មេរោគចាប់ជំរិតវាយប្រហារទៅលើក្រុមហ៊ុនផ្គត់ផ្គង់ប្រេងដ៏ធំនៅសហរដ្ឋអាមេរិក

ក្រុមហ៊ុនយក្ស Colonial Pipeline ដែលផ្គត់ផ្គង់ប្រេងប្រមាណ ៤៥ភាគរយនៅក្នុង U.S. East Coast ត្រូវបានទទួលរងការវាយប្រហារកាលពីថ្ងៃសៅរ៍ សប្តាហ៍កន្លងទៅនេះ ដោយមេរោគចាប់ជំរិត (ransomware attack) ដែលបានបង្ខំឱ្យបញ្ឈប់នូវប្រតិបត្តិការរបស់ខ្លួន។ នេះគឺបង្ហាញឱ្យយើងឃើញនូវភាពងាយរងគ្រោះដែលហេដ្ឋរចនាសម្ព័ន្ធគន្លឹះសំខាន់ៗ អាចទទួលរងដោយសារការវាយប្រហារតាមសាយប័រ។

បើតាមព័ត៌មាននៅក្នុងវេបសាយរបស់ក្រុមហ៊ុននេះបានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមហ៊ុនខ្លួនបានក្លាយជាជនរងគ្រោះដោយសារការវាយប្រហារតាមសាយប័រ ដែលពាក់ព័ន្ធទៅនឹងមេរោគចាប់ជំរិត។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមហ៊ុនបានបិទដំណើរការទៅលើប្រព័ន្ធមួយចំនួន ​(put offline) ដែលជាហេតុធ្វើឱ្យមានការបញ្ឈប់ដំណើរការជាបណ្តោះអាសន្ន។

ក្រុមឆ្លើយតបបញ្ហាបន្ទាន់នៃក្រុមហ៊ុន ​FireEye’s Mandiant បាននិយាយថា ខ្លួនបានជួយធ្វើការស៊ើបអង្កេតអំពីបញ្ហានេះ ហើយបានឱ្យដឹងថា មេរោគចាប់ជំរិតនេះពាក់ព័ន្ធទៅនឹងស្រឡាយមេរោគឈ្មោះថា DarkSide – នេះបើតាមរបាយការណ៍ពី Bloomberg និង The Wall Street

តាមការវិភាគទៅលើមេរោគចាប់ជំរិតនេះ ដែលចេញផ្សាយដោយ Cybereason កាលពីដើមខែមេសា ២០២១ បានឱ្យដឹងថា DarkSide ត្រូវបានប្រើប្រាស់វាយប្រហារទៅលើប្រទេសដែលនិយាយភាសាអង់គ្លេស។

នាពេលថ្មីៗនេះ អ្នកគ្រប់គ្រងទៅលើមេរោគចាប់ជំរិតបានធ្វើការផ្លាស់ប្តូរបច្ចេកទេសទៅជារបៀបផ្តល់ជាសេវាកម្មវិញ។ ក្នុងករណីនេះ អ្នកអភិវឌ្ឍន៍មេរោគនេះទទួលបានផលប្រយោជន៍ជាសាច់ប្រាក់ក្នុងការថែទាំមេរោគ ដែលអ្នកចែកចាយមេរោគអាចជួលមេរោគនេះទៅធ្វើការចំលង ឬវាយលុកទៅកាន់ជនរងគ្រោះ។

DarkSide ត្រូវបានដំណើការក្នុងខែសីហា ឆ្នាំ២០២០ ហើយបានបញ្ចេញទិន្នន័យដែលលួចបានពីជនគ្រោះច្រើនជាង ៤០អង្គភាពមកទល់សព្វថ្ងៃនេះ។ មិនទាន់មានព័ត៌មានច្បាស់លាស់នូវឡើយទេថា អ្នកវាយប្រហារបានទាមទារប្រាក់លោះប៉ុន្មាននោះទេ ឬក៏ក្រុមហ៊ុន Colonial Pipeline បានបង់ប៉ុន្មាននោះដែរ៕

Exit mobile version