ក្រុមហ៊ុនយក្សរបស់ជប៉ុនដែលយើងស្គាល់គ្រប់ៗគ្នា Panasonic បានទទួលរងគ្រោះដោយការវាយប្រហារលួចយកទិន្នន័យ បន្ទាប់ចោរព័ត៌មានវិទ្យាបានអាក់េសសចូលទៅក្នុងម៉ាស៊ីនមេនៅក្នុងបណ្តាញរបស់ខ្លួននាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ – នេះបើតាមការជូនដំណឹងរបស់ក្រុមហ៊ុនកាលពីថ្ងៃសុក្រសប្តាហ៍មុន។
បន្ទាប់ពីបានធ្វើការស៊ើបអង្កេតផ្ទៃក្នុងរួចមក ក្រុមហ៊ុនបានធ្វើការសនិ្នដ្ឋានជាជំហានដំបូងថា មានទិន្នន័យមួយចំនួនរបស់ខ្លួននៅលើម៉ាស៊ីនមេត្រូវបានគេអាក់េសស។
ក្រុមហ៊ុន Panasonic បានរាយការណ៍អំពីឧប្បទេវហេតុនេះទៅកាន់អាជ្ញាធរពាក់ព័ន្ធ និងបានដាក់ចេញវិធានការណ៍នានាដើម្បីរារាំងការអាក់េសសទៅកាន់ម៉ាស៊ីនមេរបស់ខ្លួនរួចរាល់ផងដែរ។ ក្រុមហ៊ុនក៏បានជួលអ្នកជំនាញការផ្នែកនេះមកជួយធ្វើការស៊ើបអង្កេត ដើម្បីរកមើលថាតើមានទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន (customer personal information) ឬព័ត៌មានសំខាន់ៗផ្សេងៗ ត្រូវបានលួចឬទេ។
ក្នុងការជូនដំណឹងរបស់ក្រុមហ៊ុននេះ មិនបានរួមបញ្ចូលនូវព័ត៌មានលំអិតពាក់ព័ន្ធទៅនឹងពេលវេលានៃការវាយប្រហារឡើយ។ ក៏ប៉ុន្តែ មានអង្គភាពព័ត៌មានមួយចំនួនដូចជា Mainichi និង NHK បាននិយាយថា ចោរព័ត៌មានវិទ្យាបានអាក់េសសទៅកាន់ម៉ាស៊ីនមេរបស់ក្រុមហ៊ុន Panasonic រវាងខែមិថុនាដល់ខែវិច្ឆិកា ដូចទៅនឹងការរាយការណ៍ដំបូងដោយក្រុមហ៊ុន The Record ៕