កាលពីថ្ងៃទី១៩ ខែឧសភា Signal បានប្រកាសពីមុខងារថ្មីមួយដែលមានឈ្មោះថា Signal PIN។ Signal PIN តម្រូវឱ្យអ្នកប្រើប្រាស់បង្កើតលេខកូដសម្ងាត់៤ខ្ទង់ ឬវែងជាងនេះ ដែលលេខកូដនេះ នឹងធ្វើការចាក់សោរ (Encrypt) ព័ត៌មានសំខាន់ៗមួយចំនួនដូចជា Profile (លេខទូរស័ព្ទ ឈ្មោះ និងរូបតាំង) ការកំណត់ផ្សេងៗ (Settings) និងទិន្នន័យអំពីមនុស្សដែលអ្នកធ្លាប់បានប្លុក (Block List) ហើយរក្សាទុកនៅលើ Sever របស់ Signal។
ជារួមមុខងារនេះជួយឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការផ្ទេរព័ត៌មាន នៅពេលដែលពួកគេប្តូរទូរស័ព្ទថ្មី និងជួយការពារគណនី Signal របស់អ្នកឱ្យមានសុវត្ថិភាពជាងមុន។
ហេតុអ្វីបានជា Signal ដាក់មុខងារនេះឱ្យប្រើប្រាស់?
Signal កំពុងដាក់ឱ្យប្រើប្រាស់ Signal PIN នៅក្នុងកម្មវិធីកំណែចុងក្រោយរបស់ខ្លួន។ Signal PIN គឺផ្អែកទៅលើ Secure Value Recovery ដែលត្រូវបានពិនិត្យមើលនៅក្នុងខែធ្នូឆ្នាំ២០១៩ ដើម្បីបើកអោយមុខងាររក្សាទុកទិន្នន័យរបស់អ្នកដូចជា Profile ការកំណត់លើ Setting អ្នកដែលអ្នកបានប្លុកចោល អាចហៅមកវិញដោយសុវត្ថិភាពនៅពេលដែលអ្នកបាត់ ឬប្តូរទូរស័ព្ទ។ PIN នឹងជួយសម្រួលមុខងារថ្មីផងដែរ ដោយមិនអាស្រ័យទាំងស្រុងនៅលើលេខទូរស័ព្ទដូចមុននោះទេ ដោយសារមុខងាររក្សាលេខទូរស័ព្ធនេះ (System Address Book) នឹងលែងជាមធ្យោបាយនៅក្នុងការរក្សាបណ្តាញទំនាក់ទំនងរបស់អ្នកទៀតហើយ។
ប្រសិនបើអ្នកបាត់ទូរស័ព្ទ ឬផ្លាស់ប្តូរទូរស័ព្ទ អ្នកក៏ត្រូវទាញយក តម្លើង និងចុះឈ្មោះប្រើ Signal ជាមួយលេខទូរស័ព្ទដដែល ដែលធ្លាប់យកទៅចុះឈ្មោះប្រើ Signal ពីមុនម្តងទៀត។ ការប្រើប្រាស់នៅលើទូស័ព្ទថ្មីនេះគឺអ្នកត្រូវបញ្ចូល និងកំណត់ថ្មីទាំងអស់ ដូចជាដាក់ Profile ថ្មី ជ្រើសរើសរូបតាំងម្តងទៀត ដាក់ឈ្មោះម្តងទៀត និងការកំណត់មុខងារផ្សេងៗទៀតនៅក្នុង Setting។
Signal យល់ថា ព័ត៌មាន និងទិន្នន័យទាំងនោះក៏មានសារសំខាន់ដែរ ដូច្នេះ Signal បានបង្កើតមុខងារ Signal PIN ថ្មីនេះឡើង ដែលតម្រូវឱ្យអ្នកប្រើប្រាស់ដាក់លេខកូដ (PIN) យ៉ាងតិច៤ខ្ទង់ដើម្បីចាក់សោទិន្នន័យទាំងនោះ និងធ្វើការរក្សាទុកនៅលើ Server របស់ Signal។ នៅពេលដែលអ្នកតម្លើង Signal នៅលើទូរស័ព្ទថ្មី ជាមួយលេខទូរស័ព្ទដែលធ្លាប់ប្រើ Signal ពីមុន នោះអ្នកនឹងមិនចាំបាច់ បំពេញព័ត៌មាន និងធ្វើការកំណត់ថ្មីម្តងទៀតទេ អ្នកនឹងទទួលបានព័ត៌មាន និងការកំណត់ដូចពីមុនឡើងវិញដែលគ្រាន់តែតម្រូវឱ្យអ្នកវាយលេខកូដដែលបានដាក់នោះឱ្យបានត្រឹមត្រូវ។
លើសពីនេះ អ្នកប្រើប្រាស់ក៏អាចប្រើលេខកូដថ្មី ឬមុខងារថ្មីនេះ ដើម្បីបើកមុខងារសុវត្ថិភាពមួយទៀតដែលមានឈ្មោះថា Registration Lock។ Registration Lock គឺជាមុខងារដែលអាចបន្ថែមសុវត្ថិភាពមួយស្រទាប់ទៀតលើគណនី Signal អ្នកទាំងអស់គ្នា។ ដោយមុខងារនេះ វាជួយការពារមិនឱ្យអ្នកដទៃយកលេខទូរស័ព្ទដែលអ្នកកំពុងប្រើជាមួយ Signal ទៅចុះឈ្មោះប្រើ Signal នៅលើទូរស័ព្ទថ្មី។
ប្រសិនបើមានអ្នកផ្សេង យកលេខទូរស័ព្ទរបស់អ្នកទៅប្រើ Signal លើទូរស័ព្ទថ្មី នោះតម្រូវឱ្យអ្នកនោះ វាយលេខកូដដែលអ្នកបានដាក់ជាមួយ Signal PIN ជាមុនសិន។ បើវាយបញ្ចូលលេខកូដមិនត្រឹមត្រូវទេ ពួកគេក៏មិនអាចប្រើ Signal នៅលើទូរស័ព្ទថ្មីនោះបានដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មុខងារ Registration Lock មិនអាចការពារគណនី Signal របស់អ្នកបានជាអចិន្ត្រៃយ៍នោះទេ។ ; អ្នកផ្សេងនៅតែអាចយកលេខទូរស័ព្ទរបស់អ្នក ទៅចុះឈ្មោះប្រើ Signal នៅលើទូរស័ព្ទថ្មីបាន បន្ទាប់ពី Signal របស់អ្នក អសកម្ម ឬមិនប្រើក្នុងរយៈពេល៧ថ្ងៃ។
ក្រុមហ៊ុន Signal បានអះអាងថា ពួកគេមិនអាចចូលទៅមើល ឬប្រើព័ត៌មានដែលបានរក្សាទុកនៅលើ Server របស់ពួកគេនោះបានទេ ដូច្នេះ ប្រសិនបើអ្នកប្រើប្រាស់ភ្លេចលេខកូដសម្ងាត់ ពួកគេក៏មិនអាចជួយបង្កើតលេខកូដសម្ងាត់ថ្មីជូនវិញបានដែរ។ ក្នុងករណីនេះ ដើម្បីអាចប្រើ Signal វិញបាន អ្នកប្រើប្រាស់ត្រូវរង់ចាំរយៈពេល៧ថ្ងៃ រហូតដល់ Registration Lock ផុតកំណត់។
ដើម្បីជួយអ្នកប្រើប្រាស់ក្នុងការចងចាំលេខកូដសម្ងាត់ Signal បានដាក់មុខងាររំលឹកលេខកូដដែលតម្រូវឱ្យអ្នកប្រើប្រាស់វាយលេខកូដសម្ងាត់នោះក្នុងរយៈ១២ម៉ោង ១ថ្ងៃ ៣ថ្ងៃ ៧ថ្ងៃ និង១៤ថ្ងៃម្តង។ លេខកូដសម្ងាត់នេះមានសារៈសំខាន់ណាស់ ហើយមុខងាររំលឹកលេខកូដនេះ មិនអាចបិទបានទេ។ ប្រសិនបើអ្នកវាយលេខកូដសម្ងាត់នោះត្រូវជាញឹកញាប់ Signal នឹងមិនបង្ហាញផ្ទាំងរំលឹកលេខកូដនោះឱ្យអ្នកវាយញឹកញាប់ដែរ។
Signal បញ្ជាក់ថា Signal PIN មិនរក្សាទុកការសន្ទនាផ្សេងៗរបស់អ្នកប្រើប្រាស់ទេ ហើយនេះក៏ជាគោលការណ៍របស់កម្មវិធី Signal តាំងពីដើមមកដែរ។
របៀបបើកមុខងារ Signal PIN
ប្រសិនបើអ្នកកំពុងប្រើ Signal នៅលើទូរស័ព្ទដៃរបស់អ្នក នោះអ្នកផ្ទាំងមួយនៅលើអេក្រង់ ដែលតម្រូវឱ្យអ្នកបង្កើតលេខកូដយ៉ាងតិច៤ខ្ទង់។ ប៉ុន្តែបើអ្នកចង់បង្កើតលេខកូដដែលវែង អ្នកអាចជ្រើសរើសយក CREATE ALPHANUMERIC PIN។ ក្នុងករណីដែលអ្នកចុះឈ្មោះកម្មវិធី Signal ប្រើជាលើកដំបូង នោះ Signal នឹងតម្រូវឱ្យអ្នកបង្កើត PIN ឬលេខកូដជាមុនសិន។
របៀបបើកមុខងារ Registration Lock
ចូលទៅកាន់ Sittings > Privacy > Signal PIN > Registration Lock
ប្រភព៖
– https://signal.org/blog/signal-pins/
– https://support.signal.org/hc/en-us/articles/360007059792-Signal-PINs
– https://www.zdnet.com/article/signal-to-move-away-from-phone-numbers-as-user-ids/
– https://www.theverge.com/2020/5/20/21264971/signal-pins-security-privacy-profile-devices
– https://www.helpnetsecurity.com/2020/05/21/signal-pins/
– https://thenextweb.com/apps/2020/05/21/signal-introduces-pins-to-safely-transfer-your-data-between-devices/
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280
>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101