1. Satellite transponder ឧបករណ៍ផ្សាយតបនៃផ្កាយរណប
– ឧបករណ៍ផ្សាយតប transponder គឺជាប្រព័ន្ធកូន subsystem មួយដែលមិនអាចខ្វះបាននៅលើផ្កាយរណប (space segment subsystems) មួយ។
– ផ្កាយរណបមួយមានផ្ទុកកាណាល់ channels ច្រើន, ពោលគឺមាន transponders ច្រើនដែលនឹងផ្តល់គំលាតបង់ព្រមទាំងអានុភាពលើបណ្តាប្រេកង់វិទ្យុដែលបានជ្រើសរើសទុកជាមុន។ Transponder បំពេញមុខងារទាំងឡាយនៃឧបករណ៍ផ្សាយផងនិងឧបករណ៍ទទួលផងនៅក្នុងផ្កាយរណបមួយ។ ហេតុនេះ ពាក្យថា transponder បានមកពីការរួមគ្នារវាងតួរអក្សរ trans និង ponder, trans បានមកពីពាក្យថា transmitter (ផ្សាយ) រឺឯពាក្យថា ponder បានមកពីពាក្យថា responder (តប)។
– គំលាតបង់និងអានុភាពផ្សាយនៃ transponder នឹងតម្រូវថាតើពត៌មានច្រើនប៉ុន្មានដែលអាចនឹងត្រូវបានបញ្ជូនតាមរយះ transponder នេះហើយតើឧបករណ៍នៅលើដី (ground equipment) ធំប៉ុន្មានចាំបាច់ត្រូវមានដើម្បីទទួលបានស៊ីញ៉ាល់នេះ។
– Transponder equivalent (TPE) ត្រូវបានប្រើសំដៅដល់ចំនួន transponder សមមូលដែលត្រូវគ្នានឹងគំលាតបង់សរុបជាក់លាក់មួយប្រសិនគេប្រើគំលាតបង់ទំហំ 36 MHz ក្នុងមួយ transponder។ ឧទាហរណ៍ ផ្កាយរណប ARSAT-1 មាន 24 transponders (12+8+4) នៃបង់ Ku: 12 transponders ប្រើគំលាតបង់ 36 MHz, 8 transponders ប្រើគំលាតបង់ 54 MHz, និង 4 transponders ប្រើគំលាតបង់ 72 MHz, ដូច្នេះគំលាតបង់សរុបទាំងអស់ 1152 MHz ត្រូវគ្នានឹងចំនួន transponder សមមូល 32 TPE (គឺ 1152 MHz ចែកអោយ 36 MHz)។
– ជាមូលដ្ឋាន មាន transponders ពីរប្រភេទ: ប្រភេទ Bent pipe transponders និង Regenerative transponders
-ឧបករណ៍ផ្សាយតបប្រភេទ Bent pipe transponder គឺជា transponder ដ៏សាមញ្ញមួយ រឺជា repeater (ពង្រីកនិងផ្សាយបន្តរ) មួយដោយគ្រាន់តែពង្រីកអានុភាពស៊ីញ៉ាល់ដែលទទួលបាននៅលើផ្កាយរណបហើយធ្វើការបំលែងប្រេកង់ពីទិសទទួល (uplink) ទៅជាប្រេកង់ទិសផ្សាយ (downlink) ដើម្បីបញ្ជូនឆ្ពោះទៅកាន់ស្ថានីយលើដីវិញ។ជាទូទៅ, ប្រេកង់ដែលត្រូវបានប្រើសំរាប់ earth to space uplink ខ្ពស់ជាងប្រេកង់សំរាប់ space to earth downlink ក្នុងក្របខ័ណ្ឌបង់ជាក់លាក់មួយ។ (Bent pipe: បំពង់កោង, ដូចជាបំពង់ទឹកដែលប្តូរទិសទឹកកំពុងហូរអោយប្តូរទៅទិសផ្សេងអាស្រ័យលើកំនោងរបស់វា)។
– ឧបករណ៍ផ្សាយតបប្រភេទ regenerative transponder រឺ processing transponderត្រូវបានប្រើនៅលើផ្កាយរណបសម័យទំនើប។ ក្រៅពីបំពេញមុខងារទាំងឡាយដូច bent pipe transponder (ពង្រីកអានុភាព, បំលែងប្រេកង់…) វានឹងធ្វើដំនើរការបំលែងស៊ីញ៉ាល់ (signal processing) ទាំងឡាយ ដូចជា demodulation រលកនាំ RF ទៅបង់ដើម baseband វិញ, demultiplexing, decoded, re-encoded, ធ្វើ modulate ស៊ីញ៉ាល់ឡើងវិញ និង baseband switches ជាដើមត្រូវបានធ្វើឡើងនៅលើផ្កាយរណបផ្ទាល់តែម្តង (on-board processing, OBP និង on-board switching, OBS)។
2. High Power Amplifier ឧបករណ៍ពង្រីកអានុភាពខ្ពស់
– ធាតុផ្សំសំខាន់បំផុតមួយនៃឧបករណ៍ផ្សាយនៃស្ថានីយលើដីនិងលើផ្កាយរណប (spacecraft transponder) គឺ ឧបករណ៍ពង្រីកអានុភាពខ្ពស់ high power amplifier (HPA)។ ជាធម្មតាមុនពេលស៊ីញ៉ាល់ RF ទៅដល់ HPA, ឧបករណ៍ preamplifier នឹងរុញស៊ីញ៉ាល់ឡើងដល់កំរិតត្រឹមត្រូវមួយអោយច្រកចូល HPA ដែលយើងអាចហៅឧបករណ៍ទាំងពីរនេះរួមគ្នាថាជាប្រព័ន្ធកូន HPA subsystem។
– មានឧបករណ៍ HPA បីប្រភេទ: ប្រភេទជា klystron power amplifier (KPA), traveling wave tube amplifier (TWTA), និង solid state power amplifier(SSPA)។ ឧបករណ៍ពង្រីកអានុភាពTWTA និង SSPA ត្រូវបានប្រើយ៉ាងទូលំទូលាយសំរាប់ស្ថានីយលើដីនិងលើផ្កាយរណប។
– KPA និង TWTA សម្រេចបានការពង្រីកអានុភាពតាមរយះការបំលែងលំហូនៃអេឡិចត្រុងកាត់តាមបំពង់សុញ្ញាកាស vacuum tube មួយ (ប្រើរន្ទាអេឡិចត្រុង) ។ TWTA ជាធម្មតាត្រូវបានយកមកប្រើនៅពេលតម្រូវអោយមានកំរិតអានុភាពផ្សាយចេញខ្ពស់ ហើយជាចំបងត្រូវបានប្រើនៅក្នុង Bent Pipe Transponders ។
– ឧបករណ៍ពង្រីកអានុភាពខ្ពស់ប្រភេទ solid state power amplifiers ប្រើត្រង់ស៊ីស្ទ័រ FETs (field effect transistors) សឺម៉ីកុងឌុចទ័រ (ដូចជា gallium arsenide, GaAs) ដែលត្រូវបានដាក់អោយបំពេញមុខងារតាមរយះការប្រើបច្ចេកទេស power combining techniques។ វាត្រូវបានប្រើសំរាប់តម្រូវការអានុភាពទាបនិងមធ្យម (low and medium power applications)។
3. Low Noise Amplifier ឧបករណ៍ពង្រីកអានុភាពមានស៊ីញ៉ាល់រំខានទាប
– ក្នុងប្រព័ន្ធបញ្ជូនពត៌មាន ជាទូទៅស៊ីញ៉ាល់ដែលទទួលបានមានអានុភាពខ្សោយខ្លាំងណាស់ដែលតម្រូវអោយមានការពង្រីកអានុភាពស៊ីញ៉ាល់មុនពេលដែលពត៌មានអាចត្រូវបានដកចេញពីរលកនាំដោយត្រឹមត្រូវ (demodulated)។ តែឧបករណ៍ពង្រីកអានុភាពទូទៅមិនគ្រាន់តែពង្រីកអានុភាពស៊ីញ៉ាល់ដែលចង់បាន desired signal នោះទេ ស៊ីញ៉ាល់រំខាន noise របសវាក៏ត្រូវបានបញ្ចូលផងដែរដែលជាហេតុនាំអោយរង្វាស់នៃស៊ីញ៉ាល់រំខាន Noise Figure មិនអាចទទួលយកបាន។ ដូច្នេះហើយឧបករណ៍ពង្រីកអានុភាពមានស៊ីញ៉ាល់រំខានទាប Low Noise Amplifiers (LNA) ចាំបាច់តម្រូវអោយមានដើម្បីពង្រីកស៊ីញ៉ាល់ទទួលអោយដល់កំរិតអានុភាពដែលអាចទទួលយកបានខណះដែលកាត់បន្ថយកំរិតស៊ីញ៉ាល់រំខានអោយបានច្រើនដែលអាចធ្វើទៅកើត។ នៅក្នុងគោលដៅនេះដែរ LNA ដែលប្រើបច្ចេកវិទ្យាត្រង់ស៊ីស្ទ័រត្រូវបានប្រើជាទូទៅសព្វថ្ងៃនេះ ជាអាថ៌បណ្តាប្រភេទនៃ field-effect transistor (FET) និង high electron mobility transistor (HEMT) ត្រូវបានប្រើញឹកញាប់។
-LNA ត្រូវបានប្រើក្នុងក្នុងទិសទទួលនៃផ្នែកខាងដើមនៃដំនើរការប្រេកង់វិទ្យ RF front end នៅក្នុងឧបករណ៍ទទួល (transponder) របស់ផ្កាយរណប និងនៅឯស្ថានីយលើដី។ សំរាប់ការទទួលស៊ីញ៉ាល់នៅឯស្ថានីយលើដី ជាធម្មតា LNA ត្រូវបានដាក់អោយកៀកនឹងប្រដាប់ទទួលស៊ីញ៉ាល់ feedhorn នៃអង់តែន ដើម្បីកាត់បន្ថយកំហាតបង់ដោយសារខ្សែ feedline៕
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com
ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ