អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ (National Internet Gateway)

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់នូវអនុក្រឹត្យលេខ២៣ អនក្រ.បក ស្តីពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ ​(National Internet Gateway – NIG) ។

អនុក្រឹត្យនេះកំណត់អំពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ ក្នុងគោលបំណងសម្រួលនិងគ្រប់គ្រងការតភ្ជាប់ បណ្តាញអុីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធិភាពនិងសក្តិសិទ្ធិភាពនៃការកៀរគរចំណូលជាតិ ការការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ – នេះបើយោងតាមមាត្រា១ នៃអនុក្រឹត្យនេះ។

បើតាមមាត្រា២ បានបញ្ជាក់ផងដែរថា មានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញនិងប្រតិបត្តិការសេវាអុីនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា។

មាត្រា៤ នៃអនុក្រឹត្យនេះសរសេរអំពីថា ត្រូវបានបង្កើតច្រកទ្វារអុីនធឺណិតជាតិ ដើម្បីសម្រួលនិងគ្រប់គ្រងការតភ្ជាប់បណ្តាញអុីនធឺណិតក្នុងប្រទេសនិងអន្តរជាតិ។ ច្រកទ្វារអុីនធឺណិតជាតិរួមមាន ច្រកទ្វារអុីនធឺណិតក្នុងប្រទេសសម្រាប់ផ្លាស់ប្តូរទិន្នន័យអុីនធឺណិតក្នុងប្រទេស និងច្រកទ្វារអុីនធឺណិតអន្តរជាតិ សម្រាប់ផ្លាស់ប្តូរទិន្នន័យអុីនធឺណិតក្នុងប្រទេសនិងអន្តរជាតិ។ ច្រកទ្វារអុីនធឺណិតក្នុងប្រទេស និងច្រកទ្វារអុីនធឺណិតអន្តរជាតិនៃច្រកទ្វារអុីនធឺណិតជាតិ ត្រូវធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ និងក្រុងបាវិតនៃខេត្តស្វាយរៀង និងនៅទីតាំងមួយចំនួនទៀតស្របតាមតម្រូវការជាក់ស្តែង ដោយមានការឯកភាពពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរសេរកាត់ថា ក.ប.ទ.។

រូបភាព ដកស្រង់ចេញក្នុងអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ

Exit mobile version