ែល និងពាក្យសម្ងាត់) ក្នុងគោលបំណងបម្រើផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនណាមួយ ហើយគួរឲ្យកត់សំគាល់ផងដែរនោះ គឺភាគច្រើនសុទ្ធតែជាទំព័រហេ្វសប៊ុកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មានអ្នកប្រើប្រាស់ជាច្រើនបានធ្លាក់ទៅនឹងអន្ទាក់របស់ក្រុមឧក្រិដ្ឋជននេះរួចទៅហើយ ហើយប្រហែលជាមានអ្នកប្រើប្រាស់ផ្សេងទៀតអាចនឹងរងគ្រោះនាពេលខាងមុខដែរ។
>> ស្វែងយល់បន្ថែមពី Phishing Attack <<
ទំព័រដែលបន្លំខ្លួននោះមានអស័យដ្ឋាន https://www.facebook.com/Security-Page-923225081155120/ ហើយដែលមានរូបភាពដូចខាងក្រោម៖
ភេជហ្វេសប៊ុកមួយនេះនឹងធ្វើការ share នូវទំព័រហ្វេសប៊ុករបស់អ្នក (ជាពិេសសគឺទំព័រណាដែលផ្សព្វផ្សាយពាណិជ្ជកម្មជាមួយហ្វេសប៊ុក) ដែលមានខ្លឹមសារដូចខាងក្រោម៖
ដូចដែលអ្នកឃើញនៅក្នុងសារខាងលើ គឺភ្ជាប់មកជាមួយនូវបញ្ជប់ (link) – https://www.facebook.com/permalink.php?story_fbid=923226201155008&id=923225081155120 – មួយសម្រាប់ឲ្យម្ចាស់ភេជហ្វេសប៊ុកធ្វើការចុច ហើយធ្វើតាមការណែនាំដើម្បីជៀសវាងការប្លុកពីហ្វេសប៊ុក។
ពេលដែលអ្នកចុចទៅលើបញ្ជប់នោះ អ្នកនឹងឃើញនូវទំព័រខាងក្រោម៖
នៅក្នុងរូបភាពខាងលើនេះ គឺហាក់ដូចជាបង្ហាញការព្រមានកាន់តែខ្លាំង ដែលធ្វើឲ្យម្ចាស់ភេជកាន់តែមានអន្ទះសារ និងព្រួយបារម្ភអំពីគណនីហ្វេសប៊ុកភេជរបស់ខ្លួន (ដែលបានចំណាយលុយរាប់ពាន់ដុល្លា ហើយត្រូវបិទនាពេលខាងមុខ)។ នៅក្នុងនោះមានភ្ជាប់មកនូវបញ្ជប់ (link) – http://tinyurl.com/z9khvnl – ដែលចុចទៅនឹងទៅដល់ភេជដូចខាងក្រោម៖
មកដល់ដំណាក់កាលខាងលើនេះ អ្នកប្រើប្រាស់ដែលមានការព្រួយបារម្ភនោះ នឹងប្រាកដជាវាយបញ្ចូលអីុមែ៉ល និងពាក្យសម្ងាត់ (ហ្វេសប៊ុក) របស់ខ្លួន ហើយដែលត្រូវបានលួចបានដោយឧក្រិដ្ឋជនមិនខាន។
ផលវិបាកនៃការបញ្ហានេះ
– អ្នកប្រើប្រាស់នឹងអាចបាត់បង់ការគ្រប់គ្រងហ្វេសប៊ុកភេជរបស់ខ្លួនទាំងស្រុង
– ឧក្រិដ្ឋជនអាចបន្លំចូលទៅក្នុងទំព័រហ្វេសប៊ុករបស់អ្នក ហើយប្រើប្រាស់គណនីធនាគាររបស់អ្នក (credit or debit card) ឬនិយាយសាមញ្ញនោះ គឺប្រើប្រាស់លុយរបស់អ្នក ដើម្បីធ្វើ Ads របស់គេ
សូមអ្នកទាំងអស់គ្នា មានការប្រុងប្រយ័ត្នខ្ពស់ហើយកុំធ្លាក់ទៅក្នុងអន្ទាក់ឲ្យសោះ។ រហូតមកដល់ម៉ោង ១៦:៣០នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ ហ្វេសប៊ុកភេជបោកប្រាស់មួយនេះនៅដំណើរការនៅឡើយទេ។
ខាងក្រោមនេះគឺជាភេជមួយចំនួនដែលត្រូវបាន share ដោយភេជខាងលើ៖
សូមបន្តចែករំលែក ៕