កាលពីថ្ងៃសៅរ៍កន្លងទៅនេះ កម្មវិធីបម្រើសេវាកម្ម កក់តុសម្រាប់ភោជនីយដ្ឋាន Eatigo ដែលមានទីតាំងនៅប្រទេសថៃ និងសិង្ហបុរីបានធ្វើការជូនដំណឹងទៅអតិថិជនខ្លួនតាមរយៈអុីមែល ដោយបញ្ជាក់អំពីបញ្ហាដែលពាក់ព័ន្ធនឹងការចូលទាញយកទិន្នន័យអតិថិជនដោយគ្មានការអនុញ្ញាត បន្ទាប់ពីទិន្នន័យទាំងនោះត្រូវបានបង្ហោះលក់នៅតាមបណ្តាគេហទំព័រមួយចំនួន។ ទិន្នន័យដែលបានដាក់លក់ទាំងនោះមានចំនួនប្រមាណជាង ២,៨លានគណនី ហើយភាគច្រើនជាទិន្នន័យមកពីអតិថិជននៅក្នុងប្រទេសសិង្ហបុរី ហុងកុង និងប្រទេសថៃ។
ក្រុមហ៊ុន Eatigo ក៏បានបញ្ជាក់បន្ថែមទៀតថា ទិន្នន័យដែលបានលួចយកទៅលក់ទាំងនោះមានដូចជា ឈ្មោះអតិថិជន អាសយដ្ឋានអុីមែល និងលេខទូរសព្ទ គឺបានកើតឡើងតាំងពីជាង១៨ខែមុនមកហើយ ដោយឡែកលេខសម្ងាត់គណនីរបស់អ្នកប្រើប្រាស់គឺមិនមានផលប៉ះពាល់អ្វីទេ ប៉ុន្តែក្រុមហ៊ុនបានជំរុញឱ្យអ្នកប្រើប្រាស់ទាំងអស់ធ្វើការប្តូរលេខសម្ងាត់ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។ ចំពោះទិន្នន័យទាក់ទងនឹងក្រេឌីតកាតក៏មិនមានការប៉ះពាល់ដែរ ដោយសារក្រុមហ៊ុនមិនបានរក្សាទុកព័ត៌មានទាំងនោះនៅលើប្រព័ន្ធកុំព្យូទ័ររបស់ពួកគេឡើយ។
ករណីខាងលើនេះគឺជាឧទាហរណ៍ដ៏ល្អមួយដែលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែបានធ្វើការផ្សព្វផ្សាយ និងណែនាំឱ្យលោកអ្នកមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណាមួយមកប្រើ ព្រមទាំងសូមឱ្យមានការប្រុងប្រយ័ត្នមុនពេលបញ្ចូលទិន្នន័យទាក់ទងនឹងធនាគារទៅក្នុងកម្មវិធីទាំងនោះ។ អ្វីដែលសំខាន់គឺលោកអ្នកគួរតែស្វែងយល់ថាតើក្រុមហ៊ុនដែលបង្កើតកម្មវិធី គឺជាក្រុមហ៊ុន ធំ ល្បី ដែលបានចំណាយថវិកានិងពេលវេលាដើម្បីបង្កើតប្រព័ន្ធការពារសុវត្ថិភាពទិន្នន័យរបស់លោកអ្នក ហើយវាមិនមែនជាក្រុមហ៊ុនដែលបង្កើតកម្មវិធីសម្រាប់តែរកប្រាក់ចំណេញក្នុងរយៈពេលខ្លីនោះទេ៕
ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280