កម្មវិធី៥ ដែលជួយអ្នកផ្នែកឯកជនភាព និងការពារអត្តសញ្ញាណ

កម្មវិធីប្រភពកូដបើកចំហរ (open-source) មានអត្ថប្រយោជន៍សំខាន់មួយលើកម្មវិធី close-source គឺកូដត្រូវបានបង្ហាញជាសាធារណៈ ហើយអាចត្រូវបានត្រួតពិនិត្យដោយនរណាម្នាក់ក៏បាន ដែលធ្វើឱ្យមានបញ្ហាតិចតួចបំផុតដែលអាចមានបង្កប់មេរោគនៅក្នុងកូដ ​(backdoor)។

ខាងក្រោម នេះគឺជាគម្រោងសន្តិសុខប្រភពកូដចំហរចំនួន០៥ ដែលលើកកម្ពស់ភាពឯកជនតាមអុិនធឺណិត (internet privacy)។

1. OpenVPN

រូបភាពពីវេបសាយ OpenVPN

OpenVPN គឺជា ​VPN-Protocol ប្រភេទកូដបើកចំហរ ដែលអនុញ្ញាតឱ្យមានការដំណើរការ point-to-point ដោយឥតគិតថ្លៃ។ នៅពេលដែលមនុស្សជាច្រើនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុវត្ថិភាព និងភាពឯកជនតាមអុិនធឺណិតនោះ  VPNs កំពុងក្លាយជាកម្មវិធីដ៏សំខាន់មួយសម្រាប់ការរុករកព័ត៌មាននៅលើអុិនធឺណិត។ OpenVPN បន្តទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវាជាប្រភេទ open-source និងឥតគិតថ្លៃ។

https://www.youtube.com/watch?v=40wB0Yfo80w

ទោះយ៉ាងណាក៏ដោយ ការប្រើប្រាស់ OpenVPN តម្រូវឱ្យមានចំណេះដឹងផ្នែកបច្ចេកទេសមួយចំនួនទាក់ទងនឹង VPN ដូច្នេះអ្នកដែលមិនមានចំណេះដឹងមូលដ្ឋានប្រហែលជាពិបាកបន្តិច។ វិធីល្អបំផុតក្នុងការប្រើប្រាស់ OpenVPN គឺតាមរយៈក្រុមហ៊ុនដែលបម្រើសេវាកម្ម VPN ។ អ្នកអាចជ្រើសរើសយក OpenVPN យ៉ាងងាយស្រួលនៅពេលដែលអ្នកបានចុះឈ្មោះប្រើសេវាកម្ម VPN ឈានមុខគេហើយតំឡើងវានៅលើឧបករណ៍របស់អ្នក។ ត្រូវប្រាកដថា អ្នកបានពិនិត្យធ្វើការប្រៀបធៀបសេវាកម្ម VPN ផ្សេងៗ ដើម្បីស្វែងរកមួយដែលសមស្របបំផុតសម្រាប់តម្រូវការ និងថវិការបស់អ្នក។

2. Tor

រូបភាពពីវេបសាយ TOR

Tor (The Onion Router) គឺជាមធ្យោបាយឈានមុខគេ និងគួរឱ្យទុកចិត្តបំផុត ក្នុងការចូលទៅកាន់អុិនធឺណិត ដោយគ្មាននរណាម្នាក់តាមដាននៅលើអនឡាញ ។ ចរាចរទិន្នន័យរបស់អ្នកត្រូវបានធ្វើដំណើរឆ្លងកាត់ស្រទាប់ជាច្រើន ដែលធ្វើឱ្យវាមានការលំបាកសម្រាប់នរណាម្នាក់ក្នុងការតាមដាន ​(trace) អត្តសញ្ញាណរបស់អ្នក។

កម្មវិធីមួយនេះ អនុញ្ញាតឱ្យអ្នកចូលមើលវេបសាយធម្មតា និងវេបសាយដែលបញ្ចប់ដោយ “.onion” ដោយអនាមិកភាព។ អ្នកប្រើប្រាស់ Tor រួមមានអ្នកសារព័ត៌មាន ភ្នាក់ងារពង្រឹងច្បាប់ សកម្មជន អ្នកបញ្ចេញព័ត៌មាន ​(whistle-blowers) នាយកប្រតិបត្តិអាជីវកម្ម អ្នកសរសេរប្លុក និងមនុស្សធម្មតាដែលមានការព្រួយបារម្ភពីឯកជនរបស់ខ្លួនតាមអុិនធឺណិត។

3. PGP/GPG

រូបភាពវេបសាយ GnuPG

ឧបសគ្គធំមួយនៅក្នុងចំណោមឧបសគ្គជាច្រើនដែលសហគមន៍ intelligence ប្រឈមមុខ គឺប្រព័ន្ធអុីម៉ែលដែលមិនអាចបំបែកបាន។ ចេញផ្សាយដំបូងក្នុងឆ្នាំ ១៩៩១, “Pretty Good Privacy” (PGP) គឺជាកូនកម្មវិធី ​(tool) ឯកជនដ៏ពេញនិយមមួយក្នុងចំណោមអ្នកប្រើប្រាស់អុិនធឺណិតពីព្រោះវាមិនទាន់ត្រូវបានគេបំបែកនៅឡើយទេ។ PGP ជំនាន់ទំនើបមាននៅលើ Gnu Privacy Guard (GPG) ដែលជាកម្មវិធីដែលងាយស្រួលប្រើប្រាស់ជាងការចាប់កំណើតដំបូងរបស់ PGP ។

GPG គឺដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការសំខាន់ៗទាំងអស់រួមទាំង Windows, Mac និង លីនុច (Linux) ។ ទោះបីជាក្រុមហ៊ុន Symantec បានទិញ PGP ក៏ដោយ ក៏ GPG នៅតែជាកម្មវិធីសុវត្ថិភាពកូដបើកចំហរ ដែលមនុស្សជាច្រើននៅក្នុងសហគមន៍សន្តិសុខគាំទ្រ។

គុណសម្បត្តិចម្បងមួយរបស់ឧបករណ៍នេះគឺអ្នកអាចដាក់ឱ្យវាដំណើរការដោយផ្ទាល់ទៅក្នុងប្រព័ន្ធអុីម៉ែលតែម្តង។

4. OpenDNS

គោលបំណងរបស់ OpenDNS ដែលជាគម្រោងសន្តិសុខប្រភពកូដចំហរគឺដើម្បីលើកកម្ពស់សុវត្ថិភាពនៃការភ្ជាប់អុិនធឺណិត ដោយមិនមានការប៉ះពាល់ដល់ល្បឿន និងភាពអាចជឿជាក់បាន។ OpenDNS ក៏មានគោលបំណងការពារប្រឆាំងនឹង botnets និងមេរោគ (malware) ផងដែរដោយធ្វើការច្រោះចរាចរទិន្នន័យសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅផ្ទះនោះ។ វាធ្វើបែបនេះដោយរារាំងការចូលទៅកាន់វេបសាយ ដែលមានគ្រោះថ្នាក់ជាច្រើននោះ។ ដូចគម្រោងប្រភពកូដចំហរផ្សេងទៀត OpenDNS គឺមិនគិតថ្លៃនោះទេ។

រូបភាពពីវេបសាយ OpenDNS

5. Tails OS

រូបភាពពីវេបសាយ ​Tail OS

ប្រព័ន្ធប្រតិបត្តិការ Tail OS ដែលជាប្រព័ន្ធប្រតិបត្តិការលីនុចបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន បន្ទាប់ពីវាទទួលបាននូវការវាយតម្លៃ ដោយ Edward Snowden ដែលជាអ្នកបញ្ចេញព័ត៌មានសំងាត់ដ៏ល្បីឈ្មោះរបស់អាមេរិក ដែលលេចធ្លាយព័ត៌មាន NSA ។ 

Tails OS ត្រូវបានគេចាត់ទុកថាជាដំណោះស្រាយពហុមុខងារសម្រាប់អ្នកប្រើប្រាស់ ដែលកំពុងស្វែងរកប្រព័ន្ធប្រតិបត្តិការ ដែលមិនអាចធ្វើការតាមដានបាន ​(untraceable) ព្រោះវាដំណើរការពី read-only DVD  ឬ  USB drive៕

ទាញយកកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូន (AppleAndroid) ឬក៏ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram Channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីអំពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

Download our iOS App or Android App or subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

Exit mobile version